ខ្មែរប៉ុស្ដិ៍ Close

ប្រធាន CAMSOC ដាក់ចេញវិធានការគន្លឹះ ដើម្បីជំរុញប្រសិទ្ធភាពយុទ្ធនាការអប់រំសង្គម ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
ប្រធាន CAMSOC ដាក់ចេញវិធានការគន្លឹះ ដើម្បីជំរុញប្រសិទ្ធភាពយុទ្ធនាការអប់រំសង្គម ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រធាន CAMSOC ដាក់ចេញវិធានការគន្លឹះ ដើម្បីជំរុញប្រសិទ្ធភាពយុទ្ធនាការអប់រំសង្គម ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

លោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសបើកយុទ្ធនាការអប់រំសង្គមទូទាំងប្រទេសជាផ្លូវការហើយ បន្ទាប់ពីបញ្ចប់អង្គសន្និបាត និងសិក្ខាសាលាថ្នាក់ជាតិ ដែលរៀបចំនៅសណ្ឋាគារហ្គាឌិនស៊ីធី នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ទន្ទឹមជាមួយគ្នា ថ្នាក់ដឹកនាំកំពូល CAMSOC ខាងលើក៏បានផ្ដល់អនុសាសន៍ និងដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនសម្រាប់ក្រសួង ស្ថាប័ន អាជ្ញាធរ ដែលជាសមាជិកថ្នាក់ដឹកនាំ CAMSOC រួមទាំងគណៈកម្មការជំនាញទាំង១៤ អនុវត្តការងារប្រកបដោយប្រសិទ្ធភាព ពិសេសយុទ្ធនាការអប់រំសង្គម ដើម្បីឆ្ពោះទៅរកជោគជ័យក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានផ្ដល់អនុសាសន៍ ៦ចំណុចសម្រាប់គ្រប់ភាគីពាក់ព័ន្ធ CAMSOC អនុវត្តរួមមាន៖

ទី១-យកពិសោធ និងបញ្ហាប្រឈមការងារឆ្នាំ២០២០ ធ្វើជាកាលានុវឌ្ឍភាពនៃការកែលម្អចំណុចខ្វះខាត រួចពង្រឹងការដឹកនាំអនុវត្តប្រកបដោយជំនាញវិជ្ជាជីវៈ គោរពបទដ្ឋានគតិយុត្តិ តួនាទី-ភារកិច្ច ដែលបានចែង និងកំណត់រួច ពិសេសត្រូវទទួលខុសត្រូវខ្ពស់ ចំពោះមុខថ្នាក់ដឹកនាំ CAMSOC។

ទី២-សូមអគ្គលេខាធិការដ្ឋាន និងគណៈកម្មការជំនាញទាំងអស់ ពង្រឹងយន្ដការការងារ គោរពក្រមប្រតិបត្តិ និងក្រមសីលធម៌ការងារឲ្យបានខ្ជាប់ខ្ជួន ពិសេសស្ដាប់ និងអនុវត្តតាមការណែនាំតម្រង់ទិសរបស់ថ្នាក់ដឹកនាំ និងការចាត់ចែងការងារជំនាញពីអគ្គលេខាធិការ ដើម្បីបង្កើតសុខុដុមបនីយកម្មលើប្រសិទ្ធភាពការងាររបស់ CAMSOC។

ទី៣-សូមកំណត់គោលការណ៍ចែករំលែកការងារជំនាញបច្ចេកទេស ឬកញ្ចប់ការងារសំខាន់ៗតាមឧត្តមានុវឌ្ឍកន្លងមកឲ្យទៅក្រុមហ៊ុនជាតិ-អន្ដរជាតិ លើវិស័យឯកជន ដែលមានឯកទេសច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងទទួលខុសត្រូវមុខងារសំខាន់ៗត្រូវបំពេញ។

