ខ្មែរប៉ុស្ដិ៍ Close

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៩០មុឺននាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កំសាន្ដ & ប្លែកៗ 135
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៩០មុឺននាក់ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៩០មុឺននាក់

(ភ្នំពេញ)៖ ប្រភពព័ត៌មានពីក្រសួងទេសចរណ៍​ បានឲ្យដឹងនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថាតាមរបាយការណ៍ ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០ ដោយក្នុងនោះ ភ្ញៀវជាតិប្រមាណ ៨៨០.៥៥៣ នាក់ កើនឡើង ៦,០៥%( ប្រៀបចូលឆ្នាំចិន ២០២០) និងភ្ញៀវបរទេសផ្ទៃក្នុង ប្រមាណ ១២.០៨៥ នាក់ ថយចុះ ៨៥,៤០%(ប្រៀបចូលឆ្នាំចិន២០២០)។

ដោយឡែកគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរយៈពេល៣ថ្ងៃនេះ រួមមាន៖ រាជធានីភ្នំពេញ៖ ១១៨,៥០២នាក់, ខេត្តសៀមរាប ៖ ១១៧.៧៨៩ នាក់, ខេត្តកំពត៖ ១០២.០២៦នាក់, ខេត្តកែប៖ ៩២.៨០៤ នាក់, ខេត្តព្រះសីហនុ៖ ៨២.០៦៥នាក់, ខេត្តកណ្តាល៖ ៧២.៥១០ នាក់, ខេត្តបាត់ដំបង៖ ៦២.៤៦៤នាក់, ខេត្តកោះកុង៖ ៣៥.២២៥ នាក់, ខេត្តកំពង់ស្ពឺ៖ ២៩.៧៧០នាក់, ខេត្តពោធិ៍សាត់ ៖ ២៤.៧២៣នាក់។

ក្រសួងទេសចរណ៍ បានកត់សម្គាល់ថា ដោយសារពិធីបុណ្យប៉ះចំចុងសប្តាហ៍ (សុក្រ សៅរ៍ អាទិត្យ) លំហូរភ្ញៀវទេសចរផ្ទៃក្នុងមានភាពផុសផុលទូទាំងប្រទេស ហើយបងប្អូនប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តក្នុងស្រុកច្រើន(ដោយសារយើងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បាន)។ ទន្ទឹមនឹងនេះ ក៏នៅមានបងប្អូនប្រជាពលរដ្ឋខ្លះ នៅមិនទាន់ត្រលប់ចូលមករាជធានីភ្នំពេញវិញទេ ហើយអាជីវកម្មមួយចំនួនក៏នៅបន្តបិទទ្វាររហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ដោយតាមទំលាប់បងប្អូនដែលជាប់ខ្សែស្រឡាយចិន ពួកគាត់ច្រើននៅបន្តដើរកម្សាន្តរហូតដល់ថ្ងៃស្អែកមួយថ្ងៃទៀត។

ជាមួយគ្នានោះ តាមការវាយតំលៃបឋម ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាងពេលឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តនៅគោលដៅជិតៗ ចេញទៅពេលព្រឹក ហើយតត្រឡប់មកវិញពេលល្ងាច) ការដើរកម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារដែលសល់ពីការសែនមកតាមខ្លួនខ្លះ។ ទោះយ៉ាងណា លំហូរភ្ញៀវទេសចរទៅគ្រប់គោលដៅទេសចរណ៍នៅតាមបណ្តារាជធានីខេត្ត នៅតែជាចលករសំខាន់ក្នុងការទ្រទ្រង់វិស័យទេសចរណ៍មួយផ្នែក និងបង្កើតប្រាក់ចំណូលទៅដល់បងប្អូនប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនផងដែរ។

ចំណែកឯគ្រប់គោលដៅទេសចរណ៍ បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានីខេត្ត។ ប៉ុន្តែ នៅតាមគោលដៅទេសចរណ៍ដែលបងប្អូនសម្រុកទៅកម្សាន្តច្រើនក្នុងពេលតែមួយ នៅមិនទាន់អាចអនុវត្តបានពេញលេញនៅឡើយ។

រីឯការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ និងបញ្ហាសំរាម ក៏ត្រូវគ្រប់គ្រងបានល្អជាងមុន តែនៅតែមានបញ្ហានៅកន្លែងមួយចំនួននៅឡើយ៕