ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន

កម្ពុជា និងហ្វីលីពីន បានប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន។

ការបង្ហាញជំហរធ្វើនៅក្នុងជំនួបរវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C.Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នានូវអ្វីដែលជាក្របខ័ណ្ឌរបស់ប្រទេសទាំងពីរ ដែលបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អកន្លងមក ជាពិសេសក្នុងពេលដំណើរទស្សនកិច្ច ជាផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ដែលកម្ពុជា និងហ្វីលីពីន បានចុះអនុស្សរណៈយោគយល់គ្នា ស្តីអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យ ការងារ ដែលតាមរយៈនេះ ប្រទេសទាំងពីរមានការងារជាច្រើនត្រូវធ្វើការជាមួយគ្នា ហើយក៏ មានសេចក្តីថ្លែងការណ៍រួមមួយរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលផ្តោតទៅលើការជួយ គាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការជួយដោះស្រាយ និងផ្តល់កិច្ចគាំពារទៅលើបញ្ហា ប្រជាពលរដ្ឋ ក៏ដូចជា ពលករទេសន្តរប្រវេសន៍ការងារ ដោយសារតែហ្វីលីពីនមានស្ថានទូត ជាច្រើនទូទាំងពិភពលោក និងការិយាល័យអនុព័ន្ធការងារក៏ដូចជាការិយាល័យខាងផ្នែកផ្តល់ កិច្ចគាំពារទៅដល់ពលករទេសន្តប្រវេសន៍នៅស្ទើរគ្រប់ប្រទេសទូទាំងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀង ឬក៏សេចក្តី ថ្លែងការណ៍រួមនេះ យើងបានឯកភាពគ្នា ជួយគ្នា នៅពេលដែលពលរដ្ឋរបស់ហ្វីលីពីន ឬពលរដ្ឋកម្ពុជា ដែលមានបញ្ហាក្នុងបណ្តាប្រទេសផ្សេងៗ ដែលពុំមានស្ថានទូត និងមិនមាន អនុព័ន្ធការងារសម្រាប់ជួយផ្តល់នូវការគាំពារទៅដល់ពួកគាត់ណាមួយ ហើយពលរដ្ឋកម្ពុជា យើងអាចស្វែងរកនូវជំនួយពីស្ថានទូតហ្វីលីពីននៅប្រទេសនោះ ដែលកន្លងមក យើងបាន ធ្វើការជាមួយគ្នាបានយ៉ាងល្អលើកិច្ចសហប្រតិបត្តិការនេះ។

លោកជំទាវអគ្គរដ្ឋទូតបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាល កម្ពុជាដែលផ្តល់ការការពារ និងគាំពារយ៉ាងល្អដល់ពលរដ្ឋហ្វីលីពីន ដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាប្រមាណជិត៥០០០នាក់ ដែលពួកគេទទួលបាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ដូចកម្មករនិយោជិតកម្ពុជាដែរ ជាពិសេសបានទទួលអត្ថប្រយោជន៍ពី សមាជិកភាពរបស់បេឡាជាតិសន្តិសុខសង្គម។

លោកជំទាវអគ្គរដ្ឋទូតបានបន្តថា កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋហ្វីលីពីនប្រមាណ ៨០០នាក់ ក៏ទទួលបានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ប្រកប ដោយសុវត្ថិភាព ក្នុងស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩។ បន្ថែមពីនេះ ប្រទេសទាំង ពីរក៏មានកិច្ចសហប្រតិបត្តិការមួយទៀតទៅលើវិស័យសន្តិសុខសង្គម តាមរយៈអនុស្សរណៈ យោគយល់គ្នាមួយ រវាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងអង្គការធានារ៉ាប់រង សុខភាពរបស់ហ្វីលីពីន (Philhealth) ដែលជាក្របខ័ណ្ឌកិច្ចប្រតិបត្តិការក្នុងការសហការគ្នា ចែករំលែកនូវបទពិសោធន៍ ជាពិសេសទៅលើផ្នែកបច្ចេកទេសប្រតិបត្តិការ និងការគ្រប់ គ្រងប្រព័ន្ធថវិកា ហិរញ្ញវត្ថុក្នុងការផ្តល់នូវកិច្ចគាំពារដល់កម្មករនិយោជិត។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរនឹងបន្តពិនិត្យលើការពង្រីកកិច្ចសហប្រតិបត្តិការ ថែមទៀត ចំពោះកិច្ចសហប្រតិការដែលមានស្រាប់ ហើយដែលអនុស្សរណៈយោគយល់គ្នា ផុតសុពលភាព និងរៀបចំបន្តសុពលភាព។ ដោយមើលឃើញនូវសារៈសំខាន់នៃការអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ភាគីទាំងពីរកំពុងខិតខំបញ្ចប់នូវសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) ឱ្យ បានឆាប់ បើទោះជាបញ្ហាកូវីដ-១៩ គំរាមកំហែងក៏ដោយ ក៏ភាគីទាំងពីរ នឹងជំរុញការងារនេះ ឱ្យក្រុមការងារបច្ចេកទេសធ្វើការជាមួយគ្នាបន្តទៀតតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យការ ចុះអនុស្សរណៈនេះបានឆាប់ ពីព្រោះការងារនេះគឺមានសារៈសំខាន់ផងដែរ ក្នុងការផ្តល់នូវ ចំណេះជំនាញ ការចែករំលែកនូវបទពិសោធន៍ការអនុវត្តល្អៗ ពាក់ព័ន្ធជាមួយនឹងការគាំពារ ការផ្តល់នូវជំនាញវិជ្ជាជីវៈ ជាពិសេសពលករទេសន្តប្រវេសន៍ ដែលពួកគាត់ត្រូវសមារណកម្ម ចូលមកក្នុងប្រទេសវិញ ត្រូវចាប់យកជំនាញថ្មី ឆ្លើយតបទៅនឹងឱកាសការងារក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងថា ដោយសារតែហ្វីលីពីន ជាប្រទេសមួយដែលមាន បទពិសោធន៍ខ្ពស់ ហើយមានពលរដ្ឋហ្វីលីពីនធ្វើការនៅក្រៅប្រទេសជាច្រើនដែលអាចចែក រំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនក្នុងការផ្តល់នូវការគាំពារទៅដល់ ពលករទេសន្តប្រវេសន៍។

ក្នុងជំនួបនោះ ភាគីទាំងពីរបានសម្តែងការពេញចិត្តនឹងអ្វីដែលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការកន្លងមក។ លោកជំទាវឯកអគ្គរដ្ឋទូតបានប្តេជ្ញាថា ក្នុងអាណត្តិការ ទូតរបស់លោកជំទាវ នឹងខិតខំពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រមទាំងបង្កើតនូវ សមិទ្ធផលថ្មីៗជាច្រើនទៀត ដើម្បីផលប្រយោជន៍នៃប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះភាគីហ្វីលីពីន ដែលបានជួយចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗដល់កម្ពុជា ក្នុងការរួមចំណែកជួយ ដល់ការគាំពារកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាទាំងនៅក្នុង និងក្រៅប្រទេស៕

អត្ថបទទាក់ទង