ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ជនដែលប្រមាថព្រះចេស្តារព្រះមហាក្សត្រ ត្រូវតែផ្តន្ទាទោស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 61
លិខិតមិត្តអ្នកអាន៖ ជនដែលប្រមាថព្រះចេស្តារព្រះមហាក្សត្រ ត្រូវតែផ្តន្ទាទោស លិខិតមិត្តអ្នកអាន៖ ជនដែលប្រមាថព្រះចេស្តារព្រះមហាក្សត្រ ត្រូវតែផ្តន្ទាទោស

ជនដែលតែងតែក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ តជំនាន់ ដែលថ្មីៗនេះ បានប្រមាថមើលងាយព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត និងមិនអាចអត់អោនទោសឱ្យបានឡើយ។ ទង្វើររបស់ជននេះ ត្រូវបានគេមើលឃើញថា ដោយសារប្រជាជាតិខ្មែរជាទូទៅ លែងចាប់អារម្មណ៍ លែងផ្តល់តម្លៃ លែងមានសារៈសំខាន់ ទើបបានជាធ្វើអំពើឆ្កួតៗ លែងដឹងដំបូក លែងស្គាល់ទួល ហ៊ានប្រមាថព្រះចេស្តារព្រះមហាក្សត្រ ដែលប្រជាជាតិខ្មែរទាំងមូលគោរពនិងផ្តល់តម្លៃខ្ពស់បំផុត។ ដើម្បីឱ្យមហាជនចាប់អារម្មណ៍ ជនដែលមានឈ្មោះថា «អាបរបេរថោក» នេះ ហ៊ានប្រព្រឹត្តអំពើជាលាមក និងបំផ្លាញជាតិរាប់មិនអស់។ នេះហើយ គេហៅថា អ្នកនយោបាយប៉ែលប៉ោលក្បាលមិនជាប់មេឃជើងមិនជាប់ដី។ ក្នុងផ្លូវនយោបាយអស់សង្ឃឹម សម រង្ស៊ី ហាក់មានកំហឹងក្នុងគំនុំនយោបាយរហូតឈានទៅដល់ជេរប្រមាថអង្គព្រះមហាក្សត្រដែលកំពុងគ្រងរាជ្យបច្ចុប្បន្នម្តងហើយម្តងទៀត ដែលមហាជនទូទៅទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិហួសចិត្ត ត្បិតពាក្យសំដីមិនគួរព្រហើនយ៉ាងនេះ។

គេនៅចងចាំបានថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩ សម រង្ស៊ី បានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ គឺ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាយ៉ាងដូច្នេះថា៖ «លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»។ ហើយជាថ្មីៗទៀតកាលពីថ្ងៃទី២០ ខែធ្នូឆ្នាំ២០២០នេះ សម រង្ស៊ីបានកាន់តែប្រើសំដីយ៉ាងព្រហើនដ៏មហាអាក្រក់ស្តាប់បំផុត ដោយបានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា លោក ហ៊ុន សែន បរាជ័យក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្ដេចទីងមោងផងដែរ។

សង្គមខ្មែរមានប្រពៃណីរស់នៅក្នុងវប្បធម៌ចែករំលែក ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជារឿងធម្មតា ដូចជាករណីគ្រោះធម្មជាតិដោយទឺកជំនន់។ល។ ដែលមហាជនទូទៅចាត់ទុកថាជាទង្វើដ៏មានគុណធម៌ចំពោះអ្នកដែលមានចិត្តសប្បុរសធម៌ ដោយមិនគិតថាជារាស្ត្រសាមញ អ្នកជំនួញ អ្នកនយោបាយ ឬ ព្រះមហាក្សត្រនោះទេ សំខាន់ជាទង្វើសម្តែងឱ្យឃើញចេះជួយគ្នាក្នុងគ្រាមានអាសន្ន។ ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ មានសារៈសំខាន់ពេលព្រះអង្គទាំងទ្វេ បានទតឃើញមានការចាំបាច់ដល់ប្រជារាស្រ្តទូទៅ ទាំងក្នុងកិច្ចការសង្គមកិច្ច ហើយកាលដែល សម រង្ស៊ី បានប្រើប្រាស់សំដីហួសហេតុប្រមាថអង្គព្រះមហាក្សត្របច្ចុប្បន្នថា ជាស្តេចទីងមោងទៅវិញនោះ ពិតជាទង្វើមិនត្រឹមត្រូវដែលមហាជនទូទៅមិនអាចទទួលយកបាន។

