រយៈពេល១៧ឆ្នាំមកនេះ កម្ពុជាបានទទួលស្នាដៃគួរជាទីមោទនៈ ក្នុងការចូលរួមរក្សាសន្តិភាព ជាមួយអង្គការសហប្រជាជាតិ
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានឲ្យដឹងថា រយៈពេល១៧ឆ្នាំមកនេះ កម្ពុជាបានទទួលស្នាដៃធំធេងគួរជាទីមោទនៈ ក្នុងការបញ្ចូនកងកម្លាំងចូលរួមរក្សាសន្តិភាព ជាមួយអង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងបែបនេះ នៅក្នុងពិធីជូនដំណើរកងកំទេចគ្រឿងផ្ទុះលេខ៩៨ ចេញបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅទីស្តីការក្រសួងការពារជាតិ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។
លោក សែម សុវណ្ណនី បានបន្តថា គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្លាំងកម្ពុជាសរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះ ចំនួន ៦៨១នាក់ បានបំពេញបេសកកម្មចំនួន ១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ នៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្ន កម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារីចំនួន ១៣០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្ដាល និងម៉ាលី។
ហើយកងកម្លាំងដែលនឹងចេញដំណើរនាពេលនេះ មានចំនួនសរុប ៩៨នាក់ ក្នុងនោះមាននារី ១០នាក់ មកពីបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដោយទទួលបានការហ្វឹកហ្វឺនមុនចល័ត និងលើជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព ពីគ្រូបង្គោលកម្ពុជា សាធារណៈរដ្ឋបារាំង ប្រទេសអូស្ត្រាលី និងបណ្តាប្រទេសជាមិត្ត ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផល ដូចបណ្តាកងមុនៗដែរ។ កងកម្ទេចគ្រឿងផ្ទុះនេះ ក៏ជាជំនាញថ្មី សម្រាប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយនារីត្រូវបានតែងតាំងជាមេបញ្ជាការកង ជាលើកដំបូង និងមានសមត្ថភាពប្រើប្រាស់ភាសាបារាំង និងអង់គ្លេស។ នេះសបញ្ជាក់ពីការតាំងចិត្តពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ គណកម្មាធិការ ឆ្លើយតបទៅនឹង សកម្មភាពដើម្បីសន្តិភាពបូក និងយុទ្ធសាស្ត្រសមភាពយេនឌ័រ ឆ្នាំ២០២៨ របស់អង្គការសហប្រជាជាតិ។
លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានថ្លែងថា ការចេញដំណើរ របស់កងកម្ទេចគ្រឿងផ្ទុះលេខ៩៨ លើកនេះ បានបញ្ជាក់ឡើងវិញពីការតាំងចិត្តរបស់កម្ពុជា ក្នុងការលើកតម្កើងស្មារតី នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងចូលរួមជាមួយសហគមន៍ដ៏ពិតប្រាកដនៃប្រជាជាតិ រួបរួមគ្នាក្នុងការស្វែងរកសន្តិភាព និងអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិទាំងអស់។ ហើយការចូលរួមរបស់អស់លោក លោកស្រី បង្ហាញថាការរួបរួមគ្នា គឺជាចំណងសាមគ្គីដ៏រឹងមាំ ដែលមិនមានកម្លាំងឥទ្ធិពលណាមកបំបែកបានឡើយ។ ឯកឧត្តម សង្ឃឹមថា ការរួមសាមគ្គីនេះ នឹងដើរតួនាទីជាពន្លឺនៃក្តីសង្ឃឹមដល់មនុស្សដទៃ មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកផងដែរ៕