ខ្មែរប៉ុស្ដិ៍ Close

លោក ហេង សំរិន អំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
លោក ហេង សំរិន អំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត លោក ហេង សំរិន អំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ លោក ហេង សំរិន ប្រធានរដ្ឋសភា អំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត​ ជាពិសេសបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» ឲ្យបានហ្មត់ចត់។

លោក ហេង សំរិន បានគូសបញ្ជាក់ថា វ៉ាក់សាំងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាមធ្យោបាយដ៏សំខាន់ដែលអាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។

លោក ហេង សំរិន បានបន្តថា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាល បានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។

លោកបានបន្ថែមទៀតថា នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាល បានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។

ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ លោក ហេង សំរិន បានធ្វើការវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច ១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។

ឆ្លៀតឱកាសនេះ លោក ហេង សំរិន ក៏នៅតែទទូចអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមទប់ស្កាត់ការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង៕

អត្ថបទទាក់ទង