អាជ្ញាធរជាតិអប្សរាបោះបង្គោលព្រំការពារបុរាណដ្ឋាន នៅស្រុកវ៉ាវិន
ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានសហកាជាមួយមន្ទីរវប្បធម៌ស្រុក រដ្ឋបាលស្រុក អាជ្ញាធរភូមិ ឃុំ ដោយមានការចូលរួមពីប្រជាការពារភូមិ និងប្រជាពលរដ្ឋមួយចំនួន បានធ្វើការងារបោះបង្គោលព្រំការពារបុរាណដ្ឋាន នៅក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានចំនួន៨ទីតាំង ដែលការងារនេះបានប្រព្រឹត្តកាលពីថ្ងៃ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០។
យោងតាមការឱ្យដឹងពីសំណាក់លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរាថា បុរាណដ្ឋានទាំង ៨ទីតាំង ដែលបានបោះបង្គោលព្រំការពារនោះ មានដូចជា៖ ប្រាសាទអូរប្រាសាទ, ប្រាសាទរលំដូនមោង, ប្រាសាទត្រពាំងឈូក, ប្រាសាទគោកពពូល, ប្រាសាទត្រពាំងបេង, ប្រាសាទត្រពាំងចង្ហុកក្រាំង, ប្រាសាទត្រពាំងរលំវែង, និងប្រាសាទត្រពាំងគុម្ពភ្នៀង។
លោក ឡុង កុសល បានឱ្យដឹងទៀតថា ការបោះបង្គោលព្រំការពារបុរាណដ្ឋាន គឺដើម្បីជាប្រយោជន៍ក្នុងការកំណត់ព្រំដី ដែលមានបុរាណដ្ឋានត្រូវការពារឱ្យបានត្រឹមត្រូវ ការពារការកាន់កាប់ដោយខុសច្បាប់ពីឈ្មួញទិញលក់ដីធ្លី និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋដឹងកុំឱ្យពួកគាត់វាទទីដីធ្វើកសិកម្ម ឬរស់នៅលើប្រាសាទ ស្រះទឹក និងរចនាសម្ព័ន្ធសំណង់បុរាណ ផ្សេងៗដោយពុំដឹង ព្រោះពួកគាត់ក៏មានបំណងចង់ការពារឱ្យបុរាណដ្ឋានទាំងនោះឱ្យល្អប្រសើរដែរ៕