ខ្មែរប៉ុស្ដិ៍ Close

កសិកររីករាយ ខណៈស្ពៃជើងទាមានហាងឆេងឡើងវិញ និងផ្តល់ការងារដល់ពលករដែលត្រឡប់មកពីថៃ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 10
កសិកររីករាយ ខណៈស្ពៃជើងទាមានហាងឆេងឡើងវិញ និងផ្តល់ការងារដល់ពលករដែលត្រឡប់មកពីថៃ កសិកររីករាយ ខណៈស្ពៃជើងទាមានហាងឆេងឡើងវិញ និងផ្តល់ការងារដល់ពលករដែលត្រឡប់មកពីថៃ

ស្ពៃជើងទា ដែលប្រជាជនខ្មែរយើងនិយមយកទៅធ្វើជ្រក់ឬស្លម្ជូរនោះ ចាប់ផ្តើមមានហាងឆេង គួរសមវិញហើយ ដែលធ្វើឲ្យម្ចាស់ចម្ការរីករាយ ដោយសារអាចផ្តល់ផលចំណេញខ្លះ និង អាចផ្តល់ការងារដល់ពលករដែលទើប ត្រឡប់មកពីថៃផង។

លោក ពុយ ជាម្ចាស់ចម្ការស្ពៃជើងទាប្រមាណជិត៣០រ៉ៃក្នុងភូមិអំពិល ឃុំអូរដា ស្រុកកំរៀង ខេត្តបា ត់ដំបង បាននិយាយថាៈបច្ចុប្បន្នគាត់កំពុងមមាញឹកប្រមូលផលស្ពៃជើងទាមួយកន្លែងសិនដែលមានទំហំ១៤រ៉ៃ ដែលអាច ប្រមូលផលបានជាង១០០តោន ។ ដោយលោកបញ្ជាក់ថា ១សប្តាហ៍មកនេះស្ពៃជើងទាបានហក់ឡើង មួយគីឡូ៥០០រៀលវិញហើយ ខណៈកន្លងទៅបានតែ២០០ទៅ៣០០រៀលប៉ុណ្ណោះ។

លោកថា តម្លៃ៥០០រៀលមួយគីឡូ អាចផ្តល់ផលចំណេញបានខ្លះ ក្រៅពីចំណាយលើកម្មករដែលធ្វើការជាប្រចាំ ក្នុងចម្ការរបស់លោក ជិត២០នាក់ដែលភាគច្រើនទើបត្រឡប់មកពីថៃ ។

អតីតពលករដែលទើបត្រឡប់មកពីប្រទេសថៃ ប្អូនប្រុស ជឿត បាននិយាយថា ក្រុមខ្លួនមានគ្នា១០នាក់ រួមកម្លាំងគ្នា ស៊ីឈ្នួលប្រមូលផលស្ពៃជើងទា ក្នុងមួយថ្ងៃបាន៥តោន ដោយក្នុងមួយតោនតម្លៃ ១០ម៉ឺនរៀល ។ ប្អូននិយាយថាក្នុងមួយថ្ងៃអាចរកបានម្នាក់៥ម៉ឺនរៀលដែរ បើប្រៀបធៀបធ្វើការនៅថៃមិនខុសគ្នានោះទេ ។

ក្រុមពលករដែលកំពុងស៊ីឈ្នួលប្រមូលផលស្ពៃជើងទា បាននិយាយថា បើសិនជាមានការងារក្នុងស្រុកធ្វើរាល់ថ្ងៃ ពួកគាត់មិនត្រឡប់ទៅប្រទេសថៃវិញនោះទេ ដូច្នេះពួកគាត់សំណូមពរដល់រាជរដ្ឋាភិបាលឲ្យជំរុញទីផ្សារបន្លែក្នុងស្រុក ឲ្យថ្លៃគួរសម ដើម្បីឲ្យម្ចាស់ចម្ការបន្តដាំកាន់តែច្រើន នឹងផ្តល់ការងារច្រើនថែមទៀតដល់ ពលករដែលទើបត្រឡប់មកពី ប្រទេសថៃបានធ្វើការដើម្បីចិញ្ចឹមជីវិតផង៕