ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញ ឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 30
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញ ឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញ ឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត មានលំហូរចរាចរណ៍ស្រួលធ្វើដំណើរ និងមានទីធ្លាធំទូលាយសម្រាប់ ប្រជាពលរដ្ឋហាត់ប្រាណផងដែរ។

គម្រោងផែនការកែលម្អសួនច្បារមុខក្រសួងការពារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ីនេះ បានលើកឡើងនៅក្នុងកិច្ចប្រជុំរួមគ្នា រវាងរដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីជំនាញក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្នុងគោលបំណង ធ្វើឱ្យសួនច្បារនេះកាន់តែសម្រស់ស្រស់ស្អាតហើយមានភាពបន្ស៊ីគ្នាជាមួយនឹងផ្លូវច្រកចូលក្រសួងការពារជាតិ។

លោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញគាំទ្រទាំងស្រុង ចំពោះគម្រោងកែលម្អសួនច្បារនេះ ព្រោះវាបានជួយលើកសម្រស់ផ្លូវនេះឱ្យកាន់តែស្រស់ស្អាត ខណៈដែរភ្ញៀវទេសចរអន្តរជាតិ បានធ្វើដំណើរឆ្លងកាត់ច្រើន។

លោកបានណែនាំឱ្យមន្រ្តីជំនាញរបស់រដ្ឋបាល និងក្រសួងការពារជាតិត្រូវសិក្សា គម្រោងកែលម្អសួនច្បារនេះឱ្យបានច្បាស់លាស់ ហើយមានភាពស៊ីគ្នារវាងសួនច្បារចាស់នឹងសួនច្បារថ្មី ដើម្បីឱ្យតំបន់នេះបានស្រស់ស្អាតទាំងព្រម ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើរបងថ្មយ៉ាងស្រស់ស្អាតពីមុខទីស្តីការគណៈរដ្ឋមន្រ្តី ការកែលម្អរង្វង់មូលក្តាន់២ និងការរៀបចំប្រព័ន្ធចរាចរណ៍ផងដែរ។

លោកបានបញ្ជាក់ថា គម្រោងកែលម្អសួនច្បារនេះអាចនឹងស្ថាបនារួចរាល់ព្រមៗគ្នា ជាមួយនឹងការសាង់សង់អគារទីស្តីការក្រសួងការពារជាតិថ្មី ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរង្វង់ខែមិថុនា ឆ្នាំ២០២១នេះ។ បន្ទាប់មកតំបន់នេះនឹងមានលំហូរចរាចរណ៍ធ្វើដំណើរងាយស្រួលឡើងវិញ មិនប្រឈមនឹងការកកស្ទះដូចសព្វថ្ងៃឡើយ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «បើមើលមួយប្លែកយើងថា ការកែសួនធម្មតា ប៉ុន្តែបើសិក្សាពីប្រវត្តិសួន ឃើញថា សួននេះស្ថាបនាយូរលុងណាស់មកហើយ ហើយវាសិ្ថតនៅទីតំាងផ្លូវអន្តរជាតិ ដែលទទួលភ្ញៀវជាតិ និងអន្តរជាតិធ្វើការឆ្លងកាត់! អ៊ីចឹងទេ ការកែលម្អសួន សូមឱ្យមន្ទីរសាធារណការធ្វើកិច្ចការងារនេះ ជាមួយក្រុមការងារបច្ចេកទេស ហើយឱ្យចេញជាប្លង់សួនចេញពីកា្តន់២ធ្វើម៉េចឱ្យមានស៊ីមេទ្រីគ្នាក្នុងរចនាបថតែមួយ ខ្ញុំសូមឯកភាពទាំងស្រុង»។

លោកឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជានាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានថ្លែងថា គម្រោងកែលម្អសួនច្បារមុខទីស្តីការ ក្រសួងពារជាតិនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាពទំាងក្រសួង និងសួនច្បារឱ្យមានភាពស្រស់ ស្អាតបន្ស៊ីគ្នាប៉ុណ្ណោះទេ គឺបានបើកឱ្យមានចរាចរណ៍ចេញចូលងាយស្រួលផងដែរ។

សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតាំងធំទូលាយជាងមុន៕

អត្ថបទទាក់ទង