ជាការពិត សារនយោបាយចុងក្រោយកន្លងទៅថ្មីៗនេះ ជននេះពិតជាបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអង្គព្រះមហាក្សត្រខ្មែរដែលកំពុងគ្រងរាជ្យសម្បត្តិតាមរដ្ឋធម្មនុញ្ញ។ ប្រជារាស្រ្តខ្មែរបានយល់ដឹងយ៉ាងច្បាស់ព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ ក៏ប៉ុន្តែព្រះអង្គមិនគ្រប់គ្រងអំណាច។ ព្រះមហាក្សត្រជាបុគ្គលដែលគ្មាននរណាអាចរំលោភបំពានបានឡើយ។ សំដីប្រមាថនេះពិតជាទង្វើធ្វើឱ្យប៉ះពាល់ដល់ក្រមព្រហ្មទណ្ឌស្តីពីការប្រមាថព្រះមហាក្សត្រ ដែលចែងថា ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវមានទោសជាប់ពន្ធធនាគារពី១ឆ្នាំ ទៅដល់៥ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ដល់១០លានរៀល។ ហើយករណីនេះទៀតសោត ក្រសួងយុត្តិធម៌ ក៏បានធ្វើអធិបញ្ជារទៅសាលាជំរះក្តីដែលមានស្ថាប័នអយ្យការ ធ្វើការចោទប្រកាន់ជននេះផងដែរ។

ការប្រមាថព្រះមហាក្សត្រម្តងហើយម្តងទៀត បានធ្វើឱ្យជនបាតសង្គម ក្លាយជាជនក្បត់ជាតិ ជាអ្នកនយោបាយលែងមានគុណធម៌ សីលធម៌ក្នុងខ្លួន លែងដឹងខុស លែងដឹងត្រូវ និងជាអ្នកនយោបាយបែបកាកអំពៅគ្មានតម្លៃក្នុងផ្លូវនយោបាយជាតិបានទៀតឡើយ។ សង្គមខ្មែរ វប្បធម៌ខ្មែរ ដែលតាំងពិសម័យដើមរៀងមក គឺជាសង្គមដែលមានប្រពៃណី និងវប្បធម៌ល្អផូរផង់ មានគុណធម៌ចេះជួយគ្នាក្នុងគ្រាលំបាក មិនគិតថា ព្រះមហាក្សត្រ មន្ត្រី អ្នកជំនួញ និងប្រជារាស្រ្តសាមញ្ញនោះទេ។

ក្នុងកាលៈទេសៈកំពុងប្រឈមដ៏លំបាកបំផុតទាំងនៅក្នុងប្រទេស និងទាំងនៅក្នុងពិភពលោកយើងនេះដែលបានបង្ករដោយការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩នេះ គឺគុណធម៌ចាំបាច់ខ្លាំងណាស់សម្រាប់អ្នកមានចិត្តសប្បុរស មានគុណធម៌ក្នុងការចែករំលែកធនធានសព្វយ៉ាង ដើម្បីជួយសម្រាលកាលំបាក និងគ្រោះអាសន្ននេះ។ ដូច្នេះហើយប្រជារាស្រ្តខ្មែរមិនអាចទទួលយកបានទេចំពោះសំដីជេរប្រមាថព្រះមហាក្សត្រខ្មែររបស់ សម រង្ស៊ី ក៏បៀ្របដូចការជេរប្រមាថប្រជារាស្រ្តទូទៅផងដែរក្នុងការផ្តល់អំណោយក្តី ឬជាទានក្តីសម្រាប់ការជួយគ្នាក្នុងគ្រាលំបាករបស់ប្រជាពលរដ្ឋនិងប្រទេសជាតិ៕

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង