ខ្មែរប៉ុស្ដិ៍ Close

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចាប់ផ្តើមបើកដំណើរការអាជីវកម្មសាកល្បងជាសាធារណៈ ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា នេះតទៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាប់ផ្តើមបើកដំណើរការអាជីវកម្មសាកល្បងជាសាធារណៈ ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ. ស.ក) មានអាសយដ្ឋាននៅអគារ លេខ៣០ ផ្លូវប៉ាស្ទ័រ (៥១) កែង ផ្លូវព្រៃនគរ (១២៦) សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោមចក្ខុវិស័យដ៏វៃឆ្លាតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅជំរុញអភិវឌ្ឍន៍វិស័យសហគ្រាសធុន តូច និងមធ្យម ឱ្យមានការរីកលូតលាស់ និងកំណើនប្រកបដោយចីរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើពិពិធកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ត្រូវបានផ្តួចផ្តើមឡើង។

បេសកកម្មចម្បងរបស់ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា គឺផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម, ជំរុញការធ្វើ ពិពិធកម្មសេដ្ឋកិច្ច និងពង្រីកទំហំនាំចេញ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែមសំខាន់ចំនួន ៤ដល់សហគមន៍រួមមាន៖

១៖ ផ្តល់ហិរញ្ញប្បទានក្នុងតម្លៃសមរម្យ និង សម្រួលដល់ នីតិវិធីក្នុងការផ្តល់ហិរញ្ញប្បទាន,
២៖ ផ្តល់ជំនួយបច្ចេកទេសដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពផលិតផល,
៣៖ ផ្តល់ការគាំទ្រផ្នែកប្រឹក្សាយោបល់អាជីវកម្ម និង
៤៖ ជំរុញ ការពង្រីកទីផ្សារក្នុងតំបន់។

ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានលក្ខណៈជាគោលនយោបាយផង និងពាណិជ្ជកម្មផង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា មានតួនាទីអនុវត្តស្របតាមគោលដៅយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដោយផ្តល់នូវហិរញ្ញប្បទាន ក្នុងតម្លៃសមរម្យ និងផ្តល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបាននូវ ហិរញ្ញប្បទាន ដោយក្នុងនោះផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៥ដូចជា៖

១៖ ផលិត និងកែច្នៃម្ហូបអាហារ,
២៖ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍
៣៖ កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែកឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត
៤៖ ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រង តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍
៥៖ សហគ្រាសដែលស្ថិតក្នុងតំបន់ ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ។

សូមជម្រាបថា បច្ចុប្បន្នធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាននិងកំពុងផ្តល់ជូននូវផលិតផលឥណទាន ទៅសហគ្រាសធុនតូច និងមធ្យម ក្រោម គម្រោងសហហិរញ្ញប្បទាន (SCFS) និងគម្រោងហិរញ្ញប្បទាននៃសហគ្រាសធុនតូច និងមធ្យមកម្ពុជា (CSS) ព្រមទាំងគ្រោងពង្រីកការផ្តល់ជូនហិរញ្ញប្បទានក្រោមគម្រោងផ្សេងៗទៀត ដូចជា គម្រោងហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីកម្ពុជា (CWE) និង គម្រោងហិរញ្ញប្បទាន សម្រាប់វិស័យឌីជីថល និងទំនើបកម្ម (CDAS) សម្រាប់សហគ្រាសធុនតូច និងមធ្យមនាពេលឆាប់ៗ ខាងមុខនេះ។

បន្ថែមពីលើផលិតផល និងសេវាឥណទាន ដែលផ្តល់ជូនសហគ្រាសធុនតូច និងមធ្យម ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹងផ្តល់ជូនសេវាបញ្ញើ-សន្សំ ប្រកបដោយសុវត្ថិភាព និងប្រាក់ចំណេញបន្ថែមដល់សាធារណជន ដូចជា គណនីសន្សំ គណនីបុត្រធីតា គណនីនិវត្តន៍ជន, គណនីចរន្ត និង គណនីបញ្ញើមានកាលកំណត់ជាដើម៕

អត្ថបទទាក់ទង