ខ្មែរប៉ុស្ដិ៍ Close

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាកន្លែងរក្សាទុកវត្ថុសិល្បៈពីបុរាណជាច្រើន ដែលយុវជនជំនាន់ក្រោយស្ទើតែមិនទាន់បានស្គាល់

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 61
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាកន្លែងរក្សាទុកវត្ថុសិល្បៈពីបុរាណជាច្រើន ដែលយុវជនជំនាន់ក្រោយស្ទើតែមិនទាន់បានស្គាល់ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាកន្លែងរក្សាទុកវត្ថុសិល្បៈពីបុរាណជាច្រើន ដែលយុវជនជំនាន់ក្រោយស្ទើតែមិនទាន់បានស្គាល់

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្សវត្ថុបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា យកមករក្សាទុកនៅទីនេះ។

សារមន្ទីរមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រៅបានបើកឱ្យសាធារណៈបានចូលទស្សនាហើយ ក៏អនុញ្ញាតឱ្យ អ្នកសិក្សាស្រាវជ្រាវនានាចូលមកសិក្សាស្វែងយល់ផងដែរ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រតិភូក្រុមប្រឹក្សាកុមាយុវជន រាជធានីភ្នំពេញ ចំនួនប្រមាណ២៥០នាក់ បានចូលមកទស្សនា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោមការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរជាតិអប្សរា។

មកដល់ទីនេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះពួកគាត់បានឃើញវត្ថុសិល្បៈជាច្រើន ដែលកន្លងមកស្ទើមិនធ្លាប់បានឃើញទាល់តែសោះ។
លោកវ៉ន ដារ៉ូ នាយកសាលាទួលស្វាយព្រៃ ក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានដឹកនាំសិស្សានុសិស្សមកធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ព្រោះបានឃើញវត្ថុបុរាណមានតម្លៃជាច្រើនរាប់រយប្រភេទ មានទាំងព្រះពុទ្ធបដិមា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា។ លោកបន្តថា សារមន្ទីរនេះបានដើរតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការថែរក្សា និងអភិរក្សវត្ថុសិល្បៈមានតម្លៃនានា ដើម្បីតាំងបង្ហាញសម្រាប់សាធារណៈបានទស្សនានិងសិក្សាស្វែងយល់។ លោកគ្រូ ចង់ឱ្យយុវជនជំនាន់ក្រោយ ចូលមកទស្សនានៅសារមន្ទីរបែបនេះ ព្រោះថានឹងជំរុញទឹកចិត្តយុវជនឱ្យកាន់តែស្រឡាញ់វប្បធម៌របស់ជាតិខ្លួន។

យុវជន សីខៈទី មុនី អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក រាជធានីភ្នំពេញ បានឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលប្អូនបានចូលមកទស្សនានៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ មកដល់ទីនេះ ប្អូនបានឃើញវត្ថុសិល្បៈដ៏មានតម្លៃជាច្រើន ដែលខ្លួនមិនធ្លាប់បានឃើញកន្លងមក ព្រមជាមួយការធ្វើបទបង្ហាញពីមគ្គុទេសនៅក្នុងសារមន្ទីរផង ធ្វើឱ្យប្អូនបានយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃវត្ថុសិល្បៈទាំងនោះ។
យុវជនរូបនេះបានបង្ហាញការគាំទ្រ នៅពេលបានឃើញការដាក់តាំងបង្ហាញវត្ថុសិល្បៈទាំងអស់នេះ ព្រោះថាអាចឱ្យប្រជាពលរដ្ឋ យុវជន ឬភ្ញៀវទេសចរ ចូលមកទស្សនា និងសិក្សាស្វែងយល់។

សូមជម្រាបផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណៈជនជាដើម៕

អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោក ភោគ ជា

អត្ថបទទាក់ទង