ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋឱ្យបន្តការពារខ្លួនពីជំងឺកូវីដ-១៩ ស្របនឹងប្រកាសចាក់វ៉ាក់សាំងរួច

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 38
លោក ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋឱ្យបន្តការពារខ្លួនពីជំងឺកូវីដ-១៩ ស្របនឹងប្រកាសចាក់វ៉ាក់សាំងរួច លោក ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋឱ្យបន្តការពារខ្លួនពីជំងឺកូវីដ-១៩ ស្របនឹងប្រកាសចាក់វ៉ាក់សាំងរួច

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ការពារខ្លួនពីជំងឺកូវីដ-១៩ ខណៈដែលលោកប្រកាសអំពីការទទួលបានវ៉ាក់សាំងនេះ រួចរាល់ មុនគេបង្អស់។

លោក ហ៊ុន ម៉ាណែត បានប្រកាសតាមរយៈបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា៖ «ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ»។ លោកបន្តថា៖ «សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»។

នៅថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចាក់វ៉ាក់សាំងនេះមុនគេបង្អស់សម្រាប់ការចាក់នៅក្នុងប្រទេសកម្ពុជា។

ការទទួលវ៉ាក់សាំងកូវីដ-១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។

តាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រៅពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមាន លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី, លោក ឌី វិជ្ជា លោក សុខ ពុទ្ធិវុធ លោករដ្ឋមន្រ្តី កើត រិទ្ធ លោករដ្ឋមន្រ្តី សាយ សំអាល់ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាដើម៕

អត្ថបទទាក់ទង