ក្រសួងបរិស្ថាន បើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់ ទៅលើគម្រោងវិនិយោគអភិវឌ្ឍន៍វិស័យដាំដំណាំកសិ-ឧស្សាហកម្ម
នៅទីស្តីការក្រសួងបរិស្ថាន នៅរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមពេញលេញ លើគម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យ ដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) ក្រុមហ៊ុន វាសនា អ៊ិនវេសមេន លើផ្ទៃដីទំហំ ១.៧៦៣,៧០ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិ សាស្រ្ត ឃុំម៉ាលិ និងឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី គម្រោងនេះត្រូវបាន សិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា CES Co., Ltd. ដោយមានការចូលរួមពី តំណាងអគ្គនាយកដ្ឋាន ពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ឋ រដ្ឋបាលខេត្តរតនគិរី មន្ទីរបរិស្ថានខេត្ត។
ជាលទ្ធផលនៃកិច្ចប្រជុំបានសម្រេចដូចខាងក្រោម៖
- ក). ត្រូវរៀបចំផែនការប្រើប្រាស់ និងគ្រប់គ្រងជី-ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងកសិកម្ម
- ខ). ក្រុមហ៊ុនត្រូវមានផែនការគ្រប់គ្រងសំណល់រឹង-រាវ និងសំណល់គ្រោះថ្នាក់ (ប្រេងម៉ាស៊ីន ជីគីមី ថ្នាំកសិកម្ម សំណល់ប្លាស្ទិក ) ឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យមានការកំពប់ ឬហៀរចូលទៅក្នុង ប្រភពទឹកធម្មជាតិ
- គ). ក្រុមហ៊ុនត្រូវរក្សាទុកព្រៃឈើទ្រនាប់ដងអូរពី៥០-១០០ម៉ែត្រ និងត្រូវដាំដុះឡើងវិញត្រង់កន្លែងដែលឈូសឆាយរំលោភ
- ឃ). ក្រុមហ៊ុនត្រូវធ្វើការស្តារប្រភពទឹកអូរដែលគោករាក់ឡើងវិញ
- ង). ក្រុមហ៊ុនត្រូវអនុវត្តវិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន តាមការផ្តល់យោបល់របស់អង្គប្រជុំ និងនាយកដ្ឋាន EIA ដើម្បីកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានឱ្យដល់កម្រិតអប្បបរមា
- ច). ក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់គ្រងបរិស្ថាន កម្មវិធីត្រួតពិនិត្យប្រិស្ថាន និងមូលនិធិបរិស្ថាន និងមូលនិធិសង្គមឱ្យបានសមស្រប ទៅនឹងការខូច ខាតលើតម្លៃសេដ្ឋកិច្ច សង្គម និងតម្លៃបរិស្ថានដោយសារគម្រោង
- ឆ.) ក្រុមហ៊ុនត្រូវធ្វើការវិភាគសេដ្ឋកិច្ច និងតម្លៃបរិស្ថានឡើង វិញឱ្យបានគ្រប់ជ្រុងជ្រោយ៕