ខ្មែរប៉ុស្ដិ៍ Close

វិស័យឯកជនចាប់ដៃគូសហការជាមួយអាជ្ញាធរជាតិអប្សរា ជួសជុលខ្លោងទ្វារតាកាវ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 36

ដើម្បីជាការរួមចំណែកអភិរក្សនិងលើកតម្លៃខ្លោងទ្វារតាកាវនេះឡើងវិញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានសហការជាមួយវិស័យឯកជនប្រារព្ធពិធីក្រុងពាលីដើម្បីដំណើរការជួសជុលខ្លោងទ្វារតាកាវ ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អមដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី រួមនឹងលោក លោកស្រី ប្រជាពលរដ្ឋជាង២០០នាក់។

ការជួសជុលខ្លោងទ្វារតាកាវទទួលបានការឧបត្ថម្ភថវិកាទាំងស្រុងពីលោកស្រីឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍។

ក្នុងឱកាសនោះ លោកស្រីឧកញ៉ា សៀង ចាន់ហេង ក៏បានសម្តែងសេចក្តីរីករាយនិងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកស្រីចូលរួមជួសជុលជាថ្មីនៃសំណង់បុរាណក្នុងតំបន់អង្គរ ឱ្យរួចផុតពីការបាក់បែកដោយគ្រោះធម្មជាតិនិងភាពចាស់ទ្រុឌទ្រោមនៃអាយុកាល និងដើម្បីឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រនិងមហាបុព្វបុរសខ្មែរ។

បច្ចុប្បន្នខ្លោងទ្វារតាកាវ បានរងនូវការទ្រុឌទ្រោមខ្លាំងមិនអាចអនុញ្ញាតឱ្យរថយន្តធ្វើដំណើរឆ្លងកាត់បានឡើយ។ ការទ្រុឌទ្រោមនេះដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុលដើម្បីសង្គ្រោះនិងអភិរក្ស៕

អត្ថបទទាក់ទង