ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួនអស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 65
លិខិតមិត្តអ្នកអាន៖ «ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួនអស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី» លិខិតមិត្តអ្នកអាន៖ «ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួនអស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី»

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោងនៅសហរដ្ឋអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹង ស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកដើម្បីដាក់សំណើរសុំឲ្យក្រសួងមហាផ្ទៃកម្ពុជា ផ្តល់សុពលភាពលើលិខិតឆ្លងដែនរបស់ខ្លួនឡើងវិញ។

សកម្មភាពនេះពិតជាបានធ្វើឲ្យមហាជនទូទៅផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ទៅមិនឆ្ងាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះដែលនៅទីបំផុតអស់ក្បាច់លោត អស់ក្រឡាដើរក៏ងាកមកប្រើនយោបាយ «ស្វាលេងប៉ាហ៊ី» នៅមុខស្ថានទូតខ្មែរដើម្បីសុំរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលខ្លួនចោទកប់ៗមាត់ថា ផ្តាច់ការហើយប៉ុនប៉ងផ្តួលរំលំនោះ ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែន របស់ពួកខ្លួនទៅវិញ។

មានអ្នកលេងបណ្តាញសង្គមជាច្រើនក៏ដូចជាមហាជនខ្មែរជាទូទៅដែរ បាននាំគ្នាផ្ទុះសំណើចដោយហួសចិត្តនៅពេលឃើញក្រុមនេះធ្វើសកម្មភាពរបៀបបាយបិណ្ឌជាបាយបាត្រ គ្មានគោលដៅនិងមិនដឹងទិសតំបន់ទាល់តែសោះបែបនេះ។ អ្វីដែលធ្វើឲ្យមហាជនហួសចិត្តនៅត្រង់ថា៖

ទី១៖ ជាទិដ្ឋភាពច្បាប់ការលុបលិខិតឆ្លងដែនរបស់ឧក្រិដ្ឋជន ដែលមានដីកាចាប់ខ្លួនគឺជាមធ្យោបាយស្របច្បាប់ដើម្បី
កុំឲ្យឧក្រិដ្ឋជនអាចធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតបាន ហើយនេះក៏ជាស្តង់ដារនៃការអនុវត្តជាទូទៅសម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោកដែរ។

ទី២៖ ការស្នើសុំសុពលភាពលិខិតឆ្លងដែនរបស់ក្រុមឧក្រិដ្ឋជននៅក្រៅប្រទេសដោយអះអាងថា ដើម្បីខ្លួនអាចវិលត្រឡប់មកឡើងតុលាការនៅកម្ពុជា គឺជារឿងកំប្លុកកំប្លែងគួរឲ្យអស់សំណើច ដោយហេតុថា អ្នកទាំងនោះបានទៅរស់នៅក្រៅប្រទេសតាមរយៈការស្នើសុំសិទ្ធិជ្រកកោននយោបាយ។ ដូចនេះបើក្រុម មួរ សុខហួរ ពិតជាចង់ត្រឡប់មកកម្ពុជាវិញមែន វាគឺជារឿងដ៏សាមញ្ញបំផុត ដោយពួកគេគ្រាន់តែសុំទៅរដ្ឋបរទេសនោះឲ្យលុបចោលសិទ្ធិស្នាក់នៅ ឬ សិទ្ធិជ្រកកោន នយោបាយដើម្បីក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់នោះសហរដ្ឋអាមេរិក ឬរដ្ឋបរទេស នោះនឹងច្បាស់ជាចាប់បញ្ជូនមកកម្ពុជាវិញទាំងអស់ជាក់ជាមិនខានឡើយ។

ករណីបែបនេះធ្លាប់ត្រូវបានសហរដ្ឋអាមេរិកធ្វើមកលើពលរដ្ឋខ្មែរមួយចំនួន ដែលរស់នៅខុសច្បាប់នៅអាមេរិករួចទៅហើយដោយគេបានតម្រូវឲ្យធ្វើមាតុភូមិ និវត្តន៍ជាបន្តបន្ទាប់មកកម្ពុជាវិញ។ ជាពិសេសបំផុតនោះគឺក្រុម មួរ សុខហួរ អាចទទួលផលចំណេញនៅលើគោកដោយ មិនបាច់ខ្វល់ខ្វាយទាល់តែសោះអំពីថ្លៃយន្តហោះ ពីព្រោះរដ្ឋនៃប្រទេសដែលពួកគេស្នាក់នៅនោះជាអ្នកចេញអោយទាំងស្រុង។

