ខ្មែរប៉ុស្ដិ៍ Close

ផ្លូវជាតិលេខ៤១នឹងត្រូវដាក់កាមេរ៉ាចាប់ល្បឿន បន្ទាប់ពីជួសជុលឡើងវិញរួចរាល់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
ផ្លូវជាតិលេខ៤១នឹងត្រូវដាក់កាមេរ៉ាចាប់ល្បឿន បន្ទាប់ពីជួសជុលឡើងវិញរួចរាល់ ផ្លូវជាតិលេខ៤១នឹងត្រូវដាក់កាមេរ៉ាចាប់ល្បឿន បន្ទាប់ពីជួសជុលឡើងវិញរួចរាល់

ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា កាមេរ៉ាចាប់ល្បឿនយានយន្តបើកបរលើសល្បឿនកំណត់ នឹងត្រូវដាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ក្រោយពីផ្លូវនេះស្តារនិងពង្រីករួចរាល់។ បច្ចុប្បន្ន ផ្លូវនេះជួសជុលលើកកម្ពស់ឡើងវិញហើយ។

តាមការឱ្យដឹងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បច្ចុប្បន្នកំណាត់ផ្លូវនេះ គ្រោងពង្រីក និងលើកកម្រិតតភ្ជាប់ពីថ្នល់ទទឹងផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣១+១៨៣ ទៅជុំគិរីផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៣៦+៧៥៥) ដោយមានទទឹងតួផ្លូវ១២ម៉ែត្រ ពង្រីកស្ពានទទឹង១២ម៉ែត្រ ចំនួន១កន្លែង លូចំនួន៣១៥ កន្លែង និងបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន៨ កន្លែង។

ផ្លូវជាតិលេខ៤១ ចាប់ពីផ្សារថ្នល់ ទទឹងចំណុចប្រសព្វនៃផ្លូវជាតិ លេខ៤ ខេត្តកណ្តាល កាត់ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ទៅដងទង់ខេត្តកំពត មានប្រវែងសរុបជាង៩៥គីឡូម៉ែត្រ ជាប្រភេទក្រាលកៅស៊ូពីរជាន់ (DBST) បានបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៤ និងដាក់ឱ្យប្រើប្រាស់នៅខែមិថុនា ឆ្នាំ២០១៥ ដោយចំណាយថវិកាសរុបប្រមាណ៤៦លានដុល្លារ ប៉ុន្តែមកដល់បច្ចុប្បន្ន ផ្លូវនេះបានរងការខូចខាតយ៉ាងដំណំដោយសារការបើកបរលើសកម្រិត ទម្ងន់កំណត់ គួបផ្សំនឹងស្ថានភាពផ្លូវមានកម្រិតទាប និងលិចលង់ ដោយជំនន់ទឹកភ្លៀង ដែលតម្រូវឱ្យធ្វើការជួសជុលលើកកម្ពស់ឡើងវិញ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍។

តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាពេលកន្លងទៅ បានឱ្យដឹងថា គម្រោងស្ថាបនាឡើងវិញនូវផ្លូវជាតិមួយខ្សែនេះ នឹងត្រូវប្រើប្រាស់ប្រាក់កម្ចីពី ប្រទេសចិន ដូចគ្នានឹងគម្រោងកែលម្អឡើងវិញនូវផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ផងដែរ។

សូមបញ្ជាក់ថា គម្រោងដាក់កាមេរ៉ាចាប់ល្បឿននេះ ធ្វើឡើងបន្ទាប់ពីនៅតាមបណ្តោយផ្លូវ ជាតិលេខ៣ ដែលមានប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ បាននិងកំពុងបំពាក់កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន១៤ កន្លែង។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងបន្ថែមថា ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ក៏គ្រោងបំពាក់កាមេរ៉ាចាប់ល្បឿនយានយន្តផងដែរ ក្រោយពីផ្លូវនេះធ្វើការ កែលម្អ ឡើងវិញរួចរាល់៕


អត្ថបទទាក់ទង