ខ្មែរប៉ុស្ដិ៍ Close

ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានសវនាការជាមួយថ្នាក់ដឹកនាំកំពូលទីក្រុងសៀងហៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 13
ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានសវនាការជាមួយថ្នាក់ដឹកនាំកំពូលទីក្រុងសៀងហៃ ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានសវនាការជាមួយថ្នាក់ដឹកនាំកំពូលទីក្រុងសៀងហៃ

នាវេលារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យទទួលជួបសវនការជាមួយ ឯកឧត្តម Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងឯកឧត្តម Gao Zheng អភិបាលក្រុងសៀងហៃ ក្នុងឱកាសដែលព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ស្ថិតក្នុងព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនោះ ឯកឧត្តម Li Qiang ក្នុងនាមគណៈកម្មាធិការគណបក្សក្រុង រដ្ឋបាលក្រុង និងប្រជាជនទាំងអស់នៃទីក្រុងសៀងហៃ បានថ្វាយនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះអង្គ មកកាន់ទីក្រុងសៀងហៃ នៅពេលនេះ និងបានទូលថ្វាយអំពីភាពរីកចម្រើននានាទាំងឡាយដែលទីក្រុងសៀងហៃសម្រេចបាន។ ឯកឧត្តម បានបន្តថា ចំណងមិត្តភាពចិន – កម្ពុជា មានប្រវត្តិសាស្ត្រយូរអង្វែងណាស់មកហើយ ចំណងមិត្តភាពរវាងប្រជាជនទាំងពីរមានភាពស៊ីជម្រៅ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការផ្លាស់ប្តូរនៅក្នុងវិស័យផ្សេងៗបន្តកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ទៀត ដែលបង្ហាញពីចំណងមិត្តភាព“ ដែកថែប” មិនអាចបំបែកបានរវាងចិននិងកម្ពុជា។ ឯកឧត្តម បានលើកឡើងទៀតថា ទីក្រុងសៀងហៃ គឺជាទីកន្លែងកំណើតរបស់បក្សកុម្មុយនិស្តចិន ដែលជាទីក្រុងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ចិន និងជាព្រំដែននៃការកែទម្រង់ ដោយបាននិងកំពុងអនុវត្តនូវការណែនាំដ៏សំខាន់ៗរបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing មកកាន់ទីក្រុងសៀងហៃ និងពន្លឿនការស្ថាបនា «មជ្ឈមណ្ឌលទាំង៥» និងទីក្រុងអន្តរជាតិសង្គមនិយមទំនើបមួយដែលមានភាពរីកចម្រើន និងបង្ហាញពីលក្ខណៈដ៏ពិសេសនេះទៅកាន់ពិភពលោក។

ឯកឧត្តម សង្ឃឹមថាតាមរយៈព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនេះ នឹងធ្វើឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទីក្រុងសៀងហៃ ព្រមទាំងជំរុញការផ្លាស់ប្តូរមិត្តភាពរវាងភាគីទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ឯកឧត្តម ក៏បានលើកឡើងផងដែរថាយើងនឹងអនុវត្តការមូលមតិគ្នាដោយអស់ពីចិត្តដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាលើវិស័យផ្សេងៗ និងចូលរួមវិភាគទានកាន់តែច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិន – កម្ពុជា។

ព្រះករុណា ព្រះមហាក្សត្រ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជបន្ទូលសំណេះសំណាលក្នុងព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនោះថា ក្នុងដំណើរព្រះរាជទស្សនកិច្ចនៅទីក្រុងសៀងហៃនៅពេលនេះព្រះអង្គបានទតឃើញអំពីការអភិវឌ្ឍដ៏រីកចម្រើននៃទីក្រុងអន្តរជាតិមួយនេះ ដែលបានរំលឹកដល់ទីតាំងនៃមហាសន្និបាតលើកទី ១ នៃបក្សកុម្មុយនិស្តចិន និងបានធ្វើឲ្យ ព្រះអង្គ កាន់តែឈ្វេងយល់យ៉ាងស៊ីជម្រៅថែមទៀតចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនចិនសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។

ព្រះអង្គ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាប្រទេសចិននឹងទទួលបាននូវការអភិវឌ្ឍថ្មីៗ និងកាន់តែល្អប្រសើរឡើងទៀតក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing។ ជាចុងបញ្ចប់ ព្រះអង្គ បានបន្តថា ព្រះអង្គ នឹងចូលរួមជាមួយ ឯកឧត្តមប្រធានាធិបតី Xi JinPing ដើម្បីទទួលមរតកដ៏វិសេសវិសាលនេះ និងបន្តនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ហើយនិងកត់ត្រាជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា – ចិន៕

អត្ថបទទាក់ទង