លិខិតមិត្តអ្នកអាន៖ «ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួន អស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី»!
កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ២០២០ ម៉ោងនៅអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹងស្ថានទូតខ្មែរប្រចាំសហរដ្ឋ អាមេរិកដើម្បីដាក់សំណើរសុំឲ្យក្រសួងមហាផ្ទៃកម្ពុជាផ្តល់សុពលភាពលើលិខិតឆ្លងដែនរបស់ខ្លួនឡើងវិញ។ សកម្មភាពនេះពិតជាបានធ្វើឲ្យមហាជនទូទៅផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ទៅមិនឆ្ងាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះដែលនៅទីបំផុត អស់ក្បាច់លោត អស់ក្រឡាដើរ ក៏ងាកមកប្រើនយោបាយ «ស្វាលេងប៉ាហ៊ី» នៅមុខស្ថានទូតខ្មែរដើម្បីសុំរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ដែលខ្លួនចោទកប់ៗមាត់ថា ផ្តាច់ការហើយប៉ុនប៉ងផ្តួលរំលំនោះ ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ពួកខ្លួនទៅវិញ។
មានអ្នកលេងបណ្តាញសង្គមជាច្រើនក៏ដូចជាមហាជនខ្មែរជាទូទៅដែរបាននាំគ្នាផ្ទុះសំណើចដោយហួសចិត្ត នៅពេលឃើញក្រុមនេះធ្វើសកម្មភាពរបៀបបាយបិណ្ឌជាបាយបាត្រ គ្មានគោលដៅនិងមិនដឹងទិសតំបន់ទាល់តែសោះបែបនេះ។
អ្វីដែលធ្វើឲ្យមហាជនហួសចិត្តនៅត្រង់ថា៖
- ទី១-ជាទិដ្ឋភាពច្បាប់ ការលុបលិខិតឆ្លងដែនរបស់ឧក្រិដ្ឋជន ដែលមានដីកាចាប់ខ្លួន គឺជា មធ្យោបាយស្របច្បាប់ដើម្បីកុំឲ្យឧក្រិដ្ឋជនអាចធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតបាន ហើយនេះក៏ជា ស្តង់ដារនៃការអនុវត្តជាទូទៅ សម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោកដែរ។
- ទី២-ការស្នើសុំសុពលភាពលិខិតឆ្លងដែនរបស់ក្រុមឧក្រិដ្ឋជននៅក្រៅប្រទេសដោយអះអាងថា ដើម្បីខ្លួនអាចវិលត្រឡប់មកឡើងតុលាការនៅកម្ពុជា គឺជារឿងកំប្លុកកំប្លែងគួរឲ្យអស់សំណើច ដោយហេតុថា អ្នកទាំងនោះបានទៅរស់នៅក្រៅប្រទេសតាមរយៈការស្នើសុំសិទ្ធិជ្រកកោននយោបាយ។ ដូចនេះ បើក្រុម មួរ សុខហួរ ពិតជាចង់ត្រឡប់មកកម្ពុជាវិញមែន វាគឺជារឿងដ៏សាមញ្ញបំផុត ដោយពួកគេគ្រាន់តែសុំទៅរដ្ឋបរទេសនោះឲ្យលុបចោលសិទ្ធិស្នាក់នៅ ឬសិទ្ធិជ្រកកោននយោបាយ ដើម្បីក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់ នោះសហរដ្ឋអាមេរិក ឬរដ្ឋបរទេសនោះនឹងច្បាស់ជាចាប់បញ្ជូនមកកម្ពុជាវិញទាំងអស់ជាក់ជាមិនខានឡើយ។ ករណីបែបនេះធ្លាប់ត្រូវបានសហរដ្ឋអាមេរិកធ្វើមកលើពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅខុសច្បាប់នៅអាមេរិករួចទៅហើយ ដោយគេបានតម្រូវឲ្យធ្វើមាតុភូមិនិវត្តន៍ជាបន្តបន្ទាប់មកកម្ពុជាវិញ។ ជាពិសេសបំផុតនោះគឺក្រុម មួរ សុខហួរ អាចទទួលផលចំណេញនៅលើគោកដោយមិនបាច់ខ្វល់ខ្វាយទាល់តែសោះអំពីថ្លៃយន្តហោះ ពីព្រោះរដ្ឋន ប្រទេសដែលពួកគេស្នាក់នៅ នោះ ជាអ្នកចេញអោយទាំងស្រុង។
- ទី៣-ចំពោះរឿងចង់ចូលរួមសវនការ ក៏ជារឿងដែលកាន់តែងាយស្រួលថែមទៀត ដោយសារតែពេលនេះ តុលាការរាជធានីភ្នំពេញកំពុងតាមរកមុខអ្នកទាំងនោះដោយមានទាំងដីកាបង្គាប់ឲ្យចាប់ខ្លួនរួចស្រេចទៅហើយ។ ដូចនេះ បើពួកគេប្រកាសខ្លួនថាជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយជាឧក្រិដ្ឋជនថែមទៀតនោះ ប្រទេសដែលពួកគេកំពុងស្នាក់នៅច្បាស់ជាសហការណ៍ ចាប់ខ្លួនបញ្ជូនមកកម្ពុជាដើម្បីឡើងសវនាការភ្លាម ហើយភាគីកម្ពុជាច្បាស់ជានឹងត្រៀមឡាន របស់ពន្ធនាគារចាំដឹកអ្នកទាំងនោះមកសវនាការដោយមិនបាច់បង់ថ្លៃអ្វីឡើយ។ មិនតែប៉ុណ្ណោះ អាជ្ញាធរកម្ពុជាថែមទាំងចាត់កម្លាំងមន្រ្តីអនុវត្តច្បាប់ចាំការពារសុវត្ថិភាពអមដំណើរ មួរ សុខហួរ និងគូកន ចូលសវនាការថែមទៀតផង។
- ទី៤៖ បើនិយាយបែបម្យ៉ាងទៀត ក្រុមអ្នកនយោបាយពនេចរមួយក្រុមនេះ បានប្រកាសផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានិងបានប្រើប្រាស់មធ្យោបាយនិងល្បិចកិច្ចកលគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្នដួលរលំ។ ពួកគេបានប្រើចលនាតាមទម្រង់នៃបដិវត្តន៍ពណ៌ដើម្បីដណ្តើមអំណាចដោយបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងដាក់ រដ្ឋាភិបាល និងបានដើរញុះញង់ឲ្យបរទេសអោយដាក់ទណ្ឌកម្មមកលើកម្ពុជាដើម្បីឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន រលំរលាយ។ប៉ុន្តែទីបំផុត ស្រាប់តែក្រុមដដែលនេះ ដង្ហែរគ្នាទៅចុចកណ្តឹងស្ថានទូតដែលជាតំណាងរបស់រដ្ឋាភិបាលដើម្បីស្នើសុំឲ្យទទួលស្គាល់លិខិតឆ្លងដែនរបស់ខ្លួនឡើងវិញ។ចំពោះទង្វើនេះ យើងអាចទាញ ការសន្និដ្ឋានបានថា ពួកគេពិតជាអស់តម្រិះ និងទាល់ច្រកក្នុងការផ្តួលរដ្ឋាភិបាលលោក ហ៊ុន សែន ហើយ។ ដូច្នេះ ដើម្បីកុំឲ្យស្ងាត់ពេក ពួកគេយករឿងសុំពន្យារសុពលភាពលិខិតឆ្លងដែននេះធ្វើជាឆាកល្ខោនមួយឈុតដើម្បីបានថតរូបមកបង្ហោះក្នុងគោលដៅបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនផង និងបង្កើតជាហេតុផលប្រមូលលុយចាយផង ក្នុងស្ថានភាពដែលមេរោគកូវីដ-១៩ កំពុងបិទជីពចរហិរញ្ញវត្ថុរបស់អ្នកដែលធ្លាប់ផ្តល់លុយឲ្យពួកខ្លួនកន្លងមក។
- ទី៥៖ ប្រជាជនកម្ពុជានៅចងចាំយ៉ាងច្បាស់ណាស់ថា កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមដដែលនេះបានប្រកាសវិលចូលស្រុកវិញដើម្បីចាប់លោក ហ៊ុន សែន និងផ្តួលរំលំរដ្ឋាភិបាល ភ្នំពេញ និងផ្លាស់ប្តូររបប។ ប៉ុន្តែ ផែនការនោះក៏ត្រូវទទួលរងការបរាជ័យយ៉ាងអាម៉ាស់បំផុត។ថ្មីៗនេះ ក្រុមដដែលនេះក៏បាន ប្រកាសដំណើរវិលចូលស្រុកជាលើកទី២ក្នុងគោលបំណង ដូចគ្នាគឺចង់មកផ្តួលរដ្ឋាភិបាលដឹកនាំដោយលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបដឹកនាំនៅកម្ពុជា។ ដូច្នេះសំណួរ សួរថា : បើក្រុមនេះ មានគំរោងមកផ្តួលរដ្ឋាភិបាលដដែល ចុះចាំបាច់អីទៅសុំឲ្យរដ្ឋាភិបាលមួយនេះផ្តល់សុពលភាព លិខិតឆ្លងដែនឲ្យខ្លួនធ្វើអ្វី? ម្តេចមិនរង់ចាំដល់ពេលខ្លួនឡើងកាន់អំណាច ចាំធ្វើលិខិតឆ្លងដែនខ្លួនឯងទៅ? តើនេះមិនមែនជានយោបាយវិលក្បុងជាន់កែងខ្លួនឯងទេឬ?
- ទី៦៖ ក្រុមឧទ្ទាមក្រៅច្បាប់មួយដំបរស្វានេះតែងតែប្រកាសក្តែងៗថា សហគមន៍អន្តរជាតិនឹងជួយក្រុមខ្លួនឲ្យបានវិលចូលស្រុកវិញតាមរយៈការដាក់ទណ្ឌកម្មឬគំនាបផ្សេងៗ ទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ។ ពួកនេះតែងធ្វើនយោបាយពឹងលើបរទេសទាំងស្រុង ប៉ុន្តែទីបំផុតគ្មានបរទេសណាយកចិត្តទុកដាក់ជួយក្រុមឧទ្ទាមក្រៅច្បាប់នេះឡើយ។
តាមមើលទៅ ក្រុមនេះចៀសមិនផុតពីត្រូវផ្ញើវាសនាលើលោក ហ៊ុន សែន ឡើយ ហើយមានតែលោក ហ៊ុន សែន ម្នាក់គត់ដែលជាអ្នកកំណត់ជោគវាសនារបស់ពួកគេ។
សរុបមកវិញ សកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងវិលក្បុងជាមួយនឹងនយោបាយជាន់កែងខ្លួនឯង។ ពួកគេកំពុងវង្វេងលែងដឹងទិសតំបន់ដោយសារតែនយោបាយគ្មានយុទ្ធសាស្ត្រ និងគ្មានគោលដៅរបស់ខ្លួន។ ពួកគេកំពុង តែអស់ក្បាច់ អស់ក្រឡាដើរ ពីព្រោះតែដើរចុះដើរឡើង កូនចៅរបស់ខ្លួន ទាំងត្រី ទាំងសេះ ទាំងទូក ត្រូវគេព័ទ្ធស៊ីស្ទើរតែអស់ពីក្តារអុកបាត់ទៅហើយ។
ដូច្នេះ ការចេញមកសម្តែងល្ខោនសុំសុពលភាពលិខិតឆ្លងដែនរបស់ក្រុម មួរ សុខហួរនេះ ពិតជាគ្មានអ្វីក្រៅពីការលេងល្បែងស្វាលេងប៉ាហ៊ីដើម្បីទូងស្គរឲ្យអ្នកស្រុកបែរភ្នែកក្រឡេកមើលមកខ្លួនខ្លះកុំឲ្យគេបំភ្លេចចោលតែប៉ុណ្ណោះ ក្នុងខណៈដែល កូវីដ-១៩ កំពុងធ្វើឲ្យប្រជាជន នៅលើពិភពលោក ក៏ដូចជានៅកម្ពុជាដែរ ផ្តោតការយកចិត្តទុកដាក់លើការថែរក្សាការពារសុខភាពនិងជីវភាពរស់នៅរបស់ខ្លួន និងក្រុមគ្រួសារជាអាទិភាពសំខាន់បំផុត។
ប៉ុន្តែ ល្បែងស្វាលេងប៉ាហ៊ីរបស់ក្រុម មួរ សុខ ហួរ មិនទទួលបាននូវសមានចិត្តពីអ្នកស្រុកនោះឡើយ ពីព្រោះប្រជាជនខ្មែរយល់ច្បាស់ណាស់ថា នេះជាល្បែងនយោបាយអស់លក្ខណ៍ ដោយមានតួសម្តែងមុខដដែលៗ រីឯអ្នកដឹកនាំរឿងនិងការរៀបចំឈុតឆាកសម្តែងក៏នៅតែដដែលៗគ្មានអ្វីថ្មីគួរអោយទាក់ទាញការចាប់អារម្មណ៍ទាល់តែសោះ។ និយាយឲ្យចំការសម្តែងរបស់ពួកគេនេះអន់ជាងស្វាលេងប៉ាហ៊ីទៅទៀត ដែលគ្មានតម្លៃសម្រាប់ពលរដ្ឋខ្មែរ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់៕
ដោយ: អ្នកនយោបាយតុកាហ្វេ
ទស្សនាវីដេអូ៖