ប្រុងប្រយ័ត្ន! កត្តាទាំងនេះអាចនាំឲ្យប្រឈមនឹងការរលាកសួតធ្ងន់ធ្ងរ
ជំងឺរលាកសួតគឺជាការបង្ករោគដោយបាក់តេរី ឬវីរុសនៅក្នុងសាច់សួត។ វាប៉ះពាល់ទៅលើថងសួតតូចៗក្នុងសួតដែលហៅថា Alveoli និងធ្វើឲ្យកន្លែងនេះពោរពេញទៅដោយទឹក ឬខ្ទុះផងដែរ។ ដោយសារតែ Alveoli ជាកន្លែងបណ្តុរអុកស៊ីសែន និងឧស្ម័នកាបូនិចរវាងសួត និងចរន្តឈាម ដូច្នេះជំងឺរលាកសួតអាចនឹងធ្វើឲ្យកន្លែងនេះទៅជាពិបាកធ្វើការ និងពិបាកដកដង្ហើមបាន។ អាការៈញឹកញាប់នៃជំងឺរលាកសួតមានដូចជា ក្អក ឈឺទ្រូង អស់កម្លាំង ក្តៅខ្លួន បែកញើស គ្រុនញាក់ ចង្អោ ក្អួត និងវង្វេងវង្វាន់។
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំងនឹងជំងឺរលាកសួតបាន ទោះបីខ្លះមិនបង្កឡើដោយវីរុស ឬបាក់តេរីក៏ដោយ៖
១. ជក់បារី
ការជក់បារីធ្វើឲ្យជាតិពុលរាប់ពាន់ប្រភេទចូលទៅក្នុងខ្លួនតាមរយៈសួត ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យសួតខូចខាតដំបូងគេដែរ ថ្វីបើសរីរាង្គផ្សេងៗជាច្រើនអាចរងការប៉ះពាល់ដែរ។ វាក៏ជាហេតុផលច្បាស់លាស់មួយដែលនិយាយថា ឲ្យតែអ្នកជក់បារីដឹងតែរលាកសួតជាងគេហើយ។ គ្រូពេទ្យនិយាយថា ស្ទើតែ ១០ភាគរយនៃមនុស្សទាំងអស់ដែលសម្រាកក្នុងមន្ទីរពេទ្យដោយសារតែការរលាកសួតទាក់ទងនឹងការជក់បារី អាចក្លាយទៅជាមហារីកសួតនៅរយៈពេល ១២ខែក្រោយ។
២.ពិសាគ្រឿងស្រវឹងច្រើន
ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម អាចជួយឲ្យសុខភាពកាន់តែល្អជាងមុនបាន។ ប៉ុន្តែការដែលញ៉ាំគ្រឿងស្រវឹងច្រើនៗវិញ វាអាចនឹងបង្កើតជារឿងផ្ទុយគ្នាវិញ។ មានបញ្ហាសុខភាពច្រើនណាស់ដែលអ្នកអាចបង្កើតដល់ខ្លួនឯងបានបើសិនជាអ្នកសម្រេចចិត្តញ៉ាំគ្រឿងស្រវឹងច្រើន ហើយក្នុងនោះក៏ប្រឈមកាន់តែខ្លាំងនឹងជំងឺរលាកសួតបានដែរ។ រឿងនេះត្រូវបានគេដឹងថា វានឹងទៅបន្ថយចំនួនកោសិកាគ្រាប់ឈាមសក្នុងរាងកាយ ដែលជាហេតុនាំឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ កាលណាប្រព័ន្ធភាពស៊ាំខ្សោយហើយ រាងកាយនឹងមិនសូវមានអ្នកការពារពីការឈ្លានពានរបស់បាក់តេរី និងវីរុសដែលចូលទៅក្នុងថង់ទងសួតឡើយ ដូច្នេះវាងាយនឹងរលាកទៅជាជំងឺរលាកសួតណាស់។
៣.ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ប្រព័ន្ធភាពស៊ាំចុះខ្សោយមិនមែនគ្រាន់តែបង្កឡើងដោយការញ៉ាំគ្រឿងស្រវឹងច្រើនៗនោះទេ តែ ការញ៉ាំអាហារមិនផ្តល់ជីវជាតិគ្រប់គ្រាន់ក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយបានដែរ។ ការមិនបានហាត់ប្រាណគ្រប់គ្រាន់អាចជាចំណុចមួយនាំឲ្យប្រព័ន្ធភាពស៊ាំមិនសូវខ្លាំងដែរខណៈពេលដែលស្ត្រេសរ៉ាំរ៉ៃក៏ជាមូលហេតុមួយដូចគ្នាដែរ។ ដូច្នេះការរលាកសួតងាយនឹងកើតឡើងលើមនុស្សប្រភេទនេះណាស់។
៤.កំពុងតែមានជំងឺផ្តាសាយ
យោងទៅតាមគ្រូពេទ្យបានឲ្យដឹងថា អ្នកប្រហែលជាប្រឈាមនឹងជំងឺរលាកសួតបើសិនជាអ្នកមានជំងឺផ្តាសាយ។ នេះដោយសារតែវីរុសស្រដៀងគ្នានឹងបង្កជំងឺផ្តាសាយអាចជាដើមហេតុនាំឲ្យរលាកសួតដែរ។ ប៉ុន្តែដោយសារតែជំងឺផ្តាសាយ វាមិនប្រាកដថាអ្នកដឹងតែមានជំងឺរលាកសួតបន្តឡើយ។ រឿងនេះកម្រនឹងកើតឡើងណាស់ ប៉ុន្តែមិនមែនមានន័យថាវានឹងមិនកើតឡើងសោះនោះទេ។ ជំងឺរលាកសួតដោយសារតែការបង្ករោគដោយវីរុសនៅផ្លូវដង្ហើមខាងលើគឺជារឿងមួយកើតឡើងញឹកញាប់លើកុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ៕