ទី៣៖ ចំពោះរឿងចង់ចូលរួមសវនការ ក៏ជារឿងដែលកាន់តែងាយស្រួលថែមទៀត ដោយសារតែពេលនេះតុលាការរាជធានីភ្នំពេញកំពុងតាមរកមុខអ្នកទាំងនោះ ដោយមានទាំងដីកាបង្គាប់ឲ្យចាប់ខ្លួនរួចស្រេចទៅហើយ។ ដូចនេះបើពួកគេប្រកាសខ្លួនថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ហើយជាឧក្រិដ្ឋជនថែមទៀតនោះ ប្រទេសដែលពួកគេកំពុងស្នាក់នៅច្បាស់ជាសហការណ៍ ចាប់ខ្លួនបញ្ជូនមកកម្ពុជាដើម្បីឡើងសវនាការភ្លាម ហើយភាគីកម្ពុជាច្បាស់ជានឹងត្រៀមឡាន របស់ពន្ធនាគារចាំដឹកអ្នកទាំង នោះមកសវនាការដោយមិនបាច់បង់ថ្លៃអ្វីឡើយ។ មិនតែប៉ុណ្ណោះអាជ្ញាធរកម្ពុជាថែមទាំងចាត់កម្លាំងមន្រ្តីអនុវត្តច្បាប់ចាំការពារសុវត្ថិភាពអមដំណើរ
មួរ សុខហួរ និងគូកន ចូលសវនាការថែមទៀតផង។

ទី៤៖ បើនិយាយបែបម្យ៉ាងទៀត ក្រុមអ្នកនយោបាយពនេចរមួយក្រុមនេះបានប្រកាសផ្តួលរំលំរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបាន ប្រើប្រាស់មធ្យោបាយនិងល្បិចកិច្ចកលគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នដួលរលំ។ ពួកគេបានប្រើចលនាតាមទំរង់នៃបដិវត្តន៍ពណ៌ ដើម្បីដណ្តើមអំណាចដោយបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងដាក់រដ្ឋាភិបាល និងបានដើរញុះញង់ឲ្យបរទេសឲ្យដាក់ទណ្ឌកម្ម មកលើកម្ពុជាដើម្បីឲ្យរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន រលំរលាយ។

ប៉ុន្តែទីបំផុតស្រាប់តែក្រុមដដែលនេះដង្ហែរគ្នាទៅចុចកណ្តឹងស្ថានទូតដែលជាតំណាងរបស់រដ្ឋាភិបាល ដើម្បីស្នើសុំឲ្យទទួលស្គាល់លិខិតឆ្លងដែនរបស់ខ្លួនឡើងវិញ។
ចំពោះទង្វើនេះយើងអាចទាញការសន្និដ្ឋានបានថា ពួកគេពិតជាអស់តម្រិះ និងទាល់ច្រកក្នុងការផ្តួលរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយ។ ដូច្នេះដើម្បីកុំឲ្យស្ងាត់ពេក ពួកគេយករឿងសុំពន្យារសុពលភាពលិខិតឆ្លងដែននេះធ្វើជាឆាកល្ខោនមួយឈុត ដើម្បីបានថតរូបមកបង្ហោះក្នុងគោលដៅបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនផង និងបង្កើតជាហេតុផលប្រមូលលុយចាយផងក្នុងស្ថានភាពដែលមេរោគកូវីដ-១៩ កំពុងបិទជីពចរហិរញ្ញវត្ថុរបស់អ្នក ដែលធ្លាប់ផ្តល់លុយឲ្យពួកខ្លួនកន្លងមក។

ទី៥៖ ប្រជាជនកម្ពុជានៅចងចាំយ៉ាងច្បាស់ណាស់ថា កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមដដែលនេះបានប្រកាសវិលចូលស្រុកវិញដើម្បីចាប់សម្តេចតេជោ ហ៊ុន សែន និងផ្តួលរំលំរដ្ឋាភិបាលភ្នំពេញ និងផ្លាស់ប្តូររបប។ ប៉ុន្តែផែនការនោះក៏ត្រូវទទួលរងការបរាជ័យយ៉ាងអាម៉ាស់បំផុត។

ថ្មីៗនេះក្រុមដដែលនេះក៏បាន ប្រកាសដំណើរវិលចូលស្រុកជាលើកទី២ ក្នុងគោលបំណងដូចគ្នាគឺចង់មកផ្តួលរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបដឹកនាំនៅកម្ពុជា។ ដូច្នេះសំណួរ សួរថា បើក្រុមនេះមានគំរោងមកផ្តួលរដ្ឋាភិបាលដដែល ចុះចាំបាច់អីទៅសុំឲ្យរដ្ឋាភិបាលមួយនេះផ្តល់សុពលភាព លិខិតឆ្លងដែនឲ្យខ្លួនធ្វើអ្វី? ម្តេចមិនរង់ចាំដល់ពេលខ្លួនឡើងកាន់អំណាច ចាំធ្វើលិខិតឆ្លងដែនខ្លួនឯងទៅ? តើនេះមិនមែនជានយោបាយវិលក្បុងជាន់កែងខ្លួនឯងទេឬ?

