នាយករដ្ឋមន្រ្តីវៀតណាម ផ្ញើសារជូន សម្តេចតេជោ ហ៊ុន សែន សម្តែងការព្រួយបារម្ភចំពោះ គ្រោះទឹកជំនន់នៅកម្ពុជា
(ភ្នំពេញ)៖ លោក ង្វៀង សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានសរសេរសារលិខិតសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្តែងការព្រួយបារម្ភចំពោះ គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។
ក្នុងលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី វៀតណាម បញ្ជាក់ថា៖ «ខ្ញុំមានក្តីព្រួយចិត្ត និងបារម្ភយ៉ាងខ្លាំងនាពេលទទួលបានដំណឹងថា ការអូសអន្លាយនៃភ្លៀងខ្លាំងបានធ្វើឱ្យខេត្ត-ក្រុងជាច្រើនរបស់ប្រទេសកម្ពុជា រងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បង្កជន់លិច និងការខូចខាតធ្ងន់ដល់មនុស្ស និងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា»។
ជំនួសមុខរដ្ឋាភិបាល និងប្រជាជនវៀតណាម លោក ង្វៀង សួនហ្វុក បានផ្ញើជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អាជ្ញាធរ និងប្រជាជនបណ្តាខេត្ត-ក្រុង ដែលរងផលប៉ះពាល់ ព្រមទាំងបណ្តាក្រុមគ្រួសារដែលមានសមាជិករងគ្រោះថ្នាក់ដោយអកុសល «នូវការសួរសុខទុក្ខដោយស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុត»។
ជាមួយគ្នានេះ លោកមានក្តីជឿជាក់ម៉ុតមាំថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រជាជនកម្ពុជា នឹងជម្នះលើការលំបាកទាំងនេះ និងរកជីវភាពប្រក្រតីឡើងវិញ នាពេលឆាប់ៗដ៏ខ្លីខាងមុខ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ បានកើនឡើងរហូតដល់ ៤៣នាក់។ ក្នុងនោះខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅ ២៦នាក់។
យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ខេត្តដែលមានពលរដ្ឋស្លាប់ដោយសារគ្រោះទឹកជំនន់នេះ រួមមាន៖ បន្ទាយមានជ័យ ២៦នាក់, ពោធិ៍សាត់ ៦នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់៕
ខាងក្រោមនេះជាលិខិតរបស់នាយករដ្ឋមន្ត្រីវៀតណាម ផ្ញេីជូនសម្តេចតេជោ ហ៊ុន សែន៖