ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋនិងឯកជនឱ្យស្នើសុំថវិកាផលិតសៀវភៅ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 43
ក្រសួងអប់រំលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋនិងឯកជនឱ្យស្នើសុំថវិកាផលិតសៀវភៅ ក្រសួងអប់រំលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋនិងឯកជនឱ្យស្នើសុំថវិកាផលិតសៀវភៅ

ភ្នំពេញ៖ ក្រសួងអប់រំលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាឱ្យស្នើសុំថវិកាមូលនិធិដើម្បីផលិតសៀវភៅស្រាវជ្រាវឱ្យបានច្រើន ដើម្បីជួយសម្រួលដល់ការសិក្សា ស្រាវជ្រាវរបស់និស្សិត។

ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងដល់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បុគ្គលិកអប់រំ និស្សិត និងសាធារណជនទាំងអស់ថា ដោយមានការធ្វើអាទិភាពភាវូបនីយកម្មទៅលើទិសដៅនៃការប្រើប្រាស់ថវិកានៃមូលនិធិ ស.គ.ន សម្រាប់ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ការគាំទ្រដល់ការរៀបរៀង និពន្ធ និងកែលម្អ សៀវភៅសិក្សា(Text book) ដែលនឹងត្រូវប្រើប្រាស់នៅកម្រិតឧត្តមសិក្សា។

សេចក្តីប្រកាសបញ្ជាក់ថា ជំហានទី១ នៃនីតិវិធីស្នើសុំថវិកាគិតចាប់ពីថ្ងៃប្រកាសព័ត៌មាន ស្តីពី ការផ្តល់មូលនិធិ ស.គ.ន ដែល បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ រហូតដល់សប្តាហ៍ទី១ ខែមករា ឆ្នាំ២០២១ មានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន១៥ បានដាក់ពាក្យស្នើសុំថវិកានៃមូលនិធិ ស.គ.នសម្រាប់ការរៀបរៀង កែលម្អ និងនិពន្ធសៀវភៅសិក្សា សរុបចំនួន៦២១ ចំណងជើង។

ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើលិខិតឆ្លើយតបទៅកាន់សំណើនៃគ្រឹះស្ថានឧត្តមសិក្សាចំនួន១៣ និងកំពុងពិនិត្យសំណើនៃគ្រឹះស្ថានឧត្តមសិក្សាចំនួន០២។

ក្រសួងអប់រំ យុវជន និងកីឡា សូមវាយតម្លៃខ្ពស់ចំពោះការ បោះជំហាន ប្រកបដោយមនសិការវិជ្ជាជីវៈ នៃគ្រឹះស្ថានឧត្តមសិក្សា និងបុគ្គលិកអប់រំទាំងអស់ ក្នុងការរៀបចំរៀបរៀង កែលម្អ និងនិពន្ធសៀភៅសិក្សា ដើម្បីបង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រឹងសមធម៌នៃធនធានសិក្សា ជាខេមរភាសា ជូននិស្សិតដែលកំពុងបន្តការ សិក្សា និងត្រៀមខ្លួនធ្វើការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ព្រោះសៀវភៅសិក្សាជាផ្នែកមួយនៃការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា និងជាធនធានសិក្សា ដែលជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការគាំទ្រដល់ការបង្រៀននិង រៀន ហើយត្រូវមានបរិមាណគ្រប់គ្រាន់ ឆ្លើយតបទៅនឹងកម្មវិធីអប់រំ និងតម្រូវការសិក្សាស្រាវជ្រាវ។

ក្រសួងបានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដែលបានស្នើសុំថវិកាមូលនិធិបន្ថែម សម្រាប់បង្កើនចំនួនចំណងជើងសៀវភៅ និងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនដែលពុំទាន់បាន ដាក់ពាក្យស្នើសុំ សូមមេត្តាចូលរួម ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដល់តម្រូវការដ៏ទទូចនិងថ្លៃថ្លានៃនិស្សិតកម្ពុជាក្នុងការសិក្សា និងស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា៕

អត្ថបទទាក់ទង