ខ្មែរប៉ុស្ដិ៍ Close

ទម្លាយអាថ៌កំបាំងរាប់ពាន់ឆ្នាំមុន ស្មានមិនដល់របស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 102
ទម្លាយអាថ៌កំបាំងរាប់ពាន់ឆ្នាំមុន ស្មានមិនដល់របស់កម្ពុជា ទម្លាយអាថ៌កំបាំងរាប់ពាន់ឆ្នាំមុន ស្មានមិនដល់របស់កម្ពុជា

កំណាយ​ថ្មី​ៗ ២​កន្លែង​នៅ​កម្ពុជា បាន​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ថា ទឹកដី​ខ្មែរ​មាន​ប្រវត្តិ​រាប់​ពាន់​ឆ្នាំ និង​មាន​អាថ៌​កំបាំង​ជា​ច្រើន​ដែល​មិន​ទាន់​ត្រូវ​បាន​រកឃើញ និង​បកស្រាយ​នៅ​ឡើយ។ បច្ចុប្បន្ន​មាន​ក្រុម​អ្នក​ស្រាវជ្រាវ បាន​ធ្វើ​ការ​រុករក​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ហើយ​បាន​រក​ឃើញ​រឿង​រ៉ាវ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

១. រក​ឃើញ​ភស្តុតាង​ថ្មី​ប្រហែល​ជា​អតីត​រាជវាំង​បុរាណ​នៅ​ខ្នង​ភ្នំ​គូលែន

កំណាយ​ស្រាវ​ជ្រាវ​នៅ​ខ្នង​ភ្នំ​គូលែន កាល​ពី​ថ្មីៗ​នេះ​ បាន​រក​ឃើញ​ភស្តុតាង​ថ្មី ប្រហែល​ជា​អតីត​រាជវាំង​បុរាណ​ក្នុង​រជ្ជកាល ព្រះបាទ​ជ័យ​វរ្ម័ន​ទី២ ក្នុង​សតវត្ស​ទី​៩។ ការ​សន្និដ្ឋាន​បែប​នេះ​បន្ទាប់​ពី ក្រសួងបរិស្ថាន សហការជាមួយអង្គការADF អាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដី និង​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ខ្នងភ្នំគូលែន​ ធ្វើ​កំណាយស្រាវជ្រាវ​លើ​ទីតាំង​ឈ្មោះ «បន្ទាយ» បច្ចុប្បន្ន​ហៅ​ថា​ផ្ទះ​គូចារ្យ នៅ​ក្នុងឧទ្យានជាតិ​ព្រះជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន​ស្ថិត​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​អន្លង់ធំ ភូមិ​អន្លង់ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប។


ក្នុង​កំណាយ​ស្រាវជ្រាវ​នោះ បាន​រក​ឃើញ​ចំណុច​ដែល​ពាក់ព័ន្ធ​នឹង​អតីត​រាជវាំង​ខ្មែរ​បុរាណ​ដូច​ខាង​ក្រោម​នេះ៖

  • រក​ឃើញ​ផ្លូវ​ចូល​ពី​ទិស​ខាង​កើត​អគារ​សង់​ពីឥដ្ឋ
  • សំណង់​កណ្ដាល​នៃ​អគារ​នេះ​មានបីដំណាក់កាលដំណាក់កាល់ទី១ ប្រហែល​ជា​ស្ថិត​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី២​ស្ថិត​ក្នុង​សតវត្ស​ទី៩ បច្ចេកទេស​សំណង់​មាន​បង្ហាប់​គ្រឹះ​ដោយ​ប្រើ​ដី លាយ​ជាមួយ​កម្ទេច​ថ្ម​បាយ​ក្រៀម​ គ្រួស បន្ទាប់​មក​រៀប​ក្រវាត់​ពី​ឥដ្ឋ​មុន​នឹង​ធ្វើ​សំណង់​ខាងលើ។

  • ដំណាក់​កាលទី២ គឺចាក់ដីកំរាស់៣០សង់ទីម៉ែត្រនៅលើកំរាលឥដ្ឋដំណាក់កាលទី១ បន្ទាប់​មក​ក៏​រៀប​កម្រាល​ឥដ្ឋ​នៅ​ពីលើ ក្នុង​ដំណាក់​កាល​នេះ​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​ថា​ធ្វើ​ពេល​ណា​នៅ​ឡើយ​នោះ​ទេ ដោយសារ​មិនទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​សន្និដ្ឋាន​បឋម។
  • ដំណាក់កាលទី៣ ស្ថិតក្នុងអំឡុងទសវត្សរ៍ទី៦០រហូតដល់ពេលប្រទេសមានសង្គ្រាម។ តាម​ការ​ សាកសួរ​ពី​ចាស់​ទុំ​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ទសវត្ស​ទី​៦០​មាន​លោកតា​អាចារ្យ​ម្នាក់​បាន​មក​សង់ផ្ទះនេះ ​ដើម្បី​ធ្វើ​ធម៌ បន្ទាប់​ពី​ប្រទេស​មាន​សង្គ្រាម​ក៏​បាត់​ដំណឹង​គាត់​ចាប់​ពី​ពេល​នោះ​មក។


២. កំណាយក្នុងល្អាងនៅបាត់ដំបង រកឃើញពីជីវិតរស់នៅរបស់មនុស្សរាប់ពាន់ឆ្នាំមុន

កាល​ពី​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​កម្ពុជា និង​បារាំង​បាន​ធ្វើ​កំណាយ​នៅ​ក្នុង​ល្អាង​ស្ពាន​ដែល​មាន​អាយុ​កាល​ប្រហែល ៧០០០​ឆ្នាំ ស្ថិត​នៅ​ក្នុង​ភ្នំ​ទាក់ទ្រាំង (ពី​មុន​ឈ្មោះ​ភ្នំ​នាគត្រង់) នៅ​ខេត្ត​បាត់ដំបង និង​បាន​រកឃើញ វត្ថុ​ប្រើប្រាស់ និង សព​មនុស្ស​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ។


អ្វី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ ក្នុង​កំណាយ​ស្វែងរក​ប្រភព​សកម្មភាព​នៃ​ការ​រស់នៅ​របស់​មនុស្ស​ ក្នុង​ល្អាង​ខាងលើ ក្រុម​អ្នក​ស្រាវជ្រាវ កម្ពុជា និង​បារាំង បាន​ប្រទះ​ឃើញ​សកម្មភាព​ក្នុង ៣​ដំណាក់កាល៖

ទី១- ដំណាក់កាល​ថ្ម​បំបែក ស្ថិត​ក្នុង​ជម្រៅ​ជ្រៅ និង​មាន​អាយុ​កាល​ប្រហែល ៧​ម៉ឺន​ឆ្នាំ។​

ទី២- ដំណាក់កាល​ថ្ម​បំបែក​មួយ​ទៀត ដែល​ភាសា​បច្ចេកទេស​ហៅ​ថា វប្បធម៌​ហាវប៊ិនញៀន ដោយ​រកឃើញ​របស់​របរ​ប្រើប្រាស់ ដូចជា ឧបករណ៍​ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿង​លម្អកាយ (អង្កាំ និង​កង​ដៃ​ធ្វើពីថ្ម និងបន្តោងខ្សែក​ធ្វើ​ពី​ចង្កូម) និង​សំណល់​ឆ្អឹង​សត្វ មាន​អាយុ​កាល​ពី ៥​ពាន់ ទៅ​ ១​ម៉ឺន​ឆ្នាំ។


ទី៣- ដំណាក់កាល​រក​ឃើញ​កន្លែង​កប់​សព មានន័យថា ក្រោយ​ពី​វប្បធម៌​ថ្ម​បំបែក មនុស្ស​មួយ​ក្រុម​ទៀត ដែល​ស្ថិត​ក្នុង​យុគ​ថ្ម​រំលីង ចេះ​ធ្វើ​កសិកម្ម លែង​រស់នៅ​ក្នុង​ល្អាង​នេះ ហើយ​បាន​យក​ល្អាង​ស្ពាន​ធ្វើ​ជា​កន្លែង​កប់​សព។ រហូត​មក​ដល់​ពេល​នេះ ​ក្រុម​ស្រាវជ្រាវ​បាន​រក​ឃើញ​សព​ចំនួន ៦ហើយ ដោយ​ផ្នូរ​នីមួយៗ​មាន​អាយុ ៣ពាន់​ឆ្នាំ​។

ល្អាង​ស្ពាន ស្ថិត​ក្នុង​ភូមិ​គីឡូ​៣៨  ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ធ្វើ​ដំណើរ​ពី​ផ្លូវ​ជាតិ​លេខ​៥៧ ចម្ងាយ​ ៣គីឡូមែត្រ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ទៅ​ទស្សនា​មាន​ប្រមាណ ១០០​នាក់ ក្នុង​មួយ​ឆ្នាំៗ ។ សម្រាប់​ការ​ធ្វើ​កំណាយ​ល្អាង​នេះ ​ត្រូវ​ធ្វើឡើង​លើក​ដំបូង​ដោយ​លោកស្រី សេស៊ីល ម៉ូរ៉េ និង​លោក​រ៉ូឡង់ ម៉ូរ៉េ នៅ​ទសវត្សរ៍​១៩៦០។ រាល់​របស់​របរ​នានា ដែល​ត្រូវ​បាន​រកឃើញ​ ត្រូវរក្សា​ទុក​ក្នុង​សារមន្ទីរ​ខេត្ត​បាត់​ដំបង៕

 

ប្រភព៖ Sabay

អត្ថបទទាក់ទង