អាជ្ញាធរស្រុកសៀមប៉ាងលើកទឹកចិត្ត កសិករគំរូជោគជ័យលើការចិញ្ចឹមគោ ឱ្យជួយផ្តល់បទពិសោធន៍ជូនគ្នាទៅវិញ ទៅមក
អភិបាលស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង លើកទឹកចិត្តឱ្យកសិករគំរូ នៅភូមិបានមួង ឃុំសេកុង ចិញ្ចឹមគោបានជោគជ័យ ត្រូវផ្តល់បទពិសោធន៍ ឱ្យគ្នាទៅវិញទៅមក ដើម្បីយកភូមិមួយនេះធ្វើជាភូមិគំរូ ក្នុងការចិញ្ចឹមគោបានច្រើន និងល្អជាងគេ ហើយដាក់បញ្ជូលជាភូមិមួយមានផលិតផលមួយផងដែរ។
ក្នុងឱកាសចុះពិនិត្យការចិញ្ចឹមគោរបស់កសិករគំរូ នៅភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ កុម្ភៈ លោក ផាន់ យុត អភិបាលស្រុក បានបញ្ជាក់ថា អាជ្ញាធរស្រុកបានសម្រេចយកកសិករ នៅភូមិបានមួងនេះធ្វើជាគំរូមុនគេក្នុងការចិញ្ចឹមគោ ដើម្បីបង្កើតឱ្យទៅជាភូមិមួយមានផលិតផលមួយ ផ្នែកចិញ្ចឹមសត្វបានច្រើន នៅក្រុងស្រុកសៀមប៉ាងនេះ។
លោកអភិបាលស្រុកបន្តថា ដើម្បីសម្រេចបានគោលការណ៍ នេះសូមប្រជាកសិករផ្សេងៗទៀតដែលមានលទ្ធភាព ហើយរស់នៅក្នុងភូមិជាមួយគ្នា ត្រូវមកសិក្សាយកបទពិសោធន៍និងពង្រីកការងារចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឱ្យបានផុលផុស ។
លោក លន់ ចិន្តា កសិករចិញ្ចឹមគោគំរូនៅភូមិបានមួង ឃុំសេកុង បានគាំទ្រចំពោះបំណងល្អនេះ ព្រោះគោដែលចិញ្ចឹមក្នុងស្រុកសព្វថ្ងៃ មានទីផ្សារស្រួលលក់ ហើយផ្នែកបច្ចេកទេស ទៀតសោត លោកអាចបង្ហាត់ បង្រៀនឱ្យចេះតៗគ្នាបាន ។
លោកអះអាងថានេះជាការចិញ្ចឹមគោបែបសាមញ្ញធម្មតាគ្មានបច្ចេកទេសអ្វីធំដុំទេ តែវាអាស្រ័យទៅលើការថែទាំរបស់យើង មិនលែងគោឱ្យដើរស៊ីចំណីផ្តេសផ្តាសឡើយ ចំណែកបងប្អូនកសិករពេញចិត្តចិញ្ចឹម សូមមកសិក្សារៀនសូត្រដោយឥតគិតថ្លៃ និងអាចចែកពូជគោនេះយកទៅចិញ្ចឹមតាមការចង់បាន។
កាលពីឆ្នាំ២០១៥ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានសិក្សាពីបច្ចេកទេសការចិញ្ចឹមគោពូជ តែមិនទាន់ទទួលបានជោគជ័យទេ បច្ចុប្បន្នមានតែប្រជាពលរដ្ឋចិញ្ចឹមគោជាលក្ខណៈគ្រួសារខ្វះការថែទាំ ខ្លះលែងឱ្យដើរពាសវាលពាសកាល បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។
សូមបញ្ចាក់ថា អាជ្ញាធរស្រុកសៀមប៉ាងចលនាឱ្យចិញ្ចឹមគោ នេះ វាជាចំណែកមួយជួយជំរុញផ្នែកសេដ្ឋកិច្ចគ្រួសារឱ្យរីកចម្រើន ហើយបច្ចុប្បន្ន នៅស្រុកសៀមប៉ាងមានកសិករប្រមាណជាង១០គ្រួសារចិញ្ចឹមគោបែបសាមញ្ញ មិនទាន់មានបច្ចេកទេសត្រឹមត្រូវនៅឡើយទេ ហើយពួកគាត់កំពុងត្រូវការផ្នែកជំនាញកសិកម្មចូលទៅបង្ហាត់បង្រៀន៕