ខ្មែរប៉ុស្ដិ៍ Close

កូន​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​មួយ​ក្បាល​ដែល​ទើប​កើត​ថ្មី ត្រូវបាន​កត់ត្រា​នៅក្នុង​ទីជម្រក​នៃ​ទន្លេមេគង្គ ក្នុង​ខេត្ដ​ក្រចេះ​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 40
កូន​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​មួយ​ក្បាល​ដែល​ទើប​កើត​ថ្មី ត្រូវបាន​កត់ត្រា​នៅក្នុង​ទីជម្រក​នៃ​ទន្លេមេគង្គ ក្នុង​ខេត្ដ​ក្រចេះ​ កូន​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​មួយ​ក្បាល​ដែល​ទើប​កើត​ថ្មី ត្រូវបាន​កត់ត្រា​នៅក្នុង​ទីជម្រក​នៃ​ទន្លេមេគង្គ ក្នុង​ខេត្ដ​ក្រចេះ​

ដោយ​ធ្វើការ​តាមដាន​ស្ថានភាព​សត្វ​ផ្សោត​ប្រចាំខែ​នោះ ក្រុម​អ្នកជំនាញ​មកពី​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អ្នកវិទ្យាសាស្ត្រ​នៃ​អង្គការ WWF កាលពី​ថ្ងៃទី​២៥ ខែធ្នូ បាន​ថតរូប​កូន​សត្វ​ផ្សោត​ដែល​ទើបនឹង​កើត​ថ្មី ខណៈពេលដែល​កូន​សត្វ​ផ្សោត​មួយ​ក្បាល​នេះ កំពុង​ហែល​ជាមួយ​សត្វ​ផ្សោត​ពេញវ័យ​ចំនួន ០៧ ក្បាល​ផ្សេងទៀត នៅ​ទីតាំង កាំ​ពី ស្ថិតក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ដ​ក្រចេះ​។ នេះ​បើ​យោងតាម​អង្គការ WWF ។

​បើតាម​អង្គការ WWF បានឱ្យដឹងថា កាំ​ពី​គឺជា​អន្លង់​សត្វ​ផ្សោត​សំខាន់​មួយ​ក្នុងចំណោម​អន្លង់​សំខាន់ៗ ផ្សេងទៀត ស្ថិតនៅ​ចន្លោះ​ពី​ទី​រួម​ខេត្តក្រចេះ និង​ព្រំដែន​កម្ពុជា​-​ឡាវ ដែល​ផ្តល់​ជាទី​ជម្រក​ដ៏​ចាំបាច់​សម្រាប់​ការរស់នៅ​របស់​ថនិកសត្វ​ទឹកសាប​ប្រភេទ រងគ្រោះ​ជិត​ផុត​ពូជ​មួយ​នេះ​។ ក្រុម​ស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា​សត្វ​ផ្សោត​ដែល​ទើបនឹង​កើត​ថ្មី នេះ​មាន​អាយុប្រមាណ ៤ ថ្ងៃ (​មកទល់​ថ្ងៃនេះ​) ហើយ​ជា​កូន​ផ្សោ​តទី ៩ ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ទុក​ក្នុង​ឆ្នាំ ២០២០ នេះ​។ យោងតាម​របាយការណ៍​ជំរឿន​សត្វ​ផ្សោត ឆ្នាំ ២០២០ បាន​បង្ហាញថា ចំនួន​សត្វ​ផ្សោត​សរុប​មាន​ត្រឹម ៨៩ ក្បាល​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅក្នុង​ទន្លេមេគង្គ​។

​បើតាម​អ្នកជំនាញ​បាន​លើកឡើងថា ការការពារ​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​ឱ្យ​ស្ថិតនៅ​គង់វង្ស​គឺមាន​សារៈសំខាន់​ណាស់​មិន​ត្រឹមតែ​សម្រាប់​សត្វ​ផ្សោត​ខ្លួន​វា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់​ជា​អត្ថប្រយោជន៍​ដល់​ទន្លេមេគង្គ​ទាំងមូល​ផងដែរ រាប់បញ្ចូល​ទាំង​ត្រី​ដែល​ត្រូវបាន អ្នកវិទ្យាសាស្ត្រ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​ជាង ១ ១០០ ប្រភេទ និង​ប្រព័ន្ធ​ជីវៈ​អេកូឡូស៊ី​ដ៏​សម្បូរបែប​ដទៃទៀត នៅក្នុង​ទន្លេ​នេះ​៕​