លោក ស៊ុន ចាន់ថុល បង្ហាញសារប្រយោជន៍ ប្រព័ន្ធផ្ទេរកម្មសិទ្ធិរថយន្តតាមអនឡាញ (Video inside)
(ភ្នំពេញ)៖ ប្រព័ន្ធស្វ័យប្រវត្តកម្មផ្ទេរកម្មសិទ្ធិរថយន្ត ដែលអនុញ្ញាតឱ្យម្ចាស់រថយន្តស្នើសុំផ្ទេរកម្មសិទ្ធិតាមប្រព័ន្ធអនឡាញ ត្រូវបានប្រកាសដាក់ឱ្យដំណើរហើយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ការផ្ទេរកម្មសិទ្ធិរថយន្តត្រូវបានគេមើលថាមានបញ្ហាស្មុគស្មាញច្រើនព្រោះតែនីតិវិធីការនៃការផ្ទេរ។ ការលំបាកនេះ បាននាំឱ្យការទិញលក់រថយន្តមួយចំនួនមិនមានការផ្ទេរកម្មសិទ្ធិរវាងម្ចាស់រថយន្តចាស់ ទៅម្ចាស់រថយន្តទិញបន្តនោះឡើយ។ ការទិញលក់រថយន្តដោយមិនផ្ទេរកម្មសិទ្ធិនេះ ក៏បានបង្កទៅជាបញ្ហាស្មុគស្មាញច្រើនផងដែរ ពេលដែលរថយន្តនោះមានបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់។
ប្រព័ន្ធស្វ័យប្រវត្តកម្មផ្ទេរកម្មសិទ្ធិរថយន្តនេះ នឹងបង្កលក្ខខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋជាម្ចាស់រថយន្ត ដោយចូលទៅក្នុងប្រព័ន្ធតាមអនឡាញ vehicle.mpwt.gov.kh ឬទៅកាន់ទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិរថយន្ត។ ប្រព័ន្ធថ្មីដោយមានជំនួយពីបច្ចេកវិទ្យានេះ មានការភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យអ្នកផ្ទេរកម្មសិទ្ធិយានយន្តមិនលំបាកធ្វើដំណើរទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង់ពន្ធប្រថាប់ត្រាដូចមុនទៀតនោះឡើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ប្រព័ន្ធស្វ័យប្រវត្តកម្មផ្ទេរកម្មសិទ្ធិរថយន្តនេះ នឹងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទនៅកម្ពុជា ផ្តល់កម្មសិទ្ធិស្របច្បាប់ជូនម្ចាស់យានជំនិះ ព្រមទាំងរួមចំណែកក្នុងការប្រមូលប្រាក់ពន្ធអាករ ធានាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងទប់ស្កាត់ការក្លែងបន្លំផ្សេងៗឱ្យមានប្រសិទ្ធិភាព។
លោករដ្ឋមន្ត្រីបន្ថែមថា តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួលសេវាសាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ អាចចូលរួមកាត់បន្ថយភាពស្មុគស្មាញដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈពីក្រសួងសាធារណការ និងដឹកជញ្ជូន និងដើម្បីផ្តល់សេវាឱ្យបានទាន់ពេលវេលា កាត់បន្ថយ ការចំណាយផ្លូវការផ្សេងៗ ដោយប្រព័ន្ធស្វ័យប្រវត្តិកម្មនេះបានកំណត់តម្លៃរួចជាស្រេច គ្រាន់តែបង់តាមតម្លៃនោះថវិកានឹងចូលទៅក្នុងថវិកាជាតិ មិនចូលទៅណាផ្សេងនោះទេ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញដល់ប្រជាពលរដ្ឋដែលទិញ-លក់ យានយន្តបានចុះបញ្ជីរួច ប៉ុន្តែពុំទាន់បានធ្វើការផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវមកធ្វើការផ្ទេរកម្មសិទ្ធិយានយន្ត ដើម្បីកាន់កាប់យានយន្តរបស់ខ្លួនត្រឹមត្រូវតាមច្បាប់ និងរួចផុតពីកាតព្វកិច្ចទទួលខុសត្រូវចំពោះមុខច្បាប់ ដូចជាករណី រថយន្តបង្ក គ្រោះថ្នាក់ចរាចរណ៍ ឬរថយន្តប្រព្រឹត្តិបទល្មើសផ្សេងៗជាដើម។
សូមបញ្ជាក់ថា បន្ទាប់ពីដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិរថយន្តតាមអនឡាញហើយនោះ ម្ចាស់យានយន្តអាចទៅយកបណ្ណសម្គាល់រថយន្ត ឬកាតគ្រី នៅមជ្ឈមណ្ឌលផ្តល់សេវានៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល តាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឬតាមកន្លែងផ្តល់សេវាដទៃៗទៀត។
សូមទស្សនាវីដេអូលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីគុណតម្លៃនៃប្រព័ន្ធស្វ័យប្រវត្តកម្មនៃការផ្ទេរកម្មសិទ្ធិរថយន្ត៖