ទី៦៖ ក្រុមឧទ្ទាមក្រៅច្បាប់មួយដំបរស្វានេះតែងតែប្រកាសក្តែងៗថា សហគមន៍អន្តរជាតិនឹងជួយក្រុមខ្លួនឲ្យបានវិលចូលស្រុកវិញ តាមរយៈការដាក់ទណ្ឌកម្មឬគំនាបផ្សេងៗ ទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ។ ពួកនេះតែងធ្វើនយោបាយពឹងលើបរទេសទាំងស្រុង ប៉ុន្តែទីបំផុតគ្មានបរទេសណាយកចិត្តទុកដាក់ជួយក្រុមឧទ្ទាមក្រៅច្បាប់នេះឡើយ។
តាមមើលទៅក្រុមនេះចៀសមិនផុតពីត្រូវផ្ញើវាសនាលើនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ ហើយមានតែសម្តេចតេជោ ហ៊ុន សែន ម្នាក់គត់ដែលជាអ្នកកំណត់ជោគវាសនារបស់ពួកគេ។

សរុបមកវិញ សកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងវិលក្បុងជាមួយនឹងនយោបាយជាន់កែងខ្លួនឯង។ ពួកគេកំពុងវង្វេងលែងដឹងទិសតំបន់ដោយសារតែនយោបាយគ្មានយុទ្ធសាស្ត្រ និងគ្មានគោលដៅរបស់ខ្លួន។ ពួកគេកំពុង តែអស់ក្បាច់ អស់ក្រឡាដើរ ពីព្រោះតែដើរចុះដើរឡើង កូនចៅរបស់ខ្លួន ទាំងត្រី ទាំងសេះ ទាំងទូក ត្រូវគេព័ទ្ធស៊ីស្ទើរ តែអស់ពីក្តារអុកបាត់ទៅហើយ។ ដូច្នេះការចេញមកសម្តែងល្ខោនសុំសុពលភាពលិខិតឆ្លងដែន របស់ក្រុម មួរ សុខហួរនេះ ពិតជាគ្មានអ្វីក្រៅពីការលេងល្បែងស្វាលេងប៉ាហ៊ី ដើម្បីទូងស្គរឲ្យអ្នកស្រុកបែរភ្នែកក្រឡេកមើល មកខ្លួនខ្លះកុំឲ្យគេបំភ្លេចចោលតែប៉ុណ្ណោះ ក្នុងខណៈដែល កូវីដ-១៩ កំពុងធ្វើឲ្យប្រជាជន នៅលើពិភពលោកក៏ដូចជានៅកម្ពុជាដែរផ្តោតការយកចិត្តទុកដាក់លើការ ថែរក្សាការពារសុខភាពនិងជីវភាពរស់នៅរបស់ខ្លួន និងក្រុមគ្រួសារជាអាទិភាព សំខាន់បំផុត។

ប៉ុន្តែល្បែងស្វាលេងប៉ាហ៊ីរបស់ក្រុម មួរ សុខ ហួរ មិនទទួលបាននូវសមានចិត្តពីអ្នកស្រុកនោះឡើយ ពីព្រោះប្រជាជនខ្មែរយល់ច្បាស់ណាស់ថា នេះជាល្បែង នយោបាយអស់លក្ខ៍ណ ដោយមានតួសម្តែងមុខដដែលៗ រីឯអ្នកដឹកនាំរឿងនិងការរៀបចំឈុតឆាកសម្តែងក៏នៅតែដដែលៗគ្មានអ្វីថ្មីគួរឲ្យទាក់ទាញការចាប់អារម្មណ៍ ទាល់តែសោះ។ និយាយឲ្យចំការសម្តែងរបស់ពួកគេនេះអន់ជាងស្វាលេងប៉ាហ៊ីទៅទៀត ដែលគ្មានតម្លៃសម្រាប់ពលរដ្ឋខ្មែរ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង