ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំត្រៀមសាងសង់កន្លែងលាងដៃឱ្យបានគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេស

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ កីឡា - សុខភាព 1706
ក្រសួងអប់រំត្រៀមសាងសង់កន្លែងលាងដៃឱ្យបានគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសក្រសួងអប់រំត្រៀមសាងសង់កន្លែងលាងដៃឱ្យបានគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេស

ក្រសួងអប់រំយុវជន និងកីឡា ត្រៀមសាងសង់កន្លែងលាងដៃឱ្យបានគ្រប់គ្រឹះស្ថានសិក្សា នៅទូទាំងប្រទេស ដើម្បីធានាបាននូវសុវត្ថិភាព សុខភាពសិស្សានុសិស្សក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ និងបង្ការការឆ្លងពីជំងឺផ្សេងៗទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សាលាមួយចំនួនបានបើកដំណើរការឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមានសភាពធូរស្រាល ដោយអ្នកឆ្លងបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់។ តែទោះបីជាយ៉ាងនេះក្តី ក្រសួងនឹងត្រៀមសាងសង់កន្លែងលាងដៃ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់នៅទូទាំងប្រទេស ដើម្បីធានា សុវត្ថិភាពសុខភាពដល់សិស្សានុសិស្ស ពីជំងឺឆ្លងផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះការសាងសង់កន្លែងលាងដៃនេះ គឺក្រសួងមិនទាន់មាន ថវិកាគ្រប់គ្រាន់នៅឡើយទេ។ ហេតុដូច្នេះក្រសួងសូមអំពាវនាវ ដល់មាតាបិតា ឬអាណាព្យាបាលសិស្សទាំងអស់ចូលរូម ជាថវិកាមួយចំនួន ដើម្បីទ្រទ្រង់ដល់ការសាងសង់នៅពេលខាងមុខនេះ។
ឯកឧត្តម​បញ្ជាក់​ថា​ ក្រសួងអប់រំយុវជន និងកីឡា បានសុំឱ្យសាលាទាំងអស់ សាលារដ្ឋទាំងអស់ បង្កើតជាគណៈកម្មការគ្រប់គ្រង សាលារៀន ដោយមានការចូលរួមពីមាតា បិតា អ្នកអាណាព្យាបាល ក៏ដូចជាសិស្ស និងអាជ្ញាធរមូលដ្ឋាន គឺដើម្បីជួយ ទ្រទ្រង់សាលា ដោយសារសាលានឹងទទួលបានថវិកាបន្ថែម តែប្រហែលជាមិនគ្រប់គ្រាន់ទេ សម្រាប់ការធានានូវស្ដង់ដារសុវត្ថិភាពអនាម័យផ្សេងៗ ពីព្រោះថាសាលាត្រូវសាងសង់កន្លែងលាងដៃ និងរកថវិកាបន្ថែម សម្រាប់សាងសង់ កន្លែងលាងដៃ ដែលមានទឹក មានសាប៊ូ។ហើយការបែងចែកទៅតាមក្រុមតូចនេះៗ នឹងធ្វើឱ្យការរៀនសូត្រ នៅសាលានេះ ត្រូវការធនធានបន្ថែមទៀត។ដូច្នេះយើងសង្ឃឹមថា មាតាបិតានឹងចូលរួមជួយគាំទ្រសាលា ដើម្បីឱ្យសាលាហ្នឹង មានធនធានគ្រប់គ្រាន់ក្នុងគោលដៅធានា នូវសុវត្ថិភាពនិងការរៀនសូត្រផង និងគោលដៅទទួលបាននូវការអប់រំបន្ថែមផង។
ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអប់រំយុវជននិងកីឡា ក៏បានក្រើនរំឭកដល់គណៈគ្រប់គ្រងសាលារៀនទាំងអស់ ត្រូវបន្តការយកចិត្ត ទុកដាក់ អនុវត្តន៍នូវវិធានសុខាភិបាល ពិសេសត្រូវចាត់តាំងគ្រូ និងសិស្សមួយចំនួនពិនិត្យ និងអប់រំណែនាំដល់សិស្ស ក្នុងសាលា ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយការពាក់ម៉ាស់ វាស់កម្ដៅ និងសម្អាតដៃជាប្រចាំដោយប្រើសាប៊ូ ឬ អាល់កុល៕​