ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សូមកម្ពុជាមានតែសន្តិភាព និងរីកចម្រើនជានិច្ចនិរន្តរ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 57

តាមរយៈហ្វេសប៊ុកផ្លូវការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យទី២៩ ខែមេសា ឆ្នាំ២០១៨នេះ បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសទទួលបាននូវពរ ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត់ឡើយ នៅក្នុងថ្ងៃបុណ្យវិសាខបូជានេះ។

សំណេរក្នុងទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖

នៅក្នុងថ្ងៃ បុណ្យវិសាខបូជា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមប្រគេនពរ និងជូនពរព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមទទួលបាននូវពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមកម្ពុជា មានតែសុខសន្តិភាព និងរីកចម្រើនជានិច្ចនិរន្តរ៍។

គួរបញ្ជាក់ថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕

អត្ថបទទាក់ទង