ខ្មែរប៉ុស្ដិ៍ Close

សេចក្តីប្រកាសស្តីពីការសម្រួលជូនសាសនិកឥស្លាមរៀបចំពិធីបុណ្យសព និងថ្វាយបង្គំសពនៅតាមវិហារ-ស៊ូរ៉ាវ និងរាល់ពិធីបុណ្យសាសនានានា ជាដំណាក់ៗ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 10

ក្រសួងសុខាភិបាលនៅថ្ងៃទី០៦ ខែតុលាឆ្នាំ២០២០ បានចេញសេចក្តីប្រកាសសម្រួលឱ្យសាសនិកឥស្លាមរៀបចំពិធីបុណ្យសព និងថ្វាយបង្គំសព នៅតាមវិហារ-ស៊ូរ៉ាវ និងរាល់ពិធីបុណ្យសាសនានានា ជាដំណាក់ៗ លើកលែងតែការជួបជុំគ្នាដើរធ្វើធម្មយាត្រា។ បើតាមក្រសួងសុខាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពលើលិខិត របស់ក្រសួងសុខាភិបាល ក្នុងការសម្រួលឱ្យសាសនិកឥស្លាមរៀបចំពិធីបុណ្យសព និងថ្វាយបង្គំសព នៅតាមវិហារ-ស៊ូរ៉ាវ និងរាល់ពិធីបុណ្យសាសនានានា ជាដំណាក់ៗ លើកលែងតែការជួបជុំគ្នា ដើរធ្វើធម្មយាត្រាជាក្រុមតូច-ធំ ជួបជុំឃោសនាសាសនា ដោយដំណើរឆ្លងកាត់ពីវិហារ-ស៊ូរ៉ាវ ពីភូមិមួយទៅភូមិមួយ រហូតទៅដល់ក្រុង ស្រុកខណ្ឌ ខេត្ត រាជធានី មួយទៀតនៅកម្ពុជា និងធ្វើការស្នាក់នៅក្នុងវិហារ-ស៊ូរ៉ាវ នៅទូទាំងប្រទេស ដែលត្រូវរង់ចាំរហូតមានការអនុញ្ញាត និងសេចក្ដីជូនដំណឹងជាថ្មីពីរាជរដ្ឋាភិបាល។

ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា រាល់ពិធីបុណ្យសាសនា និងការជួបជុំទាំងអស់ សាសនិកឥស្លាម ត្រូវតែគោរពឱ្យបានខ្ជាប់ខ្លួន នូវវិធានសុខាភិបាល ដូចជាពាក់ម៉ាស់ វាស់កម្ដៅ លាងដៃជាប្រចាំជាមួយសាប៊ូ អាល់កុល ឬដែល និងមានគម្លាតបុគ្គលពីគ្នាយ៉ាងតិច១,៥ម៉ែត្រ បាញ់ថ្នាំសម្លាប់មេរោគ សំអាតវិហារ-ស៊ូរ៉ាវ ជាប្រចាំ និងត្រូវរក្សាគម្លាត សង្គមឱ្យបានសមស្របនៃចំណុះទីតាំងវិហារ-ស៊ូរ៉ាវ នីមួយៗ។ គណៈដឹកនាំឥស្លាមក៏ត្រូវតាមដាន ត្រួតពិនិត្យអនុវត្តរាល់ពិធីបុណ្យសាសនា និងការជួបជុំឱ្យបានហ្មត់ ចត់ជាទីបំផុត។ ក្នុងករណីដែលមានបញ្ហាទាក់ទងនឹងការសង្ស័យថាមានជំងឺកូវីដ-១៩ ជាយថាហេតុ សូមគណៈដឹកនាំវិហារ-ស៊ូរ៉ាវនីមួយៗរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕

សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង