ខ្មែរប៉ុស្ដិ៍ Close

កាកបាទក្រហមអន្តរជាតិនឹងគាំទ្រកំណែទម្រង់ពន្ធនាគាររបស់ប្រទេសកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 58
កាកបាទក្រហមអន្តរជាតិនឹងគាំទ្រកំណែទម្រង់ពន្ធនាគាររបស់ប្រទេសកម្ពុជា Sar Kheng (R), Minister of Interior holds a talk with Dena Fisher, Head of Mission of the International Committee of the Red Cross ICRC. Ministry of Interior

គណៈកម្មាធិការជាតិនៃកាកបាទក្រហមអន្តរជាតិ (ICRC) បានប្តេជ្ញាផ្តល់ជំនួយដល់ប្រទេសកម្ពុជាដើម្បីលើកកម្ពស់ការងារពន្ធនាគារជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងមហាផ្ទៃដែលខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពពន្ធនាគារ។

លោកស្រី Dena Fisher នាយិកាប្រចាំប្រទេសរបស់ ICRC ដែលត្រូវបានតែងតាំងថ្មីបាននិយាយបែបនេះបន្ទាប់ពីមានជំនួបជាមួយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃពុធ។

លោកស្រីនិយាយថា៖ «ខ្ញុំគាំទ្រការកែទម្រង់ពន្ធនាគារនៅកម្ពុជា»។

លោកស្រី​បានលើកឡើងទៀតថា ICRC នឹងផ្តល់ជំនួយដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលមន្ត្រីក្រសួងឲ្យមានសមត្ថភាពលើកកម្ពស់ការងារពន្ធនាគារបន្ថែមទៀត»។

ពាក់ព័ន្ធនឹងការងារពន្ធនាគារ លោកស្រីបន្តថា ICRC ថ្មីៗនេះបានចាត់តាំងក្រុមការងារដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីមកពីក្រសួងមហាផ្ទៃ និងសុខាភិបាលស្តីពីសុខុមាលភាពអ្នកទោស។

លោកស្រីនិយាយថាការងារនេះគឺដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកទោសហើយក៏ដើម្បីលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងរាងកាយរបស់ពួកគេផងដែរ។

លោក​ ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោងដែលបានលើកឡើងដោយ ICRC និងបានចាត់តាំងរដ្ឋលេខាធិការមួយរូបពីក្រសួងដើម្បីធ្វើការលើបញ្ហានេះ។

លោកបន្តថាបច្ចុប្បន្នក្រសួងកំពុងស្វែងរកដំណោះស្រាយលើបញ្ហាពន្ធនាគារដែលចង្អៀតណែន និងតម្រូវការចាំបាច់ដែលត្រូវមានពន្ធនាគារបន្ថែមទៀត។

លោកបន្ថែមថា៖ «ការចែករំលែកព័ត៌មានពីបណ្តាប្រទេសដែលបានទទួលជោគជ័យក្នុងការដោះស្រាយលើបញ្ហាចំនួនអ្នកទោសច្រើនលើសលប់នឹងក្លាយជាមធ្យោបាយមួយដើម្បីជួយយើងក្នុងការដោះស្រាយបញ្ហានៅទីនេះ»។

លោកក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីរដ្ឋាភិបាលដែលបានចុះត្រួតពិនិត្យពន្ធនាគារជាប្រចាំ ដើម្បីលុបបំបាត់ការធ្វើទារុណកម្មអ្នកទោស តាមរយៈការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មតាមបទបញ្ជារបស់អង្គការសហប្រជាជាតិ។

លើផ្នែកជំងឺរាតត្បាតកូវីដ-១៩ អង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទិ្ធមនុស្ស និង​អង្គការ​សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទិ្ធមនុស្ស ​(លីកាដូ) បានអំពាវនាវដល់រដ្ឋាភិបាលឲ្យចាត់វិធានការជាបន្ទាន់ដើម្បីធានាសុខភាពអ្នកទោសដោយការធ្វើតេស្ត អនុវត្តវិធានការអនាម័យ និងរក្សាគម្លាតសង្គម។

ឆ្លើយតបនឹងការព្រួយបារម្ភនេះ ក្រសួងសុខាភិបាលបាននិយាយថាពួកគេបាននិងកំពុងធ្វើការជាមួយអគ្គនាយកដ្ឋានពន្ធនាគារដើម្បីតាមដានសុខភាពអ្នកទោស៕

អត្ថបទទាក់ទង