ខ្មែរប៉ុស្ដិ៍ Close

វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​អម​មួយ​ក្នុងចំណោម​វេទិកា​ទាំង​៧​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 14
វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​អម​មួយ​ក្នុងចំណោម​វេទិកា​ទាំង​៧​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​អម​មួយ​ក្នុងចំណោម​វេទិកា​ទាំង​៧​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM)

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​អម​មួយ​ក្នុងចំណោម​វេទិកា​ទាំង​៧ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) ហើយ​កិច្ចប្រជុំ​កំពូល​នេះ​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ចសហប្រតិបត្ដិការ​រ​វាង​តំបន់ និង​តំបន់ ដែល​ផ្ដល់​ប្រ​យោ ជន៍​ជាច្រើន​ដល់​កម្ពុជា​។

​ការ​ថ្លែង​បែបនេះ​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​លេខាធិការដ្ឋាន និង​ក្រុមការងារ​សម្រាប់​ត្រៀម​រៀបចំ​វេទិកា “​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១” កាលពី​ថ្ងៃ​១៤​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១២ ខែមករា ឆ្នាំ​២០២១​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ជា​វេទិកា​សម្រាប់​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទ្វីបអាស៊ី និង​អឺរ៉ុប ដែល​ផ្តោតលើ​ការពង្រឹង​ភាពជា​ដៃគូ​ជំរុញឱ្យមាន​សន្តិភាព និង​សន្តិសុខ និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព ហើយ​កិច្ចប្រជុំ​នេះ​មាន​វិសាលភាព​គ្របដណ្តប់​លើ​ទិដ្ឋភាព​នយោបាយ និង​សន្តិសុខ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទិដ្ឋភាព​វប្បធម៌​-​សង្គម ហើយ​យន្តការ​នេះ​ក៏​ជា​វេទិកា​ដ៏​ល្អប្រសើរ​សម្រាប់​ថ្នាក់ដឹកនាំ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​នានា​ផងដែរ​។​

​ទន្ទឹមនឹងនេះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា វេទិកា​នេះ​ត្រូវ​ត្រៀម​ជា​លក្ខណៈ Virtual និង Physical ហើយ​ការអញ្ជើញ​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ព្រោះ​អ្នកចូលរួម​សុទ្ធ​តែមាន​សក្ដានុពល​ខ្ពស់ ព្រមទាំង​ត្រៀម​វីដេអូ​ឱ្យបាន​រួចរាល់​ជាមុន​។ ម្យ៉ាងវិញទៀត ដោយ​បច្ចុប្បន្ន​ស្ថិតក្នុង​បរិការណ៍​នៃ​ការ​រាតត្បាត​ជំងឺ COVID-19 ត្រូវ​គិតពី​ឧបករណ៍​សុវត្ថិភាព​ដើម្បី​ត្រៀម​រៀបចំ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ ព្រមទាំង​ចំនួន​ភ្ញៀវ​ចូលរួម បន្ទប់​ប្រជុំ គម្លាត​សុវត្ថិភាព ម៉ាស ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ និង​ឧបករណ៍​ថត​សីតុណ្ហភាព ដោយ​អនុលោម​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ផងដែរ ជាពិសេស​ត្រូវ​ត្រៀម​គ្រូពេទ្យ​សម្រាប់​សង្គ្រោះ​នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​។​

​ជាមួយគ្នានេះដែរ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មការ​លេខាធិកា​រដ្ឋា​ន ព្រមទាំង​ក្រុមការងារ និង​តំណាង​មកពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​បាន​ខិតខំ​ចំណាយ​ពេលវេលា​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក ដើម្បី​ត្រៀម​រៀបចំ​វេទិកា​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ និង​ផ្លែផ្កា នៅពេល​ខាងមុខនេះ​៕