ពីថ្ងៃទី ៩-១៤ ខែមករានេះ នៅតាមបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងចុះត្រជាក់ខ្លាំង ដល់ ១២ °C
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៦ ដល់ ១២ ខែមករា ឆ្នាំ២០២១។
ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី ៦-៨ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម ហើយនៅថ្ងៃទី៩-១២ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី៩-១៤ ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំង ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
- នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៥-១៧ °C និងសីតុណ្ហភាពអតិបរមាមានពី ២៤-២៧ °C
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
- នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១២-១៤ °C និងសីតុណ្ហភាពអតិបរមាមានពី ២៣-២៦ °C ជាមួយខ្យល់ខ្លាំង
៣-តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
- នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៥-២៨ °C ជាមួយខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។
ក្រសួងអំពាវនាវ ដល់ប្រជាពលរដ្ឋ និងជាពិសេសវិរៈកងទ័ព និងកងកម្លាំងនគរបាល រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ ថែរក្សា សុខភាពចំពោះធាតុអាកាសចុះត្រជាក់ខ្លាំងនេះ ។ ដោយឡែក ប្រជានេសាទនិង អ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់៕