ខ្មែរប៉ុស្ដិ៍ Close

ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្ម មានការកើនឡើង បើទោះបីជាកម្ពុជាកំពុងជួបវិបត្តិ នៃជំងឺឆ្លងកូវីដ-១៩ក្តី

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 58
ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្ម មានការកើនឡើង បើទោះបីជាកម្ពុជាកំពុងជួបវិបត្តិ នៃជំងឺឆ្លងកូវីដ-១៩ក្តី ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្ម មានការកើនឡើង បើទោះបីជាកម្ពុជាកំពុងជួបវិបត្តិ នៃជំងឺឆ្លងកូវីដ-១៩ក្តី

ភ្នំពេញ៖ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្មមានការកើនឡើង នៅក្នុងស្ថានភាពដែលកម្ពុជា កំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ក្តី ដើម្បីរួមចំណែកបង្កើតការងារ បង្កើនប្រភពចំណូលក្នុងគ្រួសារ និងធានាសុវត្ថិភាពស្បៀង ។

តាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម (គោ-ក្របី ជ្រូក និងបក្សី) មានសន្ទុះនៃការរីក ចម្រើនគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមថ្ងៃ២ ខែធ្នូ ឆ្នាំ២០២០ មានការកើនឡើងសរុប ១៧,៦០% ពី ៤២,០២២,១៣៧ក្បាល ទៅ ៤៩,៤២៣,៥៥៨ក្បាល បើធៀបទៅនឹងឆ្នាំ២០១៩។

ឯកឧត្តមបានបន្តថា កសិដ្ឋានចិញ្ចឹមសត្វក្នុងឆ្នាំ២០២០ មានចំនួន១២៣២កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមបក្សីមានចំនួន ៦៨១កន្លែង មានសត្វក្នុងស្តុក ១៧,១៣៤,៥៨៨ក្បាល កើនលើសឆ្នាំ២០១៩ ប្រមាណជា ៣៥,៦០ភាគរយ, រីឯកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន៥៤៧កន្លែង និងមានសត្វក្នុងស្តុកចំនួន ១,៣៣៩,២១០ក្បាល កើនឡើង ១៥,៩០ភាគរយ បើធៀបនឹងឆ្នាំ២០១៩, ចំពោះកសិដ្ឋានចិញ្ចឹមគោ-ក្របី មានសរុប ៥៤កន្លែង និងមានសត្វក្នុងស្តុកចំនួន ១២,៩៧៤ក្បាល ផងដែរ ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាបាននិងកំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្នុងស្មារតីទទួលខុសត្រូវ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ទាំងផ្នែក សាកវប្បកម្ម វារីវប្បកម្ម និងផលិតកម្មចិញ្ចឹមសត្វ ដើម្បីចូលរួមចំណែកបង្កើតការងារ បង្កើត និងបង្កើនប្រភពចំណូល ក្នុងគ្រួសារ ជាពិសេសធានាសុវត្ថិភាពស្បៀង ៕