ទី៤-ត្រូវប្ដេជ្ញាចិត្តប្រកបដោយឆន្ទៈមុតស្រួច និងត្រូវចាត់ទុកថា ផែនការសកម្មភាពឆ្នាំ២០២១ គឺជាភារកិច្ចដ៏មានសារៈសំខាន់ និងជាពេលរៀបចំការប្រកួត Games Operation Time សូមយកចិត្តទុកដាក់បំពេញភារកិច្ចឲ្យគ្រប់ខ្លឹមសារមុខងារ ដែលបានកំណត់ ចំពោះជោគជ័យឆ្នាំ២០២១ ក៏ដូចជាសមិទ្ធកម្មគន្លឹះ នៃជោគជ័យឆ្នាំ២០២២ និងឆ្នាំ២០២៣។

ទី៥-ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ក្នុងក្របខណ្ឌថ្នាក់ដឹកនាំ CAMSOC ត្រូវរៀបចំយន្ដការ សហការតាមសេចក្ដីត្រូវការចាំបាច់ ជាមួយគណៈកម្មការជំនាញ ដោយចាប់ផ្ដើមសកម្មភាពការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីពេលនេះតទៅ ។

ទី៦-ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដែលទទួលខុសត្រូវការងារផ្ទាល់ជាមួយការងារជំនាញកីឡា ត្រូវពង្រឹងស្មារតីធ្វើការជាក្រុម(Team Work) ឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយមិនទុកចោលការទទួលខុសត្រូវរបស់ខ្លួនឡើយ ។

ចំពោះវិធានការណ៍ ដែលប្រមុខ CAMSOC បានដាក់ចេញឲ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រសួង ស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធនាការអប់រំសង្គម

បន្ទាប់ពីលោកប្រកាសបើកផ្លូវការទូទាំងប្រទេស មានដូចជា៖

ទី១-ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរពាក់ព័ន្ធផ្ទាល់ ក្នុងការប្រតិបត្តិការអនុវត្តយុទ្ធនាការទាំងនេះ ត្រូវចាប់ផ្ដើមផ្សព្វផ្សាយ និងពង្រឹងយន្ដការ ដែលមានស្រាប់ និងយន្ដការចាំបាច់នានាបន្ថែម ដោយប្រើខ្លឹមសារភ្ជាប់ជាមួយថា “យុទ្ធនាការនេះ ដើម្បីឆ្ពោះទៅគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

ទី២-សូមឲ្យប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ក៏ដូចជាឯកជន តាមរយៈទូរទស្សន៍ វិទ្យុ កាសែត ប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធព័ត៌មានសង្គមនានា ត្រូវចូលរួមសហការដោយកំណត់រៀបចំកម្មវិធីពេលវេលាច្បាស់លាស់ ជួយផ្សព្វផ្សាយយុទ្ធនាការសង្គមនេះឲ្យបានទូលំទូលាយគ្រប់ដណ្ដប់ទូទាំងប្រទេសចាប់ពីពេលនេះតទៅ ។

៣-សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនាមម្ចាស់ផ្ទះ ដើម្បីរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ចូលរួមគាំទ្រ និងចូលរួមអនុវត្តផ្ទាល់ជាមួយក្រុមការងារយុទ្ធនាការនេះ ដើម្បីសាងកេរ្ដិ៍ឈ្មោះកម្ពុជាឲ្យអស្ចារ្យថែមទៀតលើឆាកអន្ដរជាតិ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល កំណត់កាលបរិច្ឆេទរៀបចំ ចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ហើយការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងរៀបចំចាប់ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ។ ជាមួយការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់ជាប្រវត្តិសាស្ដ្រនេះ កម្ពុជាបានចាត់ទុកឆ្នាំ២០២១ គឺជាឆ្នាំដ៏សំខាន់ នៃការចាប់ផ្ដើម ដោយត្រូវសម្រេចកាងារឲ្យបានយ៉ាងហោច ៧០ ទៅ ៨០% ដើម្បីជាសមិទ្ធកម្មគន្លឹះ នៃភាពជោគជ័យឆ្នាំ២០២៣៕

អត្ថបទទាក់ទង