ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ បង្ហើបដំណឹងល្អសម្រាប់ក្រុមជម្រើសជាតិ ក្នុងការប្រមូលផ្ដុំ និងការប្រកួតអន្ដរជាតិ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ កីឡា - សុខភាព 32
ក្រសួងអប់រំ បង្ហើបដំណឹងល្អសម្រាប់ក្រុមជម្រើសជាតិ ក្នុងការប្រមូលផ្ដុំ និងការប្រកួតអន្ដរជាតិ ក្រសួងអប់រំ បង្ហើបដំណឹងល្អសម្រាប់ក្រុមជម្រើសជាតិ ក្នុងការប្រមូលផ្ដុំ និងការប្រកួតអន្ដរជាតិ

(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហើបដំណឹងដ៏ល្អមួយសម្រាប់ក្រុមជម្រើសជាតិ ទាំងគ្រូបង្វឹក កីឡាករ-កីឡាការិនី និងថ្នាល ក្នុងការប្រមូលផ្ដុំហ្វឹកហាត់ និងការចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា ដោយក្រសួងកំពុងរៀបចំគោលការណ៍ដំឡើងប្រាក់រង្វាន់ជាច្រើន ព្រមទាំងមានការបែងចែកទៅតាមប្រភេទកីឡានីមួយៗផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តថវិកាគាំទ្ររបស់សហព័ន្ធកីឡាជាតិកាលពីថ្មីៗ លោកបានគូសបញ្ជាក់ថា បន្ទាប់ពីក្រសួងអប់រំ បានស្ដាប់កង្វល់មួយចំនួន ពីគ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិ និងថ្នាល ថាការប្រមូលផ្ដុំ ថវិកាគឺបានតិច ហើយបើធៀបកម្មករកម្មការិនី ប្រាក់ឧបត្ថម្ភក្រុមជម្រើសជាតិ ក៏នៅក្រោមដែរ។ ហេតុនេះទើបក្រសួង ធ្វើការកែសម្រួលគោលការណ៍ថ្មី។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលថា «ឥលូវជារួម(ខ្ញុំមិនលម្អិតទេ) យើងមានការបង្កើនគោលការណ៍ថ្មី និងមានការសំណូមពរឲ្យបង្កើន ទី១- អ្នកខ្លះឡើងដល់ ២កន្លះ ឬ ៣ ឬ ៤ ហើយអ្នកខ្លះឡើងដល់ ៥ ក៏មានដែរ សម្រាប់ប្រាក់ឧបត្ថម្ភហ្នឹង។ ទី២-ការទទួលជ័យលាភី ក៏ដូចគ្នាដែរ ដែលយើងកំពុងបែងចែកកីឡាអូឡាំពិក មិនអូឡាំពិក អាស៊ី អាស៊ាន និងស៊ីហ្គេមជាដើម»។

ប៉ុន្ដែទន្ទឹមជាមួយការកែសម្រួលគោលការណ៍ថ្មីនេះ លោកក៏ស្នើឲ្យមានការយោគយល់ពីសហព័ន្ធ ឬកីឡាខ្លះដែរ ដ្បិតការកែសម្រួលនេះ អាចអ្នកខ្លះបានតិច អ្នកខ្លះបានច្រើន។ លោកថា «យើងសូមឲ្យមានការយោគយល់ ព្រោះកីឡាមួយចំនួនកែទៅ អ្នកខ្លះបានច្រើនជាងអ្នកនោះ ប៉ុន្ដែសូមឲ្យយោគយល់ ព្រោះកីឡាមួយចំនួនមានសក្ដានុពល មានន័យថា មានការពេញចិត្ត មានចំណង់ចំណូលចិត្តច្រើន ហើយសក្ដានុពលធំបំផុត គឺអាចឈានទៅយកមេដាយមាសស៊ីហ្គេម ឆ្នាំ២០២១ និងឆ្នាំ២០២៣។ ចឹងឥឡូវនេះ យើងកំពុងកែសម្រួលការងារនេះ»។

យ៉ាងណាមិញ ចំពោះគោលការណ៍ថ្មី ក្នុងការដំឡើងប្រាក់ឧបត្ថម្ភដល់គ្រូបង្វឹក កីឡាករ-កីឡាការិនី និងថ្នាល ជម្រើសជាតិកម្ពុជានេះ នៅមិនទាន់មានការប្រកាសជាផ្លូវការនោះទេ។ ប៉ុន្ដែតំណាងសហព័ន្ធកីឡាជាតិ ដែលបានចូលរួមកិច្ចប្រជុំខាងលើ សុទ្ធតែបានសម្ដែងការពេញចិត្ត និងសាទរ ក្រោយទទួលបានដំណឹងល្អនេះ ហើយសង្ឃឹមថា កីឡាករ-កីឡាការិនីទាំងអស់ នឹងបង្កើនការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីតបស្នង ចំពោះការយកចិត្តទុករបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលផងដែរ៕

អត្ថបទទាក់ទង