ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម វេ​ង សាខុន អញ្ជើញ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 31
ឯកឧត្តម វេ​ង សាខុន អញ្ជើញ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ ឯកឧត្តម វេ​ង សាខុន អញ្ជើញ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ

​តាម​ប្រភពព័ត៌មាន​ពី​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា កាលពី​ថ្ងៃ​៧​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​០៥ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដំណើរ​ដោយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ចំនួន ០២​កន្លែង ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​កសិដ្ឋាន​ទី​១៖ កសិដ្ឋាន​លោក សឿ ម៉ៅ និង​លោក លីម សុខ​ហេង ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ បានឱ្យដឹងថា កសិដ្ឋាន​ចិញ្ចឹម​ត្រី​នេះ បាន​ដំណើរការ​ជាង ១៨​ឆ្នាំ​ហើយ បច្ចុប្បន្ន​កសិដ្ឋាន​មាន​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​ចំនួន ១៥​ស្រះ ទំហំ​ចាប់ពី ៦.០០០-១០. ០០០​ម៉ែត្រក្រឡា សមត្ថភាព​ផលិត​ត្រី​ប្រា​បាន ២.០០០​តោន​/​ឆ្នាំ ដោយ​ប្រើ​ចំណី​ផលិត​ដោយ​ខ្លួនឯង​ផង និង​ក្រុមហ៊ុន​ផង​។ លោក​បាន​បន្ថែមថា កសិដ្ឋាន​បាននិងកំពុង​រៀបចំ​ប្តូរ​ទីតាំង​ទៅ​ចិញ្ចឹម​នៅ​ខេត្តកំពង់ឆ្នាំង​វិញ លើ​ផ្ទៃដី​ជាង​១០​ហិកតា ដោយសារ​តំបន់​បច្ចុប្បន្ននេះ កំពុងមាន​ការអភិវឌ្ឍ និង​មិន​អំណោយផល​ក្នុងការ​ចិញ្ចឹម​ទៀត​ទេ​។​

​កសិដ្ឋាន​ទី​២៖ លោក ង៉ែត ទូច អ្នកគ្រប់គ្រង​ទូទៅ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប្រា​មួយទៀត​ស្ថិតនៅ​ភូមិធំ​ខាងជើង សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ បានឱ្យដឹងថា កសិដ្ឋាន​មាន​រយៈពេល ៧​ឆ្នាំ​មកហើយ បច្ចុប្បន្ន​មាន​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​ធំៗ​ចំនួន ៨​ស្រះ សរុប​ដាក់​កូន​ត្រី​ចិញ្ចឹម ១​លាន​កូន​។ ដោយ​អនុវត្តតាម​គោលការណ៍​បច្ចេកទេស​ចិញ្ចឹម​ត្រី​ដូចជា ការផ្តល់​ចំណី ការសម្អាត​ស្រះ ការគ្រប់គ្រង ប្រើប្រាស់ និង​សម្អាត​ទឹក​។​ល​។ រួមផ្សំ​ជាមួយ​ពូជ​ល្អ ចំណី​មាន​គុណភាព លក្ខខណ្ឌ​ចិញ្ចឹម​អំណោយផល ការថែទាំ​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ជាពិសេស​ការលក់ដុំ និង​លក់រាយ​ដោយ​ខ្លួនឯង​ផ្ទាល់​នៅលើ​ទីផ្សារ មិន​រំពឹង​ឈ្មួញកណ្តាល កសិដ្ឋាន​អាច​ប្រមូល​ផល និង​លក់បាន ៧០០​តោន​/​ឆ្នាំ ហើយ​អនាគត​គ្រោង​ចិញ្ចឹម​ឱ្យបាន ១. ០០០​តោន​/​ឆ្នាំ ដើម្បី​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ​ក្នុងស្រុក​។

​ពិនិត្យឃើញ​ទិដ្ឋភាព​ជារួម និង​សកម្មភាព​ចិញ្ចឹម​របស់​កសិដ្ឋាន​ទាំងពីរ​រួចមក ឯកឧត្ដម​រដ្ឋមន្ត្រី​បានធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ប្រកាន់យក​របរ​ចិញ្ចឹម​ត្រី ដើម្បី​ចូលរួមចំណែក​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ ចូល​។ បើទោះបី​ក្នុង​រយៈពេល​កន្លងមក តម្រូវការ​ទីផ្សារ តម្លៃ​មានការ​ធ្លាក់ចុះ​បន្តិច​ក្តី ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​បាននិងកំពុង​កើតឡើង​បន្តិច​វិញ ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ វា​រី​វប្បករ​ត្រូវ​បន្ត​រក្សា​មុខរបរ​នេះ ព្រោះថា នេះ​គឺជា​អាជីព​យ៉ាងរឹងមាំ និង​បាន​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការធានា​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ណែ​នាំឱ្យ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ត និង​សមាគម​វា​រី​វប្បករ​កម្ពុជា ជួយ​រក​ទីផ្សារ ដើម្បី​រក្សា​និរន្តរភាព​ផលិតកម្ម​ចិញ្ចឹម ហើយ​ជួយ​រៀបចំ​ផែនការ​ផលិតកម្ម ចងក្រង​បណ្តុំ​អ្នក​ចិញ្ចឹម និង​បញ្ចូល​បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត ទាំង​ការផលិត​កូន ផ្តល់​ចំណី និង​បរិស្ថាន​ចិញ្ចឹម ឈាន​ឆ្ពោះទៅ​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម រួមទាំង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម​សំដៅ​ដល់​ការកែច្នៃ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ខុសច្បាប់​ពី​ប្រទេសជិតខាង ហើយ​អំពាវនាវ​ដល់​អ្នក​នាំចូល​ត្រី​ងាក​មក​ប្រមូល​ទិញ​ត្រី​របស់​វា​រី​ប្បករ​វិញ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​៕

អត្ថបទទាក់ទង