ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរ និងប្រជាពលរដ្ឋ រីករាយជាមួយសមិទ្ធផលផ្លូវជាតិលេខ៣ ដែលត្រូវបានពង្រីក និងលើកកម្ពស់គុណភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 39

កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង ១៣៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលចោមចៅ ដល់ទីរួមខេត្តកំពត នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ស្អែកនេះហើយ បន្ទាប់ពីចំណាយពេលសាងសង់រយៈពេលជិត៣ឆ្នាំ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

កំណាត់ផ្លូវជាតិលេខ៣ តភ្ជាប់ភ្នំពេញ ទៅកាន់ខេត្តកំពត ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ និងកំពង់ស្ពឺផងដែរ។ កំណាត់ផ្លូវជាតិលេខ៣ ត្រូវបានមើលឃើញថា ជាផ្លូវផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ។

ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ បានសម្តែងនូវការស្វាគមន៍ប្រកបដោយក្តីរីករាយចំពោះការពង្រីក និងលើកកម្ពស់គុណភាពផ្លូវមួយខ្សែនេះ។ លោក សោ ស៊ីណា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបាទី ខេត្តតាកែវ បានរំលឹកថា កំណាត់ផ្លូវជាតិលេខ៣នេះ ក្រោយពេលរំដោះឆ្នាំ១៩៧៩ ជាផ្លូវដីសម្រាប់បររទេះគោមានសភាពតូច ហើយពិបាកធ្វើដំណើរជាខ្លាំង។ តែរាជរដ្ឋាភិបាល បានកែលំអរជាបន្តបន្ទាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្រាប់លោក សោ ស៊ីណា ការកែលំអរកំណាត់ផ្លូវជាតិលេខ៣ ដោយពង្រីកឱ្យកាន់តែធំ និងចាក់កៅស៊ូក្រាស់នេះ គឺបានជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយផ្តល់ចំណេញច្រើន ដោយកាត់បន្ថយថេរវេលាធ្វើដំណើរ កាត់បន្ថយថ្លៃសាំងយានយន្តជាដើម។ ប្រជាពលរដ្ឋស្រុកបាទីរូបនេះ បានមើលឃើញថា ការកែលំអរផ្លូវជាតិលេខ៣ នឹងរួមចំណែកឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរ។

កំណាត់ផ្លូវជាតិលេខ៣នេះ ឆ្លងកាត់ខេត្តតាកែវប្រវែងប្រមាណ ៣០គីឡូម៉ែត្រ។ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា ការកែលំអរកំណាត់ផ្លូវជាតិលេខ៣ មិនត្រឹមតែរួមចំណែកឱ្យជីវភាពពលរដ្ឋខេត្តតាកែវកាន់តែប្រសើរទេ តែក៏នឹងរួមចំណែកទាក់ទាញអ្នកវិនិយោគបណ្តាក់ទុនបង្កើតរោងចក្រសហគ្រាសក្នុងខេត្តផងដែរ។

តំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តតាកែវ លោក អ៊ូច ភា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតាំងគិតគូរដល់ប្រជាពលរដ្ឋ និងបានកែលំអរកំណាត់ផ្លូវជាតិលេខ៣នេះ។

កំណាត់ផ្លូវជាតិលេខ៣ ត្រូវបានសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានរដ្ឋាភិបាលចិន និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២១៥លានដុល្លារអាមេរិក។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវនេះត្រូវបានសាងសង់ត្រឹមត្រូវតាមបច្ចេកទេសដែលបានសន្យា។ បើមិនមានការដឹកជញ្ជូនលើសទម្ងន់កំណត់ទេនោះ ផ្លូវនេះអាចប្រើប្រាស់បានរយៈពេលជាង១០ឆ្នាំ។

ក្នុងឱកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣នេះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែទាំងផ្លូវ ជាពិសេសនៅតាមផ្សារមិនត្រូវចោលសំរាម ចាក់ទឹកលើផ្លូវ មិនត្រូវយកចិញ្ចើមផ្លូវធ្វើកន្លែងលក់ដូរជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបញ្ច្រាស់ផ្លូវ បើកបរតាមល្បឿនកំណត់ ពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ។ លោកក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តដឹកទំនិញ ត្រូវបើកលើគន្លងផ្លូវយឺត មិនត្រូវបើកលើគន្លងផ្លូវលឿននោះឡើយ៕ Fresh News

លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល

អត្ថបទទាក់ទង