ខ្មែរប៉ុស្ដិ៍ Close

    ពលករចំណាកស្រុកជាង ៦ ០០០ នាក់បានវិលត្រឡប់ពីប្រទេសថៃ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1423

    ពលករចំណាកស្រុកសរុបចំនួន ៦ ៤៦៥ នាក់បានវិលត្រឡប់មកពីប្រទេសថៃក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះហើយមានពលករប្រមាណ ១២៩ នាក់ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីធ្វើចត្តាឡីស័កនៅមណ្ឌលក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ។

    លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបាននិយាយកាលពីម្សិលមិញថាលោកបានណែនាំដល់មន្រ្តីពាក់ព័ន្ធឲ្យធានាថាអ្នកដែលវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូស្មាច់ត្រូវតែត្រូវតែធ្វើចត្តាឡីស័កដូចដែលក្រសួងសុខាភិបាលបានណែនាំ​។

    លោកបន្តថាអាជ្ញាធរនៅតាមភូមិ ឃុំ និងស្រុកត្រូវរាយការណ៍ជាបន្ទាន់ប្រសិនបើពួកគេសង្ស័យ ឬឃើញពលករចំណាកស្រុកដែលបានមកពីប្រទេសថៃ ហើយបានវិលត្រឡប់ទៅផ្ទះវិញដោយគ្មានឯកសារបញ្ជាក់ថាពួកគេបានធ្វើចត្តាឡីស័ក។

    លោកថា៖ «ខ្ញុំសូមអំពាវនាវដល់ពលករទាំងអស់ដែលត្រឡប់មកពីបរទេសចូលរួមក្នុងការអនុវត្តវិធានការសុខភាព កុំខ្លាច ឬចៀសវាងពីការធ្វើចត្តាឡីស័កអី»។

    លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឲ្យរាយការណ៍ជាបន្ទាន់ ប្រសិនបើដឹងថាមានប្រជាពលរដ្ឋមកពីបរទេសបានវិលត្រឡប់ទៅផ្ទះវិញដោយមិនបានធ្វើចត្តាឡីស័ក។

    លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងនៅក្នុងភូមិ ឃុំ ស្រុកក្នុងខេត្តឲ្យរាយការណ៍ជាបន្ទាន់ទៅកាន់ភូមិ និងមេឃុំ ឬនគរបាលតាមលេខទូរស័ព្ទ ០៩៧-៧៨០០២៤ និង ០១២-៥០០០១១ បើសិនមានពលករបែបនេះ»។

    លោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តបាននិយាយថាចាប់ពីថ្ងៃទី ២១ ខែធ្នូដល់ថ្ងៃអាទិត្យ ខេត្តបានកត់ត្រាពលករចំណាកស្រុកជាង ១ ៩៧២ នាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃ។

    លោក វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងកាលពីម្សិលមិញថាចាប់ពីថ្ងៃទី ២០ ខែធ្នូដល់ថ្ងៃអាទិត្យមានពលករចំណាកស្រុកចំនួន ១ ៧៣៥ នាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃនិងចំនួន ១ ៤១៨ នាក់កំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក។ ពលករចំនួន ១៥ នាក់ដែលត្រូវបានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ-១៩ ក្នុងនោះ ៩ នាក់បានជាសះស្បើយហើយ ៦ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

    លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងកុំរត់គេចពីមណ្ឌលចត្តាឡីស័ក»

    លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបាននិយាយកាលពីម្សិលមិញថាចាប់ពីថ្ងៃទី ២០ ខែធ្នូដល់ថ្ងៃអាទិត្យមានពលករចំនួន ១៦៩ នាក់បានវិលត្រឡប់មកពីប្រទេសថៃនិង ៣០ នាក់ទៀតបានវិលត្រឡប់ទៅស្រុកកំណើតវិញបន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក។

    លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាននិយាយកាលពីម្សិលមិញថាចាប់ពីថ្ងៃទី ២០ ខែធ្នូរហូតមកដល់ម្សិលមិញមានពលករចំណាកស្រុកសរុបចំនួន ២ ៥៨៩ នាក់បានវិលត្រឡប់មកពីប្រទេសថៃ។

    លោកបន្តថា៖ «យើងបានណែនាំជាទៀងទាត់ដល់អាជ្ញាធរព្រំដែនឲ្យដាក់ពង្រាយកម្លាំងនៅឯប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនសំខាន់ៗ និងអប់រំប្រជាជនដែលឆ្លងកាត់ព្រំដែនថាពួកគេត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃជាចាំបាច់។ អាជ្ញាធរនឹងខិតខំសហការយ៉ាងជិតស្និទ្ធជាមួយមន្រ្តី ដើម្បីរារាំងពលករមិនឲ្យគេចខ្លួនចេញពីមណ្ឌលចត្តាឡីស័កឡើយ»

    យោងតាមរបាយការណ៍នៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរថៃកាលពីថ្ងៃសៅរ៍បានបញ្ជូនជនជាតិខ្មែរចំនួន ២៦ នាក់ក្នុងនោះមានស្ត្រី ១៣ នាក់និងកុមារ ២ នាក់ដែលបានឆ្លងដែនខុសច្បាប់។

    សេចក្តីថ្លែងការណ៍បានបញ្ជាក់ថានៅថ្ងៃដដែល អាជ្ញាធរក្នុងខេត្តកោះកុងបានរារាំងពលរដ្ឋខ្មែរ ១៥ នាក់ផ្សេងទៀតមិនឲ្យឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។

    របាយការណ៍បាននិយាយថានៅល្ងាចថ្ងៃអាទិត្យនេះ អាជ្ញាធរថៃក៏បានបញ្ជូនពលរដ្ឋខ្មែរ ២ នាក់ផ្សេងទៀតដែលបានឆ្លងព្រំដែនខុសច្បាប់ដែរ។

    ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាកាលពីម្សិលមិញបានបរិច្ចាគម៉ាស និងឧបករណ៍វេជ្ជសាស្ត្រដល់ប្រទេសនេប៉ាល់។

    លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសបានប្រគល់អំណោយក្នុងនាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកបានប្រាប់លោក Rey D. Trissey រដ្ឋមន្រ្តីក្រសួងសុខាភិបាលនេប៉ាល់ថាអំណោយមនុស្សធម៌គឺជាសក្ខីភាពនៃចំណងមិត្តភាពសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនកម្ពុជានិងនេប៉ាល់។

    លោកបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនេប៉ាល់ និងសហគមន៍អន្តរជាតិដើម្បីជំនះជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់រយៈពេលវែងរបស់វា»

    លោកបន្ថែមទៀតថាការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជីវិតមនុស្សដែលនាំមកនូវបញ្ហាប្រឈមជាច្រើនមិនត្រឹមតែដល់សុវត្ថិភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យខូចខាតដល់សង្វាក់ផ្គត់ផ្គង់ និងការចល័តរបស់ប្រជាជនយ៉ាងធ្ងន់ធ្ងរដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចនៃប្រទេសទាំងអស់នៅលើពិភពលោកធ្លាក់ចុះ។

    លោកនិយាយថា៖ «នៅក្នុងបរិបទនេះ ការឆ្លើយតបរួមគ្នានៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីគឺមិនអាចខ្វះបានដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺដ៏សាហាវនេះ ហើយធានាបាននូវការជាសះស្បើយឆាប់រហ័ស និងមានប្រសិទ្ធភាពជាពិសេសក្នុងដំណាក់កាលក្រោយការរាតត្បាត»

    លោកបន្តថា៖ «ជាមួយនឹងសេចក្តីប្រាថ្នារួម និងការប្តេជ្ញាចិត្តរបស់ប្រទេសយើង ខ្ញុំជឿជាក់យ៉ាងមុតមាំថាទំនាក់ទំនងជិតស្និតដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនរបស់យើង ក៏ដូចជាសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់និងពិភពលោក»

    ប្រទេសកម្ពុជាបានផ្តល់ម៉ាសចំនួន ២ លានម៉ាស N95 ចំនួន ២០ ៩៩៥ និងសម្ភារៈវេជ្ជសាស្ត្រចាំបាច់មួយចំនួនទៀតរួមមានវែនតាសុវត្ថិភាព ចំនួន២ម៉ឺន PPE ២០០០០ ឈុត សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០ របាំងមុខចំនួន២ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ ចំនួន២០ ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

    ប្រទេសនេប៉ាល់គឺជាប្រទេសទី ៤ ដែលប្រទេសកម្ពុជាបានផ្តល់ម៉ាស និងឧបករណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បន្ទាប់ពីប្រទេសឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត។

    ក្រសួងសុខាភិបាលបានរាយការណ៍ថាពលករចំណាកស្រុកវិលត្រឡប់មកវិញម្នាក់ទៀតបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ដែលនាំករណីសរុបកើនដល់ ៣៨២ ករណី។

    គាត់បានធ្វើតេស្តវិជ្ជមាននៅថ្ងៃអាទិត្យបន្ទាប់ពីត្រឡប់មកពីប្រទេសថៃ។ Khmer Times

    អត្ថបទទាក់ទង