ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋរួមសាមគ្គីគ្នា អនុវត្តន៍វិធានការសុខាភិបាល ប្រយុទ្ធនឹងជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 46
ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋរួមសាមគ្គីគ្នា អនុវត្តន៍វិធានការសុខាភិបាល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋរួមសាមគ្គីគ្នា អនុវត្តន៍វិធានការសុខាភិបាល ប្រយុទ្ធនឹងជំងឺកូវីដ-១៩

ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទៅឱ្យរួមសាមគ្គីគ្នាអនុវត្តន៍តាមវិធានណែនាំទាំងឡាយ របស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីកសាយភាយជំងឺកូវីដ-១៩ ក្នុងពេលជំងឺនេះកំពុងឆ្លងចូលសហគមន៍ជាលើកដំបូង។

ការអំពាវនាវរបស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីជំងឺកូវីដ-១៩ បានផ្ទុះនៅក្នុងសហគមន៍ដោយបានឆ្លងក្នុងក្រុមគ្រួសារអគ្គនាយកពន្ធធនាគារ ហើយត្រូវបានរកឃើញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីចូលរួមទប់ស្កាត់ការរីកសាយភាយជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយពាក់ម៉ាស់ (ក្នុងករណីចាំបាច់)។ ជាពិសេសនៅក្នុងកាលទេសៈនេះ សូមមើលការខុសត្រូវកូនចៅខ្លួនដោយកុំឱ្យដើរចេញក្រៅផ្ទះរហេតរហូតបើមិនចាំបាច់។ តែបើអាក់ខានមិនបាននោះ នៅពេលចេញដើរត្រូវពាក់ម៉ាស់ជាប់ជានិច្ច ហើយសូមកុំឱ្យមានការជួបជុំគ្នាកុះករច្រើនពេក (កាត់បន្ថយជាអតិបរិមានូវចំនួនមនុស្ស ជួបជុំគ្នា)។

ក្រសួងក៏បានណែនាំត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬជាមួយអាល់កុល ឬទឹកដែលសម្រាប់លាងដៃ ឱ្យបានញឹកញាប់ កុំយកដៃដែលមិនបានលាងសម្អាត មកប៉ះផ្ទៃមុខមាត់របស់ខ្លួន និងត្រូវរក្សាសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលឱ្យលើសពីមួយម៉ែត្រកន្លះឡើងទៅជាចាំបាច់។

ក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងដូច្នេះ «ពេលនេះជាដំណាក់កាលសំខាន់បំផុត ដែលប្រជាជនទាំងអស់ សូមចូលរួមសាមគ្គីគ្នាក្នុងការអនុវត្តវិធានការសុខាភិបាល ដ៏មានសារៈសំខាន់នេះ ដើម្បីទប់ស្កាត់ការចម្លងរាលដាលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ និងដើម្បីបងប្អូនអាចបន្តការរស់នៅជាធម្មតាតាមបែបគន្លងថ្មី»

ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា «សូមកុំភ្លេចវីរុសកូវីដ-១៩ ព្រោះវីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ហើយ វីរុសដ៏កាចសាហាវនេះ ក៏មិនភ្លេចយើងដែរ។ បើយើងធ្វើសប្រហែស វីរុសកាចសាហាវនេះ នឹងវ៉ៃលុកសរីរាង្គកាយយើងហើយ»

យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លង និងឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមវិធានការសំខាន់មួយចំនួនដូចជា៖

  • ១៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាកុល ជែល និងចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
  • ២៖ នៅពេលក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមបិទជិតភ្លាម និងលាងដៃរបស់អ្នក
  • ៣៖ ប្រសិនអ្នកពាក់ម៉ាស់ត្រូវប្រាកដថា ពាក់គ្រប់លើមាត់ និងច្រមុះ ប៉ុន្តែចៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្នុងនៅពេលកំពុងពាក់ និងពេលដោះ
  • ៤៖ ត្រូវបោះចោលក្នុងធុងសំរាមបិទជិតភ្លាមនូវម៉ាស់ដែលបានប្រើរួច និងលាងដៃឱ្យស្អាតបន្ទាប់ពីដោះម៉ាស់។

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ-១៩នេះនៅឡើយ។

ជាវិធានការទប់ស្កាត់ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៊ីអន និងការតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ។

ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ។ ក្នុងនោះប្រជាពលរដ្ឋធម្មតាទៅកាន់ផ្សារទំនើបអ៊ីអន១ ហើយមន្ត្រីរាជការទៅកាន់ក្រសួងមហាផ្ទៃ។

គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ-១៩ សរុប ៣១៥នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕

Fresh News

អត្ថបទទាក់ទង