ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បញ្ជាឱ្យស្រាវជ្រាវចាប់ម៉ូតូធំៗដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 26
លោកឧបនាយករដ្ឋមន្ដ្រី  ស ខេង បញ្ជាឱ្យស្រាវជ្រាវចាប់ម៉ូតូធំៗដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បញ្ជាឱ្យស្រាវជ្រាវចាប់ម៉ូតូធំៗដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ។

ការដាក់បទបញ្ជារបស់ឧបនាយករដ្ឋមន្ដ្រី ស ខេង ធ្វើឡើងបន្ទាប់ពីលោកសង្កេតឃើញថា មានករណីក្មេងទំនើងមួយចំនួនជិះម៉ូតូធំ កែច្នៃបំពុងស៉ីម៉ាំង ខុសលក្ខណៈបច្ចេកទេសនៃទ្រង់ទ្រាយដើម ហើយមានសំឡេងលឺខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ពិសេសលោកផ្ទាល់ក៏ធ្លាប់ជួបការរំខាន ដោយសំលឡេងបំពុងស៉ីម៉ាំងនេះផងដែរ។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្ននៅក្នុងក្រុងម៉ូតូធំៗ ម៉ូតូហាក់ឡីជាដើម ស្នើក្រសួងសាធារណការ បញ្ជូនផ្លាកលេខមកប៉ូលិស ដើម្បីឲ្យដឹងអាសយដ្ឋានម៉ូតូហ្នឹង ព្រោះម៉ូតូនេះសុទ្ធតែក្មេងទំនើងជិះ វាជិះហើយវាដកបំពុងស៉ីម៉ាំងចេញ។ បើវាជិះមុខផ្ទះយើង បើដេកកំពុងតែស្ងប់ដឹងតែភ្ញាក់, លោកនាយករដ្ឋមន្ដ្រី ធ្លាប់រអ៊ូលើបញ្ហានេះនៅម្ដុំវិមានឯករាជ្យ»។

បទបញ្ជាជាថ្មីរបស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីកែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងដែលមានការពាក់ព័ន្ធ និងប្រធានស្ថាប័នជាច្រើនផ្សេងទៀតផងដែរ។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានកត់សម្គាល់ថា កន្លងទៅអ្នកជិះម៉ូតូធំៗនេះ គឺជិះលឿនៗ ហើយខ្លះបានបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពេលខ្លះរំខានដល់ដំណេករបស់ថ្នាក់ដឹកនាំថែមទៀតផង ដូច្នេះមន្ដ្រីនគរបាល ត្រូវឃ្លាំមើលសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកំណត់អត្តសញ្ញាណ និងអាសយដ្ឋានអ្នកជិះម៉ូតូទាំងអស់នេះ។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានសង្កត់ធ្ងន់ទៀតថា ករណីម៉ូតូធំបង្កជាសំឡេងរំខាន នេះត្រូវតែលុបបំបាត់ ដោយមិនត្រូវឲ្យមានបន្ដទៀតនៅក្នុងសង្គមឡើយ៕

អត្ថបទទាក់ទង