ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋនៅឃុំស្ទឹងត្រង់ នឹងទទួលបានប្រព័ន្ធធារាសាស្ត្រ ដែលជាជំនួយឥតសំណងរបស់ជប៉ុន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 110
ប្រជាពលរដ្ឋនៅឃុំស្ទឹងត្រង់ នឹងទទួលបានប្រព័ន្ធធារាសាស្ត្រ ដែលជាជំនួយឥតសំណងរបស់ជប៉ុន ប្រជាពលរដ្ឋនៅឃុំស្ទឹងត្រង់ នឹងទទួលបានប្រព័ន្ធធារាសាស្ត្រ ដែលជាជំនួយឥតសំណងរបស់ជប៉ុន

ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ លោក ហុក សុផល អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានអញ្ជើញបើកការដ្ឋានស្ថាបនាប្រព័ន្ធធារាសាស្ត្រកូនដំរី ស្ថិតក្នុងភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្ស ជាតិ (គូសាណូនិ) តាមរយៈមន្ទីរធនធានទឹក និងឧតុ និយមខេត្ត។

លោក ហុក សុផល បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយជានិច្ចកាលលោកទាំង ២ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ហើយតាមរយៈគម្រោងស្ថាបនាសំណង់ធារាសាស្រ្តកូនដំរីនេះ គឺបានចូលរួមដោះស្រាយបញ្ហាតម្រូវការទឹករបស់បងប្អូនប្រជាពលរដ្ឋនៅភូមិកូនដំរី និងភូមិផ្ទះស្បូវ ក្នុងឃុំស្ទឹងត្រង់ សម្រាប់ប្រើ ប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការងារកសិកម្ម ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាការចូលរួមអនុវត្តនូវគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះបើទោះបីខេត្តប៉ៃលិន មិនទាន់មានករណីជំងឺកូវីដ-១៩ ចម្លងនៅក្នុងសហគមន៍នៅឡើយ តែសូមពុកម៉ែបងប្អូនមេត្តាប្រុង ប្រយ័ត្ន និងអនុវត្តឱ្យបាននូវវិធានការ ៣ការពារ, ៣កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ៖ ទី១- ពាក់ម៉ាស ទី២- លាងដៃ ទី៣- គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី ១,៥ម៉ែត្រ ឡើងទៅ) និង៣កុំ៖ ទី១- កុំចូលទៅក្នុងកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ទី២- កុំទៅកន្លែងដែលមានមនុស្សច្រើន ទី៣- កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម។

ក្នុងឱកាសនោះផងដែរ លោកហុក សុផល ក៏បានកោត សរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ដែលជាសេនា ធិការរបស់រដ្ឋបាលខេត្ត ក្នុងវិស័យធនធានទឹក និងឧតុ និយម ព្រមទាំងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីដើម ឡើយរហូតដល់បច្ចុប្បន្ន។

បើតាមរបាយការណ៍របស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានឱ្យដឹងថា៖ គម្រោងស្ថាបនាប្រព័ន្ធធារា សាស្ត្រកូនដំរីនេះគឺប្រើប្រាស់ថវិកាចំនួន ២១៧,៨៤៥ ដុល្លារ ដែលជាជំនួយឥត សំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូនិ) ដោយត្រូវស្ថាបនារួមមាន៖ ១- សាងសង់សំណង់បង្ហៀរទឹកក្នុងអូរ ០១កន្លែង មានបណ្ដោយប្រវែង ៣០ម៉ែត្រ ទទឹង ៤ ម៉ែត្រ ២-សាងសង់កូនលូប្រអប់ចែកចាយទឹក ០២ កន្លែង ៣- សាងសង់កូនប្រឡាយបេតុង ០១ខ្សែ មានបណ្ដោយប្រវែង ៤៨៦ម៉ែត្រ ទទឹង ០,៦ម៉ែត្រ កម្ពស់ ០,៧ ម៉ែត្រ ទី៤- សាងសង់ស្ថានីយបូមទឹកមួយកន្លែង ទំហំ ៤X៤ម៉ែត្រ បំពាក់នូវម៉ាស៊ីនបូមទឹក ១គ្រឿង កម្លាំង ២២សេះ មានសមត្ថភាពបូមទឹកជាមធ្យម ៣០០ ម៉ែត្រគូបក្នុងមួយម៉ោង៕

អត្ថបទទាក់ទង