ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា បន្តកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 95
អាជ្ញាធរជាតិអប្សរា បន្តកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី អាជ្ញាធរជាតិអប្សរា បន្តកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី

ក្រោយពីទទួលបានការឯកភាពពីក្រុមអ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ នាថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ អាជ្ញាធរជាតិអប្សរា បានបន្តដំណើរការគម្រោងកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ដោយមានរៀប ចំជាផ្លូវថ្មើរជើងនិងប្រព័ន្ធរំដោះទឹក ព្រមទាំងដាំស្មៅឱ្យមានភាពបៃតងស្រស់បំព្រង ដើម្បីលើកតម្លៃបរិវេណអង្គរធំទាំងមូល។

យោងតាមឯកសារប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩០៩ មុខព្រះ លានជល់ដំរីនេះគឺពុំមានស្លាកស្នាមផ្លូវសម្រាប់យានជំនិះចេញចូលនោះទេ។ នៅឆ្នាំ១៩១២ ទើបឃើញមានផ្លូវមួយស្របក្បែរនឹងប្រាសាទសួរព្រ័ត្រ។ រីឯផ្លូវជាប់នឹងព្រះលានជល់ដំរីទើបមានពេលក្រោយ នៅឆ្នាំ១៩២៨ ប៉ុណ្ណោះ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកក្នុងកិច្ចការនេះ បានឱ្យដឹងថា ដោយមើល ឃើញពីហានិភ័យចំពោះប្រាសាទ(រំញ័រនិងការពុកផុយថ្ម) និងភ្ញៀវទេសចរ (គ្រោះថ្នាក់ចរាចរណ៍) ដែលបង្កដោយការបើកបរយានជំនិះគ្រប់ប្រភេទ លើផ្លូវដែលកៀកខ្លាំងនឹងព្រះលានជល់ដំរី និងក្នុងគោលបំណងលើកតម្លៃបរិវេណនេះឱ្យមានលក្ខណៈដើម និងបង្ក លក្ខណៈងាយ ស្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរ ទើបអាជ្ញាធរជាតិអប្សរា បានកែលម្អផ្លូវស្របនឹងប្រាសាទសួរព្រ័ត្រសម្រាប់យានយន្ត ហើយផ្លូវមុខព្រះលានជល់ដំរីសម្រាប់ការដើរថ្មើរជើង។

ចំពោះទីតាំងដែលត្រូវកែលម្អទាំងស្រុងគឺចាប់ពីកាច់ជ្រុងខាងជើងប្រាសាទបាយ័ន្ត រហូតដល់ចំណុចមុខព្រះពន្លាស្តេចគម្លង់។ ក្រុមការងារនឹងបិទទីតាំងនេះជា ដំណាក់ កាលមិនឱ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរឡើយ ហើយកិច្ចការនេះគ្រោងនឹងបញ្ចប់រយៈពេល៦ខែ៕

អត្ថបទទាក់ទង