ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ សហការជាមួយវិស័យឯកជន ក្នុងការជំរុញការសិក្សារបស់សិស្សពីចម្ងាយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ បច្ចេកវិទ្យា 300
ក្រសួងអប់រំ សហការជាមួយវិស័យឯកជន ក្នុងការជំរុញការសិក្សារបស់សិស្សពីចម្ងាយ ក្រសួងអប់រំ សហការជាមួយវិស័យឯកជន ក្នុងការជំរុញការសិក្សារបស់សិស្សពីចម្ងាយ

ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រុមហ៊ុនរៀបចំ និងគ្រប់គ្រងប្រព័ន្ធ បច្ចេកវិទ្យាមួយឈ្មោះថា ផុស្ការ ឌីជីថល (POSCAR Digital) ក្នុងការរៀបចំការបង្រៀន និងសិក្សាតាមប្រព័ន្ធសាលារៀនឌីជីថលមួយថ្មីបន្ថែមទៀត ដើម្បីឱ្យបានទៅដល់សិស្សនៅតាម តំបន់ដាច់ស្រយាល ខណៈ សាលារៀនទូទាំងប្រទេសត្រូវបានបិទ ដោយសារការផ្ទុះ នូវជំងឺកូវីដ-១៩ ចូលទៅកាន់សហគមន៍។

ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការបង្កើតបរិយាកាសបង្រៀន និងសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ កាន់តែច្រើនជម្រើស នឹងផ្តល់អំណោយផលសម្រាប់ការ សិក្សា ក៏ដូចជាការប្រើនូវវិធីសាស្ត្របង្រៀនសមស្រប ដើម្បីកែលម្អលទ្ធផលសិក្សាសិស្សប្រសើរជាងមុន។

សូមបញ្ជាក់ថា វិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលស្ថិតនៅតំបន់ដាច់ស្រយាល ត្រូវបានដាក់ឱ្យប្រើ ប្រាស់នូវការបង្រៀនតាមប្រព័ន្ធសាលារៀនឌីជីថល ឈ្មោះថា Wiki School ខណៈប្រព័ន្ធនេះកំពុងត្រូវបានប្រើប្រាស់នៅក្នុងសាលារៀនជាច្រើនក្នុងរាជធានីភ្នំពេញក្នុងអំឡុងពេលសាលារៀនទូទាំងប្រទេសត្រូវបានបិទ ដោយសារការផ្ទុះនូវជំងឺកូវីដ-១៩។

លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង មានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធនេះមានសារសំខាន់បំផុត ខណៈ សាលារៀនទូទាំងប្រទេសត្រូវបានបិទ ដោយសារការផ្ទះឡើង នូវជំងឺកូវីដ-១៩។ លោកគាំទ្រឱ្យមានកម្មវិធីនេះពង្រីកទៅដល់សាលារៀនផ្សេងៗទៀត។

តាមការបញ្ជាក់របស់លោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុន POSCAR Digital ដែលជាក្រុម ហ៊ុនបង្កើត Wiki School បានឱ្យដឹងថា កម្មវិធីនេះ អាចអនុញ្ញាតឱ្យគ្រូបង្រៀនដាក់កិច្ចការផ្ទះ ឬការងារគម្រោងទៅឱ្យសិស្សតាមកម្មវិធីទូរស័ព្ទដៃ ហើយអាចឱ្យសិស្សរៀនសូត្រតាមកម្មវិធីសិក្សា ព្រមទាំងអាចគ្រប់គ្រងវត្តមានរបស់សិស្ស និងផ្តល់ពិន្ទុទៅឱ្យសិស្សទៅតាមការសិក្សានៃមេរៀននីមួយៗ។

លោក ប៉ិច ឈឿត នាយកវិទ្យាល័យ ពេជ្រចិន្តា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វិទ្យាល័យពេជ្រចិន្តា បានអនុវត្តការបង្រៀនតាមប្រព័ន្ធសាលារៀនឌីជីថល Wiki School ដោយបានដាក់មេរៀនទៅឱ្យសិស្សចំនួន១៥៣មេរៀន ដាក់កិច្ចការឱ្យសិស្សចំនួន៤៣០លើក ក្នុងចំណោមសិស្សសរុប១៥២៨នាក់៕

អត្ថបទទាក់ទង