រដ្ឋមន្ដ្រីសុខាភិបាល ស្នើអង្គការ UNICEF ជួយពង្រឹងសមត្ថភាព និងបច្ចេកទេសមន្ដ្រីមន្ទីរសុខាភិបាល ពិសេសផ្នែកអាហារូបត្ថម្ភលើកុមារ
(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើអង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF) បន្ដជួយពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែមទៀត ដល់មន្ដ្រីសុខាភិបាលនៅតាមមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដោយផ្ដោតសំខាន់លើផ្នែកអាហារូបត្ថម្ភលើកុមារ។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយ លោកស្រី Foroogh Foyouzat ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា នាទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា កន្លងមកនេះ UNICEF និងក្រសួងសុខាភិបាល បានរឹតចំណងកិច្ចសហប្រតិបត្ដិការយ៉ាងជិតសិទ្ធិជាមួយគ្នាយូរណាស់មកហើយ និងបានចូលរួមចំណែកក្នុងគោលដៅសហសវត្សកម្ពុជា ក្នុងវិស័យសុខាភិបាលផងដែរ។
លោករដ្ឋមន្ដ្រីថ្លែងបន្ដថា ការងារកន្លងមករបស់ UNICEF បានផ្ដោតសំខាន់ទៅលើការគាំពារសុខភាពមាតា កុមារ និងទារក។ ដូច្នេះត្រូវបន្ដកិច្ចសហប្រតិបត្ដិការគាំទ្របន្ថែមទៀត ជួយពង្រឹងសមត្ថភាព និងបច្ចេកទេស ដល់មន្ដ្រីសុខាភិបាលនៅតាមន្ទីរសុខាភិបាលរាជធា នី-ខេត្ដ។ លោករដ្ឋមន្ត្រី ស្នើឱ្យផ្ដោតពិសេសទៅលើអាហារូបត្ថម្ភលើកុមារ ដើម្បីឈានទៅសម្រេចនូវទិសដៅរបស់សុខាភិបាល ក្នុងការកាត់បន្ថយអត្រាមរណភាពរបស់ទារកទើបនឹងកើត ខណៈចំនួនមរណភាពនេះ នៅមានអត្រាខ្ពស់ជាងនៅតាមបណ្ដាប្រទេស។
លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានជំរុញឱ្យមានការងារផ្ដល់សេវា ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពទៅទទួលសេវាគ្របដណ្ដប់សុខភាពជាសកល ឱ្យបានគ្រប់ៗគ្នា និងពង្រឹងបន្ថែមលើកម្មវិធីជាតិ ចាក់ថ្នាំបង្ការ ឱ្យបានទៅតាមផែនការកំណត់។
ជាការឆ្លើយតប លោកស្រី Foroogh Foyouzat ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងគាំទ្រទៅនឹងការស្នើរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លើការពង្រឹងការងារអាហារូបត្ថម្ភលើកុមារ។ ប៉ុន្ដែកត្ដានេះ ត្រូវមានការចូលរួមចំណែកពីសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ទើបការងារដំណើរបានល្អ។
ជាងនេះទៅទៀត អង្គការយូនីសេហ្វ ក៏ទទួលបន្ទុកមួយទៀត លើការទទួលខុសត្រូវលើការទិញ វ៉ាក់សាំងជំងឺកូវីដ-១៩ ដែលទទួលស្គាល់គុណភាព ដោយអង្គការសុខភាពពិភពលោក បែងចែកទៅដល់កម្មវិធីចាក់ថ្នាំរបស់កម្ពុជាផងដែរ។
លោកស្រី Foroogh Foyouzat បានថ្លែងបន្ដថា ក្រៅពីការងារខាងលើនេះ យូនីសេហ្វ ក៏កំពុងតែខិតខំប្រឹងប្រែងលើការលើកកម្ពស់សុខុមាលភាពកុមារ ដោយបច្ចុប្បន្ននេះ លើការងារផ្លូវចិត្ដរបស់កុមារ ក្នុងអំឡុងជំងឺកូវីដ-១៩ និងអនាម័យខ្លួនប្រាណ ការរស់នៅស្អាត ដើម្បីជាចំណែកមួយក្នុងការចូលរួមការពារនូវការចម្លងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ៕