ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពត ប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៥ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 39

កំពត៖ នៅព្រឹកថ្ងៃអង្គារ៍ ០២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» ប្រព្រឹត្តទៅនៅមណ្ឌលកីឡាដ្ឋានខេត្តក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានវត្តមានចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមនឹង លោក លោកស្រី ជាសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាក្រុង ស្រុក សិស្ស និស្សិតយុវជនស្ម័គ្រចិត្តព្រមទាំងសប្បុរសជនសរុបប្រមាណ ៣,៥០០ នាក់។

លោក ជាវ តាយ បានអានរបាយការណ៍ស្វាគមន៍បង្ហាញអំពីលទ្ធផលសម្រេចបានដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានអនុវត្តន៍សកម្មភាពនារយៈពេលកន្លងមក និងប្ដេជ្ញាបន្តខិតខំបំពេញឲ្យបានសម្រេចនូវយុទ្ធសាស្ត្រថ្មីរបស់កាកបាទក្រហមកម្ពុជារយៈពេល១០ឆ្នាំ (២០១១-២០២០) ជាពិសេសការងារពង្រឹងអភិបាលកិច្ចល្អដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងទាំងនៅថ្នាក់សាខានិងអនុសាខាក្នុងគោលបំណងលើកកម្ពស់តម្លៃមនុស្សធម៌ និងកៀរគររកមូលនិធិដើម្បីបន្តធ្វើប្រតិបត្តិការជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតដោយគ្រោះមហន្តរាយ វិបត្តិភ័យផ្សេងៗដោយពុំមានការរើសអើង បែងចែកពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយ ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ ក្នុងជំហរស្មារតីលើគោលការណ៍គ្រឹះទាំងប្រាំពីរ របស់កាកបាទក្រហមកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ប៉ែន ស៊ីម៉ន បានអាននូវសេចក្ដីថ្លែងការណ៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានមានប្រសាសន៍សម្តែងនូវអំណរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតគ្រប់ថ្នាក់ និងអ្នកស្មគ្រ័ចិត្តព្រមទាំងសប្បុរសជនអង្គការដៃគូនានាទាំងអស់ដែលតែងតែបានយកចិត្តទុកដាក់ និងកំពុងបន្តផ្តល់ការគាំទ្រយ៉ាងសកម្មទាំងថវិកាសម្ភារៈ និងស្មារតីដល់ចលនាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ក៏ដូចជាកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ និងជួបហានិភ័យផ្សេងៗនេះបង្ហាញពីទឹកចិត្តមនុស្សធម៌ក្នុងសង្គមជាតិ ពិសេសការទទួលមូលនិធិពីសប្បុរសធម៌នាថ្ងៃនេះសង្ឃឹមនឹងមានការកើនឡើងថែមទៀតជាងបណ្ដាឆ្នាំមុន។ ក្នុងន័យសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពជា លោក ប៉ែន ស៊ីម៉ន ក៏បានអំពាវនាវផ្ដាំផ្ញើដល់សមាជិកសមាជិកាទាំងអស់គ្នាចាំបាច់ត្រូវរួមកម្លាំងសាមគ្គីគ្នា ពង្រឹងសមត្ថភាពនៃយន្តការអន្តរស្ថាប័ន និងកិច្ចសហប្រតិបត្តិការភាពជាដៃគូល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីធានាបាននូវប្រសិទ្ធភាព និងជោគជ័យនៃបេសកកម្មមនុស្សធម៌របស់យើងទាំងអស់គ្នា។

កម្មវិធីនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសជនសម្រាប់ទុកបម្រុងយកទៅជួយជនរងគ្រោះមានចំនួនសរុប ៤១០,២៦១ដុល្លារអាមេរិក(សែសិបមួយម៉ឺនពីររយហុកសិបមួយដុល្លាអាមេរិក)៕

អត្ថបទទាក់ទង