អ្នកនាំពាក្យក្រសួងអប់រំ៖ សិស្សថ្នាក់ទី១២ អាចសាកល្បងប្រឡងមុខវិជ្ជាបាក់ឌុប តាមប្រព័ន្ធពង្រឹងសមត្ថភាព
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ក្រសួងបានបង្កើតប្រព័ន្ធពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ សម្រាប់ឱ្យសិស្សអាចតេស្តសមត្ថភាព ដើម្បីចង់ដឹងពីកម្រិតចំណេះដឹងរបស់ពួកគេ សម្រាប់ត្រៀមខ្លួនប្រឡងបាក់ឌុបនៅថ្ងៃខាងមុខ។ ទន្ទឹមនេះ សិស្សានុសិស្សអាចតេស្តសមត្ថភាពលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា តាមរយៈ៖ https://exam.moeys.gov.kh។
ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ប្រព័ន្ធនេះនឹងធ្វើឱ្យសិស្សថ្នាក់ទី១២ទាំងអស់ អាចពង្រឹង និងតេស្តសមត្ថភាពខ្លួនឯងនៅ លើប្រព័ន្ធអ៊ីនធឺណេត តាមរយៈទូរសព្ទស្មាតហ្វូន និងកុំព្យូទ័រ ទៅលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។ ឯកឧត្ដមបានបន្ថែមថា គិតមកដល់ពេលនេះ ជាដំណាក់កាលដែលក្រសួងអប់រំ យុវជន និងកីឡាបន្តស្វាគមន៍សិស្សានុសិស្សឱ្យចូលមកប្រើប្រាស់យន្តការ ប្រព័ន្ធពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ ដែលបង្កើតឡើង សម្រាប់សិស្សពង្រឹង និងតេស្ដសមត្ថភាពខ្លួនឯងនៅលើប្រព័ន្ធអ៊ីនធឺណេត។ ជាមួយគ្នានេះ ប្រព័ន្ធនេះ សិស្សអាចពង្រឹង និងតេស្ដសមត្ថភាពដោយខ្លួនឯងនៅលើប្រព័ន្ធអ៊ីនធឺណេតដោយអាចប្រើប្រាស់បានទាំងទូរសព្ទស្មាតហ្វូនកុំព្យូទ័រ និងកុំព្យូទ័របន្ទះផងដែរ។
ឯកឧត្ដមបានអះអាងថា ក្នុងករណីសិស្សានុសិស្សមានចម្ងល់លើការប្រើប្រាស់ប្រព័ន្ធធ្វើតេស្តសមត្ថភាពនេះ ពួកគេអាចខលទាក់ទងក្រសួងអប់រំ ដើម្បីសុំការពន្យល់បន្ថែមតាមរយៈលេខទូរសព្ទ (០៦៦ ៩០១ ៨០០)។
សូមបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ហើយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ធ្វើឡើងនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០។ ចំពោះបេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំនេះមានជាង១២ម៉ឺននាក់ ដោយមានមណ្ឌលប្រឡងចំនួន២១០មណ្ឌល៕ ដោយ៖ រិទ្ធី ប្រភព៖ ក្រសួងអប់រំ សម្រួលផ្សាយដោយ៖ ធូ កុសល