ខ្មែរប៉ុស្ដិ៍ Close

    សឺន ស៊ូប៊ែរ្តិ៍ មិនស័ក្តិសមធ្វើជាឧត្តមទីប្រឹក្សា ព្រះមហាក្សត្រឡើយ (Video inside)

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 1661
    សឺន ស៊ូប៊ែរ្តិ៍ មិនស័ក្តិសមធ្វើជាឧត្តមទីប្រឹក្សា ព្រះមហាក្សត្រឡើយ (Video inside)សឺន ស៊ូប៊ែរ្តិ៍ មិនស័ក្តិសមធ្វើជាឧត្តមទីប្រឹក្សា ព្រះមហាក្សត្រឡើយ (Video inside)

    ក្នុងកាលៈទេសដែលកម្ពុជាកំពុងរងគ្រោះជំនន់ទឹកភ្លៀង ពលរដ្ឋខ្មែររាប់សែនគ្រួសាររងគ្រោះ កម្លាំងសាមគ្គីជាតិខ្មែរក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រីយ ព្រះបវរមាតាជាតិខ្មែរ រួមគ្នាជួយសង្គ្រោះជីវិតពលរដ្ឋពីការលិចលង់ ហេតុអ្វីបានជាបុគ្គល សឺន សូប៊ែរ្តិ៍ និង ឡៅ ម៉ុងហៃ ដែលជាក្រុមកឹម សុខានិយម បែរជាឃុបឃិតនឹងវិទ្យុឧទ្ទាមអាស៊ីសេរីផ្សាយព័ត៌មាន មានចរិតញុះញង់ បំភ្លៃខុសពីការពិត បង្កើតការភាន់ច្រឡំក្នុងចំណោមសាធារណមតិដោយនិយាយប្រមាថថា «ព្រះរាជាបច្ចុប្បន្នដូចជាប់ឃុំក្នុងវាំង»?

    តើអ្វីជាចេតនាពិតប្រាកដរបស់បុគ្គលទាំង២រូបនេះ ហើយតើមានប្រយោជន៍អ្វីបានជាសមាជិកគណបក្សសិទ្ធិមនុស្ស និងអតីតទីប្រឹក្សារបស់ជនជាប់ចោទពីបទក្បត់ជាតិ កឹម សុខា រៀបចំនិងបញ្ចេញសេណារីយូ និយាយបំភ្លៃការពិត និងប្រមាថព្រះចេស្តាព្រះមហាក្សត្រនៅគ្រាប្រទេសជាតិ និងប្រជាជនកម្ពុជា ជួបការលំបាកទាំងគ្រោះមហន្តរាយជំនន់ទឹកភ្លៀង និងវិបត្តិកើតឡើងពីជំងឺឆ្លងកូវីដ-១៩?

    ការឃុបឃិតផ្សព្វផ្សាយព័ត៌មានមានចរិតញុះញង់ បំភ្លៃ បំផ្លើសខុសពីការពិតនៅពេលនេះ គឺបុគ្គលទាំង២រូបនេះ មានចេតនាយ៉ាងពិតប្រាកដបង្កជម្លោះរវាង ស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នរាជរដ្ឋាភិបាល ហើយក៏បាននិងកំពុងព្យាយាមបំបែកបំបាក់សាមគ្គីភាពជាតិខ្មែរក្រោមម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ពលរដ្ឋខ្មែរ ដែលកំពុងរួមគ្នាជួយជនរងគ្រោះនៃជំនន់ទឹកភ្លៀងដែរ។

    បុគ្គលទាំងពីរនេះពិតជាបានបង្កប់នូវសេណារីយូដ៏ច្បាស់លាស់ក្នុងផែនការបង្កការថ្នាំងថ្នាក់ បញ្ឆេះកំហឹង និងបង្កើតចលាចលសង្គម និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរយល់ច្រឡំ លើស្ថាប័នរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា រួមនឹងគណបក្សប្រជាជនកម្ពុជា ជាពិសេសលើសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបាន ប្រកាសគោលជំហរម៉ឺងម៉ាត់ចំពោះមុខព្រះភ័ក្ត្រនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែថា រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាគោរព និងការពារលើកស្ទួយស្ថាប័នព្រះមហាក្សត្រដ៏ស្មោះស្ម័គ្របំផុត ស្របតាមរដ្ឋធម្មនុញ្ញ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានព្រមានអ្នកដែលចង់ធ្វើអ្វីប៉ះពាល់ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមនៅកម្ពុជាត្រូវរំលងសពសម្តេចជាមុនសិន។ អ្វីដែល សឺន ស៊ូប៊ែរ្តិ៍ និង ឡៅ ម៉ុងហៃ និយាយមិនឆ្លុះបញ្ចាំងពីការពិត ហើយបកស្រាយដោយមិនមើលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលមាត្រា៧ចែងថា «ព្រះមហាក្សត្រសោយរាជ្យ តែទ្រង់មិនកាន់អំណាច»។

    លើសពីនេះពលរដ្ឋខ្មែរបានដឹងច្បាស់ណាស់ថា នៅសុខៗហេតុអ្វីបានជាបុគ្គល សឺន ស៊ូបែរ្តិ៍ និង ឡៅ ម៉ុងហៃ ក្រោមការឃុបឃិតជាមួយវិទ្យុឧទ្ទាមអាស៊ីសេរី ជាឧបករណ៍ឃោសនានយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយម ផ្សព្វផ្សាយព័ត៌មាននេះឡើងនោះ ក៏ព្រោះតែពួកគេបន្តអនុវត្តផែនការចាស់របស់ ចៅហ្វាយនាយបរទេសរបស់ពួកគេក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងការផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា ហើយរៀបចំរបបដឹកនាំ និងរដ្ឋាភិបាលដែល បម្រើឱ្យបន្ទាត់នយោបាយពួកគេ។ ដូច្នេះវាមិនមែនជាការចៃដន្យឡើយដែលពួកគេបានបំភ្លៃការពិតនេះឡើយព្រោះ៖

    ១) ពួកគេកំពុងរៀបចំផែនការផ្តួលរំលំ របបដឹកនាំតាមបដិវត្តន៍រាជានិយម និងប៉ុនប៉ងយកស្ថានភាពនៅថៃបច្ចុប្បន្នចូលប្រទេសកម្ពុជា។
    ២) ពួកគេឆ្លៀតយកឱកាសនៃការតវ៉ារបស់ពលរដ្ឋថៃប្រឆាំងនឹងរបបរាជានិយម មកបញ្ឆេះកំហឹង និងបង្កជម្លោះរវាងស្ថាប័នព្រះមហាក្សត្រនិង ស្ថាប័នជាតិ ញុះញង់ឱ្យប្រជាពលរដ្ឋក្តៅក្រហាយនឹងរាជរដ្ឋាភិបាល។
    ៣) ពួកគេព្យាយាមដាក់សម្ពាធលើព្រះមហាក្សត្រ និងបានកំពុងប្រមាថស្ថាប័នព្រះមហាក្សត្រជាសាធារណៈ ក្នុងន័យដកជំនឿទុកចិត្តរបស់ពលរដ្ឋខ្មែរលើអង្គព្រះមហាក្សត្រ និងលើរបបរាជានិយមទាំងមូល។ ពួកគព្យាយាមធ្វើដូច្នេះក៏ព្រោះថា ពួកគេព្យាយាមប្រើព្រះរាជបល្ល័ង្គដើម្បីជួយសង្គ្រោះនយោបាយក្រុមខ្លួន និងជួយឱ្យពួកគេគេចផុតពីសំណាញ់ច្បាប់ និងលុបលាងអំពីក្បត់ជាតិបំពានច្បាប់របស់ពួកគេ។

    កន្លងទៅនេះនៅពេលដែលទណ្ឌិតសម រង្ស៉ី និងក្រុមជ្រុលនិយម បានជេរប្រមាថព្រះមហាក្សត្រខ្មែរ និងប្រកាសផ្តួលរំលំរបបរាជានិយម គេមិនឃើញពួកក្រុមឡេមឡឺមទាំងអស់នេះមានប្រតិកម្មតបអ្វីទាំងអស់។ ទន្ទឹមនឹងនេះនៅពេលជនជ្រុលនិយមតាមបណ្តាញទំនាក់ទំនងសង្គម ឬក្រុមប្រឆាំងជេរប្រមាថព្រះមហាក្សត្រ ក៏ពួកគេនៅសម្ងំស្ងៀមដែរ។ ប៉ុន្តែពួកគេបែរជាមកវាយប្រហារ រិះគន់ និងបង្កើតឱ្យមានជម្លោះរវាងស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នរាជរដ្ឋាភិបាលដែលជាអ្នកការពាររដ្ឋធម្មនុញ្ញ ការពារនិងលើកស្ទួយស្ថាប័នព្រះមហាក្សត្រ និងការពាររបបរាជានិយមទៅវិញ។

    ប៉ុន្តែទោះជាក្រុមជ្រុលនិយមព្យាយាមបំបែក និងបំលែងផែនការបដិវត្តន៍ពណ៌របស់គេឱ្យទៅជាសកម្មភាពច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចគេចពីក្រសែភ្នែកពលរដ្ឋខ្មែរ បានឡើយហើយក៏កាន់តែធ្វើឱ្យពលរដ្ឋខ្មែរស្គាល់ក្រយៅ សឺន សូប៊ែរ្តិ៍ និងឡៅ ម៉ុងហៃ យ៉ាងច្បាស់ថាជានរណាពិតប្រាកដ។ តាមពិតទៅ យោងតាមការស្រាវជ្រាវអំពីប្រវត្តិសាវតាពួកគេទាំងនេះរួមនឹងទណ្ឌិត សម រង្ស៊ី ផង គឺពួកគេជាពួកសាធារណរដ្ឋនិយម និងគ្មានភាពស្មោះត្រង់ពិតប្រាកដនឹងព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្គឡើយ។

    ហេតុដូច្នេះបានជាពួកគេអនុវត្តផែនការបំផ្លាញស្ថាប័ន ព្រះមហាក្សត្រ ប្រមាថព្រះមហាក្សត្រ និងប្រមាថទឹកចិត្តគោរពស្រឡាញ់ និងការពាររាជបល្ល័ង្គរបស់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល និងបានប៉ុនប៉ងម្តងហើយម្តងទៀតក្នុងការធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបរាជានិយមយ៉ាងដូច្នេះ។ សឺន ស៊ូបែរ្តិ៍ និងឡៅ ម៉ុងហៃ បាននិងកំពុងជ្រកក្រោមស្លាកអ្នកស្រឡាញ់រាជបល្ល័ង្គ ប៉ុន្តែបាននិងកំពុងបំផ្លាញ និងប្រឆាំងព្រះរាជបល្ល័ង្គ បម្រើឱ្យផែនការចាស់របស់ពួកគេ។ បុគ្គល សឺន ស៊ូប៊ែរ្តិ៍ មិនស័ក្តិសមនឹងមានតួនាទីជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រឡើយ!

    ដោយ៖ ចៅចាក់ស្មុក
    រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

    ខាងក្រោមព័ត៌មានរបស់ RFA ចេញផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០

    អត្ថបទទាក់ទង