ខ្មែរប៉ុស្ដិ៍ Close

មកទស្សនាអង្គរ កុំភ្លេចគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 39
មកទស្សនាអង្គរ កុំភ្លេចគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល មកទស្សនាអង្គរ កុំភ្លេចគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

ចាប់តាំងសតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៥ អង្គរ គឺជាអតីតរាជធានីខ្មែរដ៏ល្បីល្បាញ ដែលត្រូវគេប្រសិទ្ធនាមឈ្មោះថា អាណាចក្រខ្មែរ។ មកដល់បច្ចុប្បន្ននេះ អង្គរ មិនត្រឹមតែជាបូជនីយដ្ឋានសម្រាប់ពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរទូទៅគោរពបូជា សំពះបន់ស្រន់បួងសួងប៉ុណ្ណោះទេ ថែមទាំងជាសម្បត្តិវប្បធម៌ដ៏ល្អឯករបស់មនុស្សជាតិក្នុងពិភពលោកទាំងមូលទៀតផង។

អាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ បានសហការជាមួយអ្នកស្រុកអង្គរ ភ្ញៀវទេសចរ មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមការងារជួសជុលប្រាសាទជាដើម បានបង្កើតក្រមមួយឈ្មោះថា ក្រមប្រតិបត្តិអង្គរ ដើម្បីឱ្យភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរអនុវត្តតាម ក្នុងគោលដៅធ្វើយ៉ាងណា ធានាឱ្យបាននូវសុវត្ថិភាព ក៏ដូចជា បទពិសោធន៍ល្អៗ ការគោរពលើកតម្លៃ និងរបៀបរៀបរយសម្រាប់តំបន់មណីយដ្ឋានអង្គរ។ ឯខ្លឹមសារសំខាន់ៗនៃក្រមប្រតិបត្តិនោះរួមមាន៖ ហាមស្លៀកខើចលើខើចក្រោម ហាមប៉ះក្បាច់ចម្លាក់ឬអង្គុយលើថ្មទ្រុឌទ្រោម ហាមស្រែកឡូឡា ហាមឡើងលើគំនរថ្ម ត្រូវគោរពស្លាកសញ្ញា ហាមជក់បារី និង ចោលសំរាមជាដើម។

ដោយឡែកស្ថិតនៅក្នុងដំណាក់កាល ដែលមេរោគកូវីដ-១៩ កំពុងរីករាលដាលយ៉ាងខ្លាំងនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ត្រូវគោរពក្រមប្រតិបត្តិអង្គរផង អនុវត្តន៍តាមណែនាំរបស់ក្រសួងសុខាភិបាលផង ដូចជាពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងសម្អាតដៃ និងមិនត្រូវជួបជុំមនុស្សច្រើន ឬចូលរួមក្នុងទីកន្លែងងងឹត ចង្អៀតជាដើម…។ល។

ដូចនេះ ការគោរពក្រមប្រតិបត្តិអង្គរផងនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផង គឺជាការជួយខ្លួនឯងឱ្យមានសុវត្ថិភាព ក៏ដូចជារួមចំណែកក្នុងការអភិរក្ស និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរផង៕

អត្ថបទទាក់ទង