ខ្មែរប៉ុស្ដិ៍ Close

កីឡាករ-កីឡាការិនីជាង ២០០នាក់ទៀតបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បង្គ្រប់យុទ្ធនាការលើកទី១

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ កីឡា - សុខភាព 43
កីឡាករ-កីឡាការិនីជាង ២០០នាក់ទៀតបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បង្គ្រប់យុទ្ធនាការលើកទី១ កីឡាករ-កីឡាការិនីជាង ២០០នាក់ទៀតបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បង្គ្រប់យុទ្ធនាការលើកទី១

កីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ដ្រីកីឡាពាក់ព័ន្ធ ពិសេសក្រុមកីឡាបាល់ទាត់ជាង ២០០នាក់ទៀត បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បង្គ្រប់យុទ្ធនាការចាក់វ៉ាក់សាំងដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា លើកទី១ (ដូសទី១) រួចហើយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

លោកបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដល់គ្រួសារកីឡា ដែលត្រូវបំពេញបេសកកម្មក្រៅប្រទេសក្នុងឆ្នាំ២០២១ នេះ បានធ្វើឡើងតាំងពីថ្ងៃទី០២-០៣ និងថ្ងៃទី០៤ ខែមីនាមកម្ល៉េះ ក្រោយទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចំនួន ១,០៥១នាក់ តែចាក់បានជាង ៨០០នាក់ប៉ុណ្ណោះ ដោយសារកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីពាក់ព័ន្ធជាង ២០០នាក់ខាងលើជាប់ភារកិច្ច ពិសេសក្រុមកីឡាករបាល់ទាត់ដែលជាប់ការប្រកួត ទើបបានចាក់លើកទី១ ថ្ងៃនេះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបន្ដថា៖

«ថ្ងៃនេះ គឺជាថ្ងៃទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ផ្ដល់នូវការចាក់វ៉ាក់សាំងដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡាពាក់ព័ន្ធទាំងអស់ ដែលត្រៀមលក្ខណៈចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០២១ ដែលតាមគម្រោងយើងត្រូវចាក់ ៣ ទៅ ៤ថ្ងៃ ដូច្នេះថ្ងៃនេះ គឺជាថ្ងៃបញ្ចប់នូវចំនួន ១,០៥១នាក់ដែលត្រូវបានការអនុញ្ញាតចាក់បង្គ្រប់នៅថ្ងៃនេះ»។

លោកថា៖

«ថ្ងៃនេះដែរ យើងឃើញពិសេសក្រុមកីឡាករបាល់ទាត់ និងកីឡាករ-កីឡាការិនីជម្រើសជាតិមួយចំនួន ពិសេសក្រុមកីឡាករបាល់ទាត់ ដែលគាត់នៅមានការប្រកួតកាលពីសប្ដាហ៍មុនហ្នឹង តាំងពីថ្ងៃទី០២-០៣ និងថ្ងៃទី០៤ ដែលយើងចាក់ទាំងអស់ គឺមិនទាន់បានចាក់ទេ ដូច្នេះថ្ងៃនេះ ត្រូវមកចាក់ ចឹងយើងបានចាក់បញ្ចប់នៅថ្ងៃនេះរួចរាល់ចំនួន ១,០៥១នាក់ហើយ។ ចឹងលើកនេះ យុទ្ធនាការចាក់វ៉ាក់ដល់កីឡាករ-កីឡាការិនី គឺបានបញ្ចប់ ដោយរង់ចាំការចាក់លើកទី២ ឬដូសទី២ ប៉ុណ្ណោះ»។

ប៉ុន្ដែទោះបីថ្នាក់ដឹកនាំ មន្រ្ដីកីឡាករ គ្រូបង្វឹក ពិសេសកីឡាករ-កីឡាការិនីជម្រើសជាតិបានទទួលវ៉ាក់សាំងលើកទី១ ក្ដី តែលោកបានអំពាវនាវយ៉ាងទទូចឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដោយគោរពតាមវិធានការ និងការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របពេលជំងឺដ៏កាចសាហាវនេះ កំពុងមានការរីករាលដាលខ្លាំងនៅកម្ពុជាបច្ចុប្បន្ន បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈកាលពីថ្មីៗ។

លើសពីនេះ អ្នកជំនាញកីឡាដដែលបានស្នើឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិទាំងអស់ បន្ដហ្វឹកហាត់កម្លាំងកាយ បច្ចេកទេសមូលដ្ឋាន តាមទីកន្លែងសុវត្ថិភាព តាមផ្ទះរៀងៗខ្លួនឲ្យបានជាប់លាប់ និងទៀងទាត់បំផុត ចៀសវាងការកុំឲ្យមានការឡើងទម្ងន់ ដោយហាត់យ៉ាងតិច ៣ម៉ោងក្នុង១ថ្ងៃ ដើម្បីរក្សាទម្ងន់ និងកម្លាំងនៅខ្លាំងដដែល ពិសេសត្រូវអនុវត្តតាមគោលការណ៍៣ របស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ទី១- គឺ Stay strong មានន័យថា រស់នៅដោយភាពសកម្ម និងរក្សាភាពខ្លាំងជារៀងរហូត ទី២-គឺ Stay safe មានន័យថា រស់នៅដោយមានសុវត្ថិភាព និងទី៣-គឺ Stay healthy មានន័យថា ត្រូវរស់នៅដោយមានសុខភាពល្អជានិច្ច ៕

អត្ថបទទាក់ទង