ខ្មែរប៉ុស្ដិ៍ Close

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ គ្រោងស្ថាបនាឡើងនាចុងខែមេសាខាងមុខនេះហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ គ្រោងស្ថាបនាឡើងនាចុងខែមេសាខាងមុខនេះហើយ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ គ្រោងស្ថាបនាឡើងនាចុងខែមេសាខាងមុខនេះហើយ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខាងត្បូងរាជធានីភ្នំពេញ ដែលជាគម្រោងរបស់អង្គការចៃកា ( Jica​ ) ប្រទេសជប៉ុន ដែលមានសមត្ថភាពបំលែងទឹកកខ្វក់បានប្រមាណជា៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ គ្រោងនឹងស្ថាបនាឡើងនាចុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះហើយ ដើម្បីបង្កើនសមត្ថភាពរំដោះការជន់លិច ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។

គម្រោងសាងសង់នេះបានធ្វើឡើងក្រោយពីដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានរំលោភលើទីតាំងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះរួចរាល់។

ការបង្ហាញពីគម្រោងនៃការស្ថាបនាស្ថានីយព្រឹត្តិកម្មខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្រ្តីជំនាញនាព្រឹកថ្ងៃទី ១៥ខែកុម្ភៈឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញនិងឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៍បឹងទំពុននេះ មានសមត្ថភាពបំលែងទឹកកខ្វក់បានប្រមាណជា៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលជាគម្រោងដ៏ធំដំបូងគេ។ គម្រោងនេះ នឹងធ្វើឡើងនៅក្នុងដីទំហំ ៣ហិកតាសិន ដែលអាចយកទឹកកខ្វក់ចេញពីខណ្ឌមួយចំនួនដូចជា ខណ្ឌចំការមន ខណ្ឌ៧មករានិងខណ្ឌបឹងកេងកងជាដើម ។គម្រោងនេះត្រូវតបណ្ដាញទុយោទឹកកខ្វក់ចេញពីស្ថានីយបឹងត្របែក ទំហំ ៣តឹក តភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខាងលើនេះ។

លោកក៏បានបញ្ជាក់ផងដែរថា គម្រោងខាងលើនេះក្រុមការងារ បានប្រជុំដោះស្រាយផលប៉ះពាល់ជាច្រើនលើកច្រើនសារួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៨មកម៉្លេះ ដែលមាន

ប្រជាពលរដ្ឋ ចំនួន២២គ្រួសារទទួលរងផលប៉ះពាល់នៃគម្រោងខាងលើ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលបានកំពុងដាំត្រកួន អ្នកធ្វើរោងចាំដីជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងនឹងជំរុញការដោះស្រាយឱ្យរួចរាល់នៅក្នុងអំឡុងខែមីនាហើយនៅថ្ងៃ ទី២៦ខែមេសាឆ្នាំ២០២១ នឹងអាចប្រគល់ទីតាំងខាងលើទៅឱ្យអង្គការចៃកា ដើម្បីអនុវត្តគម្រោងនៃការសាងសង់ស្ថានីយអាង ប្រព្រឹត្តកម្មទឹកកខ្វក់នេះហើយ។

ឯកឧត្តមឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី៥២០ហិកតា ហើយក្នុងចំនួននេះ គឺរាជរដ្ឋាភិបាលបានកាត់ចំនួន១៩០ហិកតា ដើម្បីធ្វើការវិនិយោគទៅឱ្យវិស័យឯកជន ហើយនៅសល់ ១៨១ហិតតាជាដីរបស់រដ្ឋដែលយើងត្រូវចាត់ចែងដើម្បីធ្វើអាងស្តុកទឹកកសាងនូវអាងប្រព្រឹត្តកម្មទឹកស្អាតនិងហេដ្ឋារចនា សម្ព័ន្ធផ្សេងទៀត។ ឯកឧត្តមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញត្រូវតែជំរុញនិងពន្លឿនការដោះស្រាយផលប៉ះពាល់នេះ ឱ្យបានលឿន ដើម្បីឱ្យ jica ស្ថាបនាអាងប្រព្រឹត្តកម្មទឹកស្អាតនេះ បានលឿនទៅតាមគម្រោងដែលបានគ្រោងទុក៕ AKP

អត្ថបទទាក់ទង