ខ្មែរប៉ុស្ដិ៍ Close

ក្នុងរយៈពេល៤៨ឆ្នាំកន្លងផុតទៅ ភោជនីយដ្ឋាន លីព័រឡាង ដ៏ល្បីល្បាញក្នុងទីក្រុង​សៀងហៃ បង្ហាញនូវ​អនុស្សាវរីយ៍ជាប្រវត្ដិសាស្រ្ដនៃព្រះមហាក្សត្រខ្មែរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 43
ក្នុងរយៈពេល៤៨ឆ្នាំកន្លងផុតទៅ ភោជនីយដ្ឋាន លីព័រឡាង ដ៏ល្បីល្បាញក្នុងទីក្រុង​សៀងហៃ បង្ហាញនូវ​អនុស្សាវរីយ៍ជាប្រវត្ដិសាស្រ្ដនៃព្រះមហាក្សត្រខ្មែរ ក្នុងរយៈពេល៤៨ឆ្នាំកន្លងផុតទៅ ភោជនីយដ្ឋាន លីព័រឡាង ដ៏ល្បីល្បាញក្នុងទីក្រុង​សៀងហៃ បង្ហាញនូវ​អនុស្សាវរីយ៍ជាប្រវត្ដិសាស្រ្ដនៃព្រះមហាក្សត្រខ្មែរ

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឧទ្យានយូដ៏ល្បឺល្បាញនាទីក្រុងសៀងហៃ នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ​ព្រះ​រាជហឫទ័យ​ស្តេច​យាងសោយព្រះក្រយាថ្ងៃត្រង់ នាភោជ​នីយ​ដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង Lu Po Liang ដែលជាអគារប្រវត្តិសាស្រ្តបង្កប់ទៅ​ដោយ​អនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅ នៃព្រះ​មហាក្សត្រខ្មែរ ។

ភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង Lu Po Liang ក្នុងឧទ្យានយូ ត្រូវបាន​ចាប់​បង្កើតឡើងក្រោយព្រះរាជដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត នៃព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៣ ។

ដើម្បីជាកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនាពេលនោះ ថ្នាក់​ដឹកនាំកំពូលទីក្រុងសៀងហៃបានប្រកាសស្វែងរក និងជ្រើសរើសនូវចុងភៅ​ដ៏​ចំណានៗ​ដើម្បីរៀបចំថ្វាយជាពិសេសនូវព្រះស្ងោយដ៏ល្បីៗរបស់ទីក្រុងសៀងហៃ ថ្វាយ ព្រះអង្គទាំងទ្វេ។ ជាលទ្ធផលព្រះស្ងោយចំនួន ១៤មុខ ត្រូវបានចម្អិនឡើងដោយ​ចុងភៅ​ដ៏ល្បីល្បាញនៃទីក្រុងសៀហៃ ដើម្បីថ្វាយព្រះអង្គទាំងទ្វេសោយ នាឧទ្យានយូ។

នៅ​វេលាយប់ថ្ងៃដដែលនោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់​ខ្ពស់​បំផុត ព្រះអង្គមានព្រះរាជឱង្ការថា «ខ្ញុំសង្ឃឹមថានៅថ្ងៃស្អែកមុនម៉ោង១០ព្រឹក សូមរៀបចំ​មុខម្ហូបដដែលនេះ ក្នុងមួយមុខចំនួន២ចាន សម្រាប់អាហារថ្ងៃត្រង់របស់ខ្ញុំ»។ ដែលនេះ​បានធ្វើឱ្យក្រុមចុងភៅដ៏ចំណានៗប្រចាំទីក្រុងសៀងហៃ មានសេចក្តីរំភើបរីករាយ និង​ត្រេក​អរយ៉ាងខ្លាំង ព្រោះបានបង្ហាញយ៉ាងច្បាស់ថា ព្រះមហាក្សត្រកម្ពុជា គឺសម្តេច​ព្រះ នរោត្តម សីហនុ សព្វព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះស្នាដៃចម្អិនម្ហូបរបស់ពួកគេ។ ចំណែកឯរឿងនិទានដ៏ល្បីមួយគឺ រឿង “ពិធីជប់លៀងតូចមួយនៅលើពិភពលោក” មាន​ប្រភពមកពីព្រឹត្តិការណ៍ខាងលើនេះឯង។

នៅក្នុងពេលនោះឧទ្យានយូ ពុំទាន់មានភោជនីយដ្ឋានពិសេសណាមួយសម្រាប់​បង្អួតនូវរសជាតិដ៏ពិសេសនៃម្ហូបរបស់ទីក្រុងសៀងហៃនោះឡើយ ហើយដើម្បីជាកិច្ច​ងាយ​ស្រួលសម្រាប់ការរៀបចំថ្វាយព្រះរាជបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើររបស់ព្រះអង្គ នាឱកាសក្រោយទៀត ទើបនៅក្នុងឆ្នាំ ១៩៧៩ ចុងភៅមួយក្រុមដែលបានចម្អិន​ព្រះស្ងោយទាំង១៤មុខនោះថ្វាយព្រះអង្គ បានផ្តួចផ្តើមគ្នាបង្កើតឡើងនូវភោជនីយដ្ឋាន​ពិសេសថ្នាក់ជាតិ លីព័រឡាង Lu Po Liang នេះឡើង ហើយព្រះស្ងោយទាំង១៤មុខនោះ ត្រូវបានចារឹកលើផ្លាកពណ៌មាស តាំងបង្ហាញជាសាធារណៈដែលជាមុខម្ហូបយ៉ាងពិសេស​ប្រចាំភោជនីយដ្ឋាន។ ចំណែកឯព្រះបរមឆាយាលក្ខណ៍ទាំងឡាយនៃ ព្រះករុណា ព្រះ​​បរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏ត្រូវបានតាំងបង្ហាញ​អមដោយប្រវត្តិសង្ខេបនៃដើមកំណើតភោជនីយដ្ឋានដ៏ពិសេសនេះ និងបន្ទប់ដែលព្រះអង្គ​ទាំងទ្វេ ស្តេចយាងមកសោយព្រះស្ងោយនាឆ្នាំ ១៩៧៣ ត្រូវបានរៀបចំជាបន្ទប់ដ៏ពិសេស​ប្រចាំភោជនីយដ្ឋានដែលត្រូវបានប្រសិទ្ធនាមថា បន្ទប់ «១៩៧៣»៕

អត្ថបទទាក់ទង