ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩រួច ក៏មិនអាចការពារជំងឺបានទាំងស្រុងដែរ, សូមបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 37
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩រួច ក៏មិនអាចការពារជំងឺបានទាំងស្រុងដែរ, សូមបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩រួច ក៏មិនអាចការពារជំងឺបានទាំងស្រុងដែរ, សូមបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ»

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា អ្នកដែលបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ចំនួន២ដង រួចរាល់ហើយនោះ ក៏មិនអាចការពារខ្លួនពីមេរោគនេះ បានទាំងស្រុងដែរ។ តាមរយៈសារសំឡេង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី បានសំណូមពរប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩រួចក្តី និងអ្នកមិនទាន់ចាក់វ៉ាក់សាំងក្តី ត្រូវបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ទាំងអស់គ្នាឲ្យបានត្រឹមត្រូវ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំស្នើឲ្យអ្នកទាំងអស់គ្នា អនុវត្តវិធានការ ៣កុំ (និង៣ការពារ)។ បើទោះបីជាអ្នកធ្លាប់ចាក់វ៉ាក់សាំងទាំង ២ដូស ក៏មិនត្រូវធ្វេសប្រហែស ត្រូវបន្តអនុវត្តនូវវិធានការ ៣កុំ ដូចគ្នាដែរ បើមិនដូច្នេះទេ វ៉ាក់សាំងមិនអាចការពារបានទាំងស្រុងនោះឡើយ។ វ៉ាក់សាំងគ្រាន់តែជួយកាត់បន្ថយមិនឲ្យមានការឆ្លងតែប៉ុណ្ណោះ»។

បន្ថែមលើនេះ ក្នុងតំបន់ដែលមានហានិភ័យ លោកក៏សំណូមពរប្រជាពលរដ្ឋថា បើសិនមិនមានការចាំបាច់ សូមកុំចេញក្រៅឲ្យសោះផ្ទះ។ ប៉ុន្តែលោកបានលើកឡើងថា សម្រាប់អ្នកក្រ និងអ្នកចាំបាច់មួយចំនួនទៀត មិនអាចមិនចេញក្រៅផ្ទះបាននោះទេ ហេតុនេះហើយសម្តេចជំរុញខ្លាំងបំផុតឲ្យពួកគេ ពាក់ម៉ាសឲ្យបានខ្ជាប់ខ្ជួន ហើយការលាងដៃ និងរក្សាគម្លាត ជារឿងចាំបាច់។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថែមទាំងបានរិះគន់ដល់ការថតរូបជាក្រុម ក្នុងនាមទុកជាអនុស្សាវរីយ៍ បន្ទាប់ពីការជួបជុំមួយ។ លោកសង្កត់ធ្ងន់ៗថា គ្រប់គ្នាបានរក្សាគម្លាត និងអនុវត្តវិធានការសុខាភិបាលរាប់ម៉ោង បែរជាត្រូវបំផ្លាញវិញដោយការថតរូប ត្រឹមតែប៉ុន្មាននាទី។

សូមជម្រាបថា ៣កុំ និង៣ការពារ ជាវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ «៣កុំ» មានន័យថា៖ ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ចំណែក«៣ការពារ»គឺ ៖ ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម។

កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាករណីសហគមន៍ ២០កុម្ភៈ។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩ ៕

ple post

អត្ថបទទាក